បាតុភូតតារាសាស្រ្ត រាហ៊ូចាប់ចន្ទ្រ (ចន្ទគ្រាស) មួយចំហៀង ដំបូងគេក្នុងឆ្នាំនេះនឹងបង្ហាញខ្លួននាថ្ងៃទី០៥ ខែឧសភា ខណៈព្រះចន្ទនឹងគោចរចូលក្នុងតំបន់ងងឹតខាងក្រោយរបស់ផែនដី អាចមើលឃើញច្បាស់ដោយភ្នែកទទេ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Space.com ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។
បាតុភូតចន្ទគ្រាស ឬដែលខ្មែរយើងនិយមហៅថា រាហ៊ូចាប់ចន្ទ្រ នេះនឹងចាប់ផ្ដើមលេចវត្តមានពីម៉ោង ២២:១៥នាទី នៃថ្ងៃទី០៥ ខែឧសភា (នៅកម្ពុជា) និងឈានដល់ចំណុចកំពូលនៅម៉ោង ០០:២៤នាទី ថ្ងៃទី០៦ ខែឧសភា ហើយបញ្ចប់នៅម៉ោង ០២:៣២នាទីក្នុងថ្ងៃដដែល នៅពេលព្រះចន្ទគោចរចេញផុតពីស្រមោលផែនដី។ ចំពោះទីតាំងអាចមើលឃើញពីគ្រប់ទិសដែលមានព្រះចន្ទស្ថិតនៅឯនាយជើងមេឃ រួមមានទ្វីបអង់តាក់ទិក ទ្វីបអាស៊ី រុស្ស៊ី ទ្វីបអូសេអានី តំបន់អាហ្វ្រិកខាងត្បូង និងអាហ្វ្រិកកណ្ដាល។
គួរជម្រាបផងដែរថា ដូចទៅនឹងប្រភេទនៃបាតុភូតរាហូចាប់ចន្រ្ទដទៃ ចន្ទគ្រាសមួយចំហៀងកើតឡើងដោយសារផែនដីគោចរឆ្លងកាត់តំបន់ចន្លោះរវាងព្រះចន្ទ និងព្រះអាទិត្យ។ ប្រការនេះធ្វើឱ្យពន្លឺដែលព្រះអាទិត្យជះទៅលើព្រះចន្ទត្រូវបាំងបិទដោយផែនដី គ្រាដែលស្រមោលរបស់ផែនដីជះទៅលើព្រះចន្ទ ហើយជាលទ្ធផល ព្រះចន្ទត្រូវងងឹតមួយផ្នែក មួយចំហៀង ឬងងឹតទាំងស្រុងទៅតាមទីតាំងរបស់ផែនដី ព្រះចន្ទ និងព្រះអាទិត្យ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)