បើនិយាយអំពីប្រទេសសិង្ហបុរី ដែលត្រូវបានគេប្រសិទ្ធនាមថាជាកូននាគអាស៊ី គេប្រាកដជានឹកឃើញពីសមត្ថភាពដឹកនាំដ៏អស្ចារ្យរបស់បិតាស្ថាបនិកសិង្ហបុរីគឺលោក លី ក្វាន់យូ។ បើទោះបីជាពេលនេះលោកបានលាចាកលោកទៅក៏ដោយ ប៉ុន្តែលោកក៏នៅបន្សល់នូវដំណក់ឈាមដ៏មានតម្លៃមួយ ដែលលោកធ្លាប់បានអប់រំទូន្មានប្រៀនប្រដៅតាំងពីដើមមក ដើម្បីឆ្លាក់អ្នកបន្តវេនគឺ លោក លី សៀនឡុង ឱ្យបន្តក្លាយជាមនុស្សខ្លាំងដើម្បីបន្តដឹកនាំប្រទេសឱ្យមានភាពរីកចម្រើនជានិរន្តរ៍។
កើតនៅថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ១៩៥២ លោក លី សៀនឡុង (Lee Hsien Loong) បច្ចុប្បន្នលោកគឺជាអ្នកនយោបាយ និងជានាយករដ្ឋមន្ត្រី ទី ៣ នៅក្នុងប្រទេសសិង្ហបុរី ។ លោកលី សៀនឡុង គឺជាកូនប្រុសច្បងរបស់ បិតាស្ថាបនិកប្រទេសសិង្ហបុរី នាយករដ្ឋមន្ត្រីទីមួយសិង្ហបុរីគឺលោក លី ក្វាន់យូ ដែលជាមេដឹកនាំខ្លាំងពូកែ និងឆ្នើមបំផុតបើប្រៀបធៀបជាមួយមេដឹកនាំផ្សេងៗទៀតនៅជុំវិញពិភពលោក ។
បើនិយាយអំពីក្បួនក្នុងការអប់រំកូនរបស់លោក លី ក្វាន់យូ គឺក្នុងនាមជាបុគ្គលម្នាក់ច្បាស់លាស់ក្នុងការងារ ម៉ឺងម៉ាត់ មានវិន័យខ្ពស់ចំពោះខ្លួនឯង និងការដឹកនាំមនុស្សជុំវិញខ្លួនគឺ៖ លោកតែងបង្រៀនកូនឱ្យចេះអត់ធ្មត់ មិនរួញរានិងត្រូវតែខំប្រឹងធ្វើកិច្ចការងារលំបាករាល់ថ្ងៃ ហ៊ានធ្វើរឿងប្លែកៗខុសពីគេ និងខំប្រឹងឱ្យអស់ពីសមត្ថភាពចំពោះកិច្ចការងារនានា បើទោះបីជាខ្លួនមិនចូលចិត្តធ្វើក៏ដោយ។
លោក លី សៀនឡុង ដែលត្រូវជាកូនប្រុស ធ្លាប់បានលើកឡើងថាឪពុករបស់ខ្ញុំ (លោក លី ក្វាន់យូ) គាត់មិនត្រឹមតែហ្មត់ចត់ ក្នុងការងារប្រទេសជាតិនោះទេ សូម្បីតែក្នុងគ្រួសារក៏ឳពុកលោក រៀបចំ និងចាត់ចែងបានយ៉ាងហ្មត់ចត់បំផុតផងដែរ ។ កាលលោកនៅក្មេង លោកឳពុកបានអប់រំ ប្រៀនប្រដៅ និងឱ្យខ្ញុំធ្វើរឿងប្លែកៗ កិច្ចការលំបាកៗ ស្ទើររៀងរាល់ថ្ងៃ ។ ពេលខ្លះក៏មានអារម្មណ៍ថា ឪពុកហាក់ដូចជាមិនស្រឡាញ់កូន ដូចឪពុកគេដ៏ទៃសោះ ទើបបានជាចូលចិត្តនាំកូនធ្វើតែរឿងគួរឱ្យធុញទ្រាន់ និងហត់នឿយបែបនេះ ។
លោក លី បានបន្តទាំងញញឹមថា ខ្ញុំកាលនោះខ្ញុំនៅក្មេង ខ្ញុំមិនដឹងរឿងក្ដៅត្រជាក់ រាក់ជ្រៅ មិនដឹងពីគោលដៅទាល់តែសោះ។ អ្វីដែលគួរឱ្យចង់សើចបំផុតនោះគឺ ខ្ញុំតែងតែលួចខឹងឪពុក ដែលនាំកូនធ្វើរឿងនេះ រឿងនោះ មិនចេះចប់មិនចេះហើយសោះ ។ តាមពិត ឪពុករបស់លោកមានបំណងហាត់ពត់ លុតដំលោក តាំងតែពីក្មេងសោះ ហើយគោលបំណងគាត់ គឺចង់ឃើញ កូនមានអនាគត ក្លាយជាអ្នកដឹកនាំឆ្នើម បន្តថែរក្សាប្រទេស និងប្រជាជនសិង្ហបុរី បន្ទាប់ពីគាត់ ។
មេរៀនដ៏មានតម្លៃដែលឪពុករបស់លោកចង់បង្ហាត់បង្រៀនគឺ ឱ្យចេះអត់ធ្មត់ និងចេះស៊ូទ្រាំ ជាមួយនឹងការលំបាកឱ្យបានខ្លាំងបំផុត ព្រោះការក្លាយជាមេដឹកនាំប្រទេស គឺមិនមែនធ្វើកិច្ចការងារអ្វីមួយ ដែលតម្រូវតាមចិត្តយើងចង់ធ្វើ ឬស្រលាញ់ចូលចិត្តកិច្ចការងារនោះគ្រប់ពេលវេលានោះទេ។ ពេលខ្លះយើងត្រូវតែធ្វើកិច្ចការងារណាមួយជាចាំបាច់ បើទោះបីជាការងារនោះ យើងមិនចូលចិត្តធ្វើវាក៏ដោយ នេះហើយជាមេរៀនដែលឪពុកបង្រៀនកូនប្រុសឱ្យក្លាយជាមនុស្សរឹងមាំ ក្លាយជាមេដឹកនាំប្រទេសឆ្នើមម្នាក់៕