ប្លែកខុសគេ! បុរសម្នាក់ប្រែក្លាយខោអាវដែលគេបោះចោលរកលុយបាន 6.5លានដូល្លារ ក្នុងមួយឆ្នាំ តាមក្បួនទាំង ៥ នេះ
Pen SodalenSEPTEMBER 10 2026203 views

តើអ្នកធ្លាប់គិតទេថា សម្លៀកបំពាក់ជជុះដែលគេបោះចោល អាចប្រែក្លាយទៅជាអាជីវកម្មដែលមានតម្លៃរាប់លានដុល្លារបាន? នៅក្នុងពិភពអាជីវកម្មបច្ចុប្បន្ន ការស្វែងរកឱកាសចេញពីចំណុចសូន្យ គឺជាមេរៀនដ៏មានតម្លៃបំផុតសម្រាប់សហគ្រិនគ្រប់រូប។ រឿងរ៉ាវរបស់ លោក Rick Senko បុរសអាយុ ៤១ឆ្នាំដែលធ្លាប់ជាឪពុកវ័យក្មេងអាយុ ១៨ឆ្នាំដែលគ្មានការងារធ្វើ គឺជាឧទាហរណ៍ជាក់ស្តែងនៃការប្រែក្លាយវិបត្តិឱ្យទៅជាឱកាស។ តាមរយៈការតស៊ូ និងការផ្លាស់ប្តូរយុទ្ធសាស្ត្រយ៉ាងឆ្លាតវៃ គាត់បានសាងអាណាចក្របោះដុំខោអាវជជុះ B2B ដែលរកប្រាក់ចំណូលបានរហូតដល់ $6.5 លានដុល្លារក្នុងមួយឆ្នាំ។ ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រ និងវិធីសាស្ត្រសំខាន់ៗទាំង ដែល Rick Senko បានប្រើប្រាស់ដើម្បីបង្កើតជោគជ័យដ៏អស្ចារ្យនេះ។

 

១. ចាប់ផ្តើមពីតូច និងតេស្តទីផ្សារ

 

លោក​ Rick Senko បានចាប់ផ្តើមអាជីវកម្មដំបូងដោយការសង្កេតមើលចន្លោះប្រហោងនៃតម្លៃទំនិញនៅលើទីផ្សារអនឡាញ។ នៅពេលដែលទូរស័ព្ទដៃរបស់គាត់ខូច គាត់បានទិញទូរស័ព្ទដៃមួយទឹកពីគេហទំព័រ Craigslist ក្នុងតម្លៃ ៣៥ ដុល្លារ ហើយយកទៅចុះលក់ឡើងវិញលើ eBay ក្នុងតម្លៃ ៧០ ដុល្លារ ដោយទទួលបានប្រាក់ចំណេញទ្វេដងភ្លាមៗក្នុងថ្ងៃតែមួយ។ បន្ទាប់ពីធ្វើបែបនេះលើឧបករណ៍អេឡិចត្រូនិកជាច្រើនឆ្នាំ គាត់បានកត់សម្គាល់ឃើញថាឧបករណ៍អេឡិចត្រូនិកឆាប់ធ្លាក់ថ្លៃ និងមានការប្រកួតប្រជែងខ្លាំង។ ហេតុនេះហើយ គាត់ក៏បានសម្រេចចិត្តផ្លាស់ប្តូរទៅកាន់ទីផ្សារសម្លៀកបំពាក់ជជុះ ដែលជាប្រភពទំនិញដែលមានតម្រូវការប្រចាំថ្ងៃ ដើមទុនទាប និងមានការផ្គត់ផ្គង់ជារៀងរាល់ថ្ងៃ។

 

២. ជ្រើសរើសទំនិញ

 

នៅក្នុងដំណាក់កាលពង្រីកការលក់រាយ លោក Senko បានសិក្សាយ៉ាងស៊ីជម្រៅទៅលើប្រភពទំនិញ ដោយជ្រើសរើសផ្តោតលើម៉ាកសម្លៀកបំពាក់ដែលមានតម្រូវការខ្ពស់ប្រចាំថ្ងៃដូចជា Nike, Ralph Lauren, Patagonia, និង Abercrombie & Fitch ព្រមទាំងម៉ាក Luxury ដូចជា Burberry និង Hermès។ គាត់បានរៀបចំប្រព័ន្ធថតរូប ការដាក់តម្លៃ និងការបង្ហោះទំនិញលក់ រហូតធ្វើឱ្យហាង eBay របស់គាត់មានទំនិញដាក់លក់លើសពី ៥០,០០០ មុខជាប្រចាំ។ ប្រព័ន្ធលក់រាយនេះបានជួយឱ្យគាត់លក់ចេញសម្លៀកបំពាក់បានចាច្រើន​ ​ដែលអាចទាញយកចំណូលបានរហូតដល់ ២.៥ លានដុល្លារ ព្រមទាំងក្លាយជាហាងលក់សម្លៀកបំពាក់បុរសជជុះលេខ ១ លើ eBay

 

 

6650bffaa961b37edf39c3b9

 

 

៣. ផ្លាស់ប្តូរម៉ូដែលអាជីវកម្ម

 

ថ្វីបើការលក់រាយផ្ទាល់ រកចំណូលបាន ២.៥ លានដុល្លារក៏ដោយ ប៉ុន្តែការថតរូប រៀបរាប់លក្ខណៈទំនិញ ឆ្លើយសារ និងខ្ចប់អីវ៉ាន់រាប់ម៉ឺនប្រអប់ម្នាក់ឯងបានក្លាយជាឧបសគ្គធំនៅក្នុងអាជីវកម្មរបស់លោក។ ដើម្បីដោះស្រាយបញ្ហានេះ Senko បានធ្វើការសម្រេចចិត្តដ៏សំខាន់មួយដោយប្តូរទៅជាអាជីវកម្មបោះដុំ B2B ដោយលក់ទំនិញជាកញ្ចប់ធំៗម្តង ១,០០០ ខោអាវទៅឱ្យអ្នកយកទៅលក់បន្តផ្សេងៗទៀត។ ការធ្វើបែបនេះបានជួយឱ្យគាត់រុញការលក់រាយ និងការខ្ចប់អីវ៉ាន់ទៅឱ្យអ្នកលក់បន្តធ្វើចំពេលដែលរូបគាត់ផ្ទាល់ផ្តោតលើតែការប្រមូលទំនិញធំៗ និងបោះដុំប៉ុណ្ណោះ   ដែលយុទ្ធសាស្ត្រនេះបានជួយឱ្យចំណូលរបស់គាត់បានរកបានរហូតដល់ ៦.៥ លានដុល្លារក្នុងមួយឆ្នាំ។

 

៤. ជំនាញស្វែងរក និងពិនិត្យមើលគុណភាពទំនិញ

 

ដើម្បីទ្រទ្រង់អាជីវកម្មបោះដុំដ៏ធំនេះ Senko ត្រូវភ្ញាក់ពីគេងមុនម៉ោង ៦:០០ ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីទៅកាន់ផ្សារដេញថ្លៃ Flea Markets និងកន្លែងទិញទំនិញជជុះមុនគេបង្អោះ។ គាត់មានជំនាញច្បាស់លាស់ក្នុងការស្វែងរកទំនិញចំណេញខ្ពស់ ដូចជាការទិញអាវរងា Burberry ក្នុងតម្លៃ $40 យកទៅលក់បាន $250–$300 ឬការទិញស្បែកជើង Hoka មកលក់បន្តជាដើម។ បន្ថែមពីនេះ គាត់មានជំនាញស្កែនមើលទំនិញក្លែងក្លាយយ៉ាងស្ទាត់ជំនាញ ដោយពិនិត្យមើលគុណភាពដេរ ឡូហ្គោ និងផ្ទៀងផ្ទាត់លេខ RN នៅលើស្លាកខាងក្នុងដើម្បីធានាថាទំនិញទាំងអស់ដែលគាត់បោះដុំជាទំនិញសុទ្ធ ១០០%។

 

៥. យុទ្ធសាស្ត្រឈ្នះ-ឈ្នះ និងវិន័យការងារ

 

ភាពជោគជ័យយូរអង្វែងរបស់ លោកSenko គឺផ្អែកលើទស្សនវិជ្ជាអាជីវកម្មបែប ឈ្នះ-ឈ្នះ ដោយគាត់មិនដែលបង្ខំទម្លាក់ថ្លៃទិញពីអ្នកលក់តូចតាចនៅតាមផ្សារជជុះខ្លាំងពេកនោះទេ  ព្រោះដើម្បីធានាថាអ្នកលក់ទាំងនោះទទួលបានប្រាក់ចំណេញ និងបន្តនាំយកទំនិញល្អៗមកលក់ឱ្យគាត់ជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនេះ  ការតស៊ូដែលកើតចេញពីប្រវត្តិគ្រួសារក្រីក្រ និងការក្លាយជាឪពុកគេទាំងវ័យក្មេង វាបានបង្កើតជាវិន័យការងារដែលធ្វើអោយលោករឹងមាំ ដោយគាត់បានធ្វើការជារៀងរាល់ថ្ងៃឥតឈប់ឈរជិត ២០ ឆ្នាំដើម្បីរក្សាការផ្គត់ផ្គង់អាជីវកម្មរបស់គាត់ឱ្យដំណើរការ និងរីកចម្រើនទៅមុខជានិច្ច។

 

 

ជាចុងក្រោយ ដំណើរជោគជ័យ $6.5 លានដុល្លាររបស់ លោក​ Rick Senko បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ជោគជ័យដ៏អស្ចារ្យមិនមែនកើតឡើងដោយចៃដន្យ ឬផ្អែកលើសំណាងនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការយល់ដឹងពីទីផ្សារ ការហ៊ានផ្លាស់ប្តូររ​បៀបអាជីវកម្មឱ្យត្រូវតាមកាលៈទេសៈ និងវិន័យការងារ។ ពីការលក់ទូរស័ព្ទដៃខូចមួយគ្រឿង រហូតដល់ការគ្រប់គ្រងការផ្គត់ផ្គង់សម្លៀកបំពាក់ជជុះ   គាត់បានឱ្យយើងឃើញថា សូម្បីតែទំនិញដែលគេមើលរំលង ក៏អាចក្លាយជាអាជីវកម្មរាប់លានបានដែរ ប្រសិនបើយើងមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ និងទស្សនវិជ្ជាធ្វើអាជីវកម្មបែបឈ្នះ-ឈ្នះនោះ។

ប្រភពពី : CNBC Make It

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia