ធនាគារ ABA គឺជាធនាគារពាណិជ្ជដ៏ធំបំផុតមួយនៅកម្ពុជាដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនិងជាធនាគារឈានមុខគេមួយនៅកម្ពុជាលើការផ្ដល់សេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែបដល់ប្រជាជនកម្ពុជានិងអាជីវកម្មក្នុងស្រុកដើម្បីពង្រីកសក្ដានុពលអាជីវកម្មនិងជំរុញកំណើនសេដ្ឋកិច្ច។
ជាក់ស្ដែងបើយោងតាមរបាយការណ៍ដែលមិនទាន់ធ្វើសវនកម្ម នៅត្រឹមឆមាសទីមួយឆ្នាំ២០២៤នេះ ធនាគារ ABA មានទ្រព្យសកម្មប្រមាណជាង១២.៣ពាន់លានដុល្លារកើនឡើងចំនួន១៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣កន្លងទៅ។ សម្រាប់ឆមាសទីមួយឆ្នាំ២០២៤ ធនាគារ ABA រកស៊ីចំណេញបាន១៦៦.២លានដុល្លារដែលស្មើនឹងកំណើន២១%ធៀបនឹងឆ្នាំ២០២៣។
នៅក្នុងនោះដែរចំនួនប្រាក់បញ្ញើរបស់ABA បានឡើងដល់៩.៨ពាន់លានដុល្លារដែលកើនឡើងចំនួន២០%ខណៈក្នុងឆ្នាំ២០២៣ប្រាក់បញ្ញើមានចំនួន៨.២ពាន់លានដុល្លារ។ ចំណែកប្រាក់កម្ចីដុលកើនឡើងដល់៨.៣ពាន់លានដុល្លារដែលស្មើនឹងកំណើន១៤%ធៀបនឹងឆ្នាំ២០២៣កន្លងទៅនេះ។
លើសពីនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺចំនួនគណនីអតិថិជនមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ពោលគឺត្រឹមត្រីមាសទីមួយឆ្នាំ២០២៤នេះចំនួនគណនីអតិថិជនរបស់ABAឡើងដល់៣.៩លានគណនីដោយកើនឡើងរហូតដល់ទៅ៣២%។
ដោយផ្តោតការយកចិត្តទុកដាក់ឥតងាករេលើនវានុវត្តន៍ សេវាបម្រើអតិថិជន បច្ចេកវិទ្យា និងស្ថិរភាព ABA ស្ថិតនៅក្នុងជំហរដ៏រឹងមាំ ជាមួយឱកាសច្រើនក្នុងការបម្រើ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងនាមជាធនាគារពាណិជ្ជធំជាងគេ ABA គាំទ្រយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចបន្ថែមទៀត។ ការប្តេជ្ញាចិត្តឥតងាករេនេះ រួមបញ្ចូលគំនិតផ្តួចផ្តើមជាច្រើនរបស់រដ្ឋាភិបាល ដូចជា យុទ្ធសាស្ត្របញ្ចកោណ ជាមួយការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ ABA ចំពោះគោលដៅយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល៕