ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា បានទទួលការអនុម័តសម្រាប់ការបន្ថែមដើមទុនចំនួន ២២០ លានដុល្លារ ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ខ្លួន។ ខណៈការបន្ថែមដើមទុនថ្មីនេះ បានធ្វើឲ្យមូលធនសរុបរបស់ភាគហ៊ុនិក សម្រេចឈានដល់ ២.២ ពាន់លានដុល្លារអាមេរិក ដោយពង្រឹងជំហរ របស់ខ្លួនជាតួអង្គនាំមុខគេ នៅក្នុងវិស័យធនាគាររបស់កម្ពុជា។
បើតាមការបញ្ជាក់របស់ធនាគារនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា ការបន្ថែមដើមទុនថ្មីនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពហិរញ្ញវត្ថុរបស់ ABA ឲ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានគាំទ្រដល់ចក្ខុវិស័យរបស់ធនាគារ សម្រាប់កំណើនប្រកបដោយចីរភាព និងនវានុវត្តផងដែរ។ ជាមួយនឹងមូលដ្ឋានដើមទុនកើនឡើងដ៏ធំនេះ ធនាគារស្ថិតក្នុងជំហរដ៏រឹមាំ អាចគ្រប់គ្រងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ដោយធានាបាននូវស្ថិរភាព និងភាពធន់របស់ខ្លួន ក្នុងទិដ្ឋភាពហិរញ្ញវត្ថុរបស់កម្ពុជា។
ដើមទុនថ្មីនេះនឹងពន្លឿនបន្ថែមដល់ការវិនិយោគរបស់ ABA នៅក្នុងបច្ចេកវិទ្យាទំនើប ពង្រឹងសេវាធនាគារឌីជីថលរបស់ខ្លួន និងគាំទ្រដល់ភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម។ ដោយផ្តោតលើផ្នែកអាទិភាពទាំងនេះ ABA មានគោលបំណងផ្ដល់អានុភាពដល់បណ្ដាអាជីវកម្មក្នុងស្រុក និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅគ្រប់វិស័យ ខណៈដែលខ្លួនបន្តបម្រើអតិថិជនជាមួយសេវាធនាគារកាន់តែងាយស្រួលប្រើប្រាស់ មានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ជាលំដាប់។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ថា “ការបង្កើនដើមទុននេះ គឺជាឧទាហរណ៍ជាក់ស្ដែងមួយនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងសេដ្ឋកិច្ចជាតិ ដោយសារទំនុកចិត្តជាបន្តបន្ទាប់របស់ភាគហ៊ុនិកយើង មកលើប្រទេសកម្ពុជា និងលើ ABA ផ្ទាល់។ ការបន្ថែមដើមទុននេះអាចឲ្យយើងបន្តផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម រក្សាការវិនិយោគជាបន្ដបន្ទាប់លើបច្ចេកវិទ្យាទំនើបៗ និងផ្តល់សេវាកម្មហិរញ្ញវត្ថុល្អឯក ខណៈដែលខ្លួនកំពុងរួមចំណែកដល់វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា”។
សូមជម្រាបថា បច្ចុប្បន្ននេះ ធនាគារ ABA បាននិងកំពុងបម្រើអតិថិជនជាង ៤ លាននាក់ ដោយក្នុងនោះ ៣.៨ លានជាអ្នកប្រើប្រាស់កម្មវិធី ABA Mobile។ ជាមួយនេះក៏បានបង្កើតឱកាសការងារជាង ៩៣០០ នាក់ ខណៈធនាគារផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្ដុះបណ្ដាល បំពាក់បំប៉នបុគ្គលិក និងលើកកម្ពស់វប្បធម៌នៃការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕


