នៅក្នុងបរិបទទីផ្សារបច្ចុប្បន្ន ការផ្គត់ផ្គង់ផលិតផលទឹកដោះគោ និងផលិតផលកែច្នៃដូចជាឈីស និងយ៉ាអ៊ួរ នៅក្នុងប្រទេសកម្ពុជា ភាគច្រើនលើសលប់តែងតែពឹងផ្អែកលើការនាំចូលពីបរទេស។ ប្រជាជនភាគច្រើន និងម្ចាស់អាជីវកម្មធំៗតែងមានទម្លាប់ជឿជាក់លើស្តង់ដារ និងគុណភាពនៃទំនិញនាំចូល។ ប៉ុន្តែ ទម្លាប់ទាំងនេះបានចាប់ផ្តើមផ្លាស់ប្តូរជាបណ្តើរៗ នៅពេលដែលសហគ្រិនស្រ្តីវ័យក្មេងក្នុងស្រុកអ្នកស្រី យ៉ន សុផាន់ណែត និងស្វាមី បានរួមគ្នាកសាងប្រ៊ែន «MilKH Foods» ដែលជាផលិតផលឈីស និងយ៉ាអ៊ួរស្រស់ កែច្នៃឡើងដោយស្នាដៃកូនខ្មែរផ្ទាល់។ តាមរយ: បទសម្ភាសន៍ជាមួយ Business Cambodia បានចែករំលែកនូវបទពិសោធន៍នៃការចាប់ផ្តើម អាជីវកម្មរហូតមានការគាំទ្រខ្លាំងនៅក្នុងទីផ្សារនៅក្នុងស្រុក។
១. ការចាប់ផ្តើម ដំបូង និង ឧបសគ្គ
លោកស្រីបានប្រាប់ថា MilKH Foods ចាប់ផ្តើមចេញពីក្តីស្រមៃ និងការលះបង់របស់ អ្នកស្រី យ៉ន សុផាន់ណែត ជាស្ថាបនិក និងស្វាមីជាជនជាតិបរទេស ដែលមានជំនាញខាងម្ហូបអាហារអ៊ីតាលី ដោយបានចាប់ផ្តើមធ្វើតេស្តផលិតផលដំបូងនៅខែកក្កដា ឆ្នាំ២០២៣។ នៅដំណាក់កាលដំបូង សហគ្រាសតូចមួយនេះមានបុគ្គលិកត្រឹមតែ ២ នាក់ប៉ុណ្ណោះ គឺរូបពួកគាត់ទាំងពីរនាក់ ដោយផលិតបានត្រឹមតែ ៣០ គីឡូក្រាមក្នុងមួយថ្ងៃ តាមរយៈការកូរកែច្នៃគ្រឿងផ្សំដោយដៃផ្ទាល់ ព្រមទាំងជិះម៉ូតូដឹកជញ្ជូនឱ្យអតិថិជន និងហាងនានាដោយខ្លួនឯងទៀតផង។ ទន្ទឹមនឹងនេះ ពួកគាត់ត្រូវប្រឈមមុខនឹងការបដិសេធ និងការមើលងាយពីម្ចាស់ហាងមួយចំនួនដែលមិនជឿជាក់លើគុណភាពផលិតផលស្រុកស្រុកឡើយ ព្រមទាំងត្រូវចំណាយពេលជិត ៦ ខែក្នុងការស្រាវជ្រាវ និងកែសម្រួលរូបមន្តឱ្យត្រូវមាត់អតិថិជនទៀតផង ប៉ុន្តែចំពោះគុណភាព និងការមិនចុះចាញ់ បានធ្វើឱ្យពួកគាត់បន្តជម្រុញអាជីវកម្មនេះទៅមុខយ៉ាងមានភាពរឹងមាំដល់ពេលបច្ជុប្បន្ន។
២. ផលិតផល និងអត្ថប្រយោជន៍ចំពោះសុខភាព
លោកស្រីបានបន្តទៀតថា MilKH Foods របស់លោកស្រីបានបង្កើតផលិតផលសំខាន់ៗចំនួន ៣ ប្រភេទដែលផ្អែកលើគុណភាព និងសុខភាពជាចម្បង រួមមាន យ៉ាអ៊ួរ ដែលផ្ទុកបាក់តេរីល្អជួយដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយជាតិខ្លាញ់, Burrata Cheese ដែលជាឈីសស្រស់បែបអ៊ីតាលីធ្វើពីទឹកដោះគោស្រស់ៗជារៀងរាល់ថ្ងៃ គ្មានការរក្សាទុក ហើយថែមទាំងផ្តល់នូវរសជាតិ Creamy ឈ្ងុយឆ្ងាញ់សម្រាប់ញ៉ាំជាមួយសាឡាត់ ឬប៉ាស្តា ម្យ៉ាងទៀតវាក៏ផ្តល់ប្រូតេអ៊ីនខ្ពស់រហូតដល់ ១៦ ក្រាម ក្នុងមួយកែវ ដែលវាស័ក្តិសមបំផុតសម្រាប់អ្នកហាត់ប្រាណ និងអ្នកថែរក្សាសុខភាព។

៣. សមិទ្ធផលរីកចម្រើន និងចក្ខុវិស័យនាពេលអនាគត
ឆ្លងកាត់ការខិតខំប្រឹងប្រែង MilKH Foods បានបង្កើនសមត្ថភាពផលិតពី ៣០ គីឡូក្រាម រហូតដល់ ៣០០ ទៅ ៤០០ គីឡូក្រាមក្នុងមួយថ្ងៃ និងបានបង្កើនចំនួនបុគ្គលិកកូនខ្មែរពី ២ នាក់ ដល់ជាង ២០ នាក់ ដោយបច្ចុប្បន្នមានវត្តមាននៅក្នុងផ្សារទំនើបធំៗដូចជា AEON, ផ្សារថៃហួត, និង ផ្សារទំនើបជាច្រើន និង ភោជនីយដ្ឋានជាង ២០០ កន្លែង ព្រមទាំងបានផ្លាស់ប្តូរមកប្រើប្រាស់ម៉ាស៊ីនបច្ចេកវិទ្យាទំនើបក្នុងការផលិត។ សម្រាប់ផែនការទៅអនាគត អ្នកស្រី យ៉ន សុផាន់ណែត និងស្វាមី បានមានគោលដៅបង្កើតរោងចក្រកែច្នៃទឹកដោះគោស្តង់ដារធំនៅក្នុងស្រុក ដើម្បីបង្កើតការងារជូនពលករខ្មែរ កាត់បន្ថយការនាំចូលពីបរទេស ព្រមទាំងគ្រោងបើកស្តង់លក់ភេសជ្ជៈស្រស់ នៅតាមតំបន់ទេសចរណ៍ និងមុខសាលារៀន ដើម្បីបន្តបេសកកម្មជំរុញឱ្យប្រជាជនកម្ពុជាងាកមកគាំទ្រផលិតផលក្នុងស្រុកយើងវិញ។

រឿងរ៉ាវជោគជ័យរបស់អ្នកស្រី យ៉ន សុផាន់ណែត និងប្រ៊ែន MilKH Foods គឺជាគំរូ និងកម្លាំងចិត្តដ៏ធំធេងសម្រាប់សហគ្រិនជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា។ ព្រោះវាបានបង្ហាញយ៉ាងច្បាស់ថា ឧបសគ្គ និងការមើលងាយមិនមែនជាបញ្ហានោះទេ ប៉ុន្តែវាជាការសាកល្បងការអត់ធ្មត់ទៅវិញទេ។ យើងជឿថាឱ្យតែមានការតាំងចិត្តខ្ពស់ ការយកចិត្តទុកដាក់លើគុណភាព និងភាពស្មោះត្រង់ចំពោះអតិថិជន នោះផលិតផលដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរនឹងឈរជើងយ៉ាងរឹងមាំ និង អាចប្រកួតប្រជែងជាមួយផលិតផលក្រៅស្រុកមិនខាន។
សម្រាប់បងប្អូនដែលដែលជាម្ចាស់ហាង ភោជនីយដ្ឋាន បើសិនជាចង់ធ្វើការទិញ សូមទាក់ទងមកកាន់ លេខទូរស័ព្ទ 098268669។


