ក្រុមហ៊ុនអេវ័ន្តប្លាស្ទិក (A1-Plastic) ដែលជាក្រុមហ៊ុនជំនាញលើការផលិត និងចែកចាយផលិតផលប្លាស្ទិក ដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។

យោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ដ នៅក្នុងពីធីបើកការដ្ឋានខាងលើ ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកស្រី Deborah Lee នាយិកាប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន A1-Plastic, ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា, ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាភ្ញៀវកិត្តិយស, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
សូមជម្រាបថា គម្រោងនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្ដសាត់។ ខណៈរោងចក្រថ្មីនេះ ក្រុមហ៊ុន A1-Plastics បានចំណាយទុនគ្រោង២៩លានដុល្លារ ក្នុងការចាប់ផ្តើមវិនិយោគកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET មានគុណភាពខ្ពស់ ស្របតាមស្តង់ដាពិភពលោក សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ឈានទៅប្រែក្លាយបញ្ហាប្រឈមផ្នែកបរិស្ថាន ទៅជាធនធានសេដ្ឋកិច្ច សម្រាប់ព្រះរាជាណាចក្រកម្ពុជា៕






