និយាយដល់ដំណាំមនឬជាភាសាអង់គ្លេសគេហៅថា Mulberry ប្រាកដជាមានបងប្អូនខ្លះបានស្គាល់ថាជា ប្រភេទដំណាំម្យ៉ាងដែលគេនិយមដាំយកស្លឹកធ្វើជាចំណីដង្កូវនាង ផ្លែវាមានលក្ខណៈស្រដៀងទៅនឹងទំពាំងបាយជូរ ប៉ុន្ដែវាតូចជាងនិងពណ៍ខ្មៅលាយក្រហមតិចៗ មានរសជាតិជូរ-ផ្អែម ចំពោះបងប្អូនអ្នកខ្លះទៀត ក៏មិនទាន់បានស្គាល់នៅឡើយទេ ព្រោះថានៅស្រុកខ្មែរយើងមិនសូវជាមានអ្នកដំណាំនេះច្រើនប៉ុន្មានទេ។
តួយ៉ាងដើមមនរាប់ពាន់ដើមដុះលូតលាស់ផ្ដល់ផ្លែឡើងខ្មៅពេញដើម កំពុងមានវត្ដមាននៅ ភូមិ អូរពងមាន់ ឃុំ តាក្រៀម ស្រុក បាណន់ ខេត្ដបាត់ដំបង។ នៅលើផ្ទៃដីជាង ២ ហិកតា អ្នកស្រី ឡី ចាន់នី លម្ចាស់ចំការដំណាំកម្រនេះ អាចប្រមូលផលបានក្នុងមួយថ្ងៃ ៤០ គីឡូក្រាម (បេះមួយថ្ងៃ ខានមួយថ្ងៃ) និងលក់ផ្លែស្រស់បានមួយគីឡូ ៨ ដុល្លារ និងច្នៃផលិតជាទឹកមន មួយដប ៨០០០រៀលទៀត។
ថ្លែងប្រាប់ក្រុមការងារ Business Cambodia ក្នុងបទសម្ភាសន៍តាមរយៈទូរស័ព្ទ អ្នកស្រី ឡី ចាន់នី ដែលជាម្ចាស់ចំការមន បានមានប្រសាសន៍ថា “ខ្ញុំដាំមននេះរយៈពេល ២ ឆ្នាំមកហើយ ពីមុនខ្ញុំធ្លាប់តែស្គាល់មនដែលខ្មែរយើងនិយមដាំ ដើម្បីយកស្លឹកធ្វើជាចំណីដង្កូវនាង ប៉ុន្ដែបន្ទាប់ពីបងប្អូនខ្ញុំបានណែនាំឲ្យដាំ ទើបខ្ញុំដឹងថាពូជខុសគ្នា មួយជាពូជសម្រាប់ដាំយកស្លឹកហើយផ្លែវាមន មានលក្ខណៈតូចៗ ហើយចំណែកពូជដែលខ្ញុំដាំនេះ ជាប្រភេទពូជដាំយកផ្លែ តែពូជនេះមិនសូវមានអ្នកដាំនៅខ្មែរទេ ភាគច្រើនគេដាំនៅជប៉ុន កូរ៉េ ចិន និងនៅថៃជាដើម”។
ខណៈមិនសូវជាមានអ្នកស្គាល់ ដាំហើយអាចជួបហានិភ័យលក់មិនចេញ និងត្រូវនៅសល់ពេញចំការ។ តើមូលហេតុអ្វីបានជាម្ចាស់ចំការរូបនេះ សម្រេចចិត្ដដាំមន មិនខ្លាចថាគ្មានទីផ្សារលក់ចេញ? ត្រង់ចំណុចនេះ អ្នកស្រី ចាន់នី បានប្រាប់ឲ្យដឹងថា អ្នកស្រីមិនញញឺតដាក់ដាំដំណាំមននេះ ដោយសារតែប្អូនរបស់អ្នកស្រីបានប្រាប់ថា មនគឺមានសារៈប្រយោជន៍ច្រើនណាស់ ហើយបើបងប្អូនខ្មែរយើងបានដឹងប្រាកដជាមិនខ្លាចទិញញ៉ាំនោះទេ។
បន្ទាប់ពីលឺសម្ដីប្អូនបែបនេះអ្នកស្រីបានឲ្យកូនស្រាវជ្រាវមើលបន្ថែមពីអត្ថប្រយោជន៍របស់មនក្នុងអ៊ីនធើណេត ទើបដឹងថា មនមិនត្រឹមតែជាផ្លែឈើដែលមានរសជាតិឆ្ញាញ់នោះទេ ស្លឹក និងផ្លែរបស់វា សុទ្ធតែជាថ្នាំអាចព្យាបាលជំងឺជាច្រើនមុខ ដូចជា រដូវមិនទៀង ខ្វះគ្រាប់ឈាមក្រហមឧស្សាហ៍វិលមុខ ឈឺក្រពះ…។ ជាងនេះទៀតមនអាចលក់បានទាំងដើម ស្លឹក និងផ្លែ ដូច្នេះអ្នកស្រីជឿជាក់ថាដាំហើយបានផលនិងមិនខ្វះទីផ្សារលក់ទេ។
អាស្រ័យហេតុផលខាងលើអ្នកស្រីក៏សម្រេចចិត្ដទិញពូជពីប្រទេសថៃនិងដាំសាកល្បងប្រមាណជាង ១០០ដើម។ ក្រោយដាំបានផល ម្ដាយមីងរបស់អ្នកស្រីជាអ្នកសាកល្បងមុនគេ គាត់បានបេះផ្លែនិងស្លឹកយកក្រឡុកផឹករយៈពេលមួយឆ្នាំពេញ លទ្ធផលគឺថា សាច់ដុះតូចៗលើខ្នងរបស់គាត់បានស្វិតរាប់ស្មើអស់ ហើយចំពោះអាការៈលើសឈាម បើភ្លេចលេចថ្នាំ មនក៏អាចជួយការពារកុំឲ្យឈាមឡើងបានដែរ។
ដោយមើលឃើញជាក់ស្ដែងបែបនេះ អ្នកស្រីនិងស្វាមីក៏បានពង្រីកពូជដាំបន្ថែមរហូតដល់រាប់ពាន់ដើមដូចសព្វថ្ងៃ។ ម្ចាស់ចំការមនអ្នកខេត្ដបាត់ដំបងរូបនេះ បានបន្ថែមទៀតថា គិតតាំងពីដាំរហូតដល់អាចប្រមូលផលបាន គឺចំណាយពេលប្រមាណ១ឆ្នាំ ហើយដំណាំមននេះបន្ទាប់ពីដាំ វាឲ្យផលរហូត យើងអាចប្រមូលផលបានរាប់ថ្ងៃ គ្រាន់តែតិចនិងច្រើនទៅតាមទំហំដាក់ដាំ។ រីឯបច្ចេកទេសនៃការដាក់ដាំវិញ មិនពិបាកទេ ជីក៏មិនបាច់ដាក់ដែរ បាញ់តែទឹក ឲ្យបានគ្រប់គ្រាន់ទៅបានហើយ ដំណាំមននេះ ដាក់កន្លែងណាដីនឹងធូរកន្លែងហ្នឹង វាមិនត្រឹមតែជួយដល់សុខភាពមនុស្សទេ វាក៏អាចជួយព្យាបាលដីបានដែរ។
ត្បិតថាបច្ចេកទេសដាំមិនសូវពិបាកក៏ពិតមែន តែអ្វីដែលពិបាកបំផុតសម្រាប់អ្នកដាំមន គឺនៅពេលប្រមូលផល ព្រោះផ្លែវាតូចៗ បើយើងបេះនិងទុកដាក់មិនស្រួលទេ វានិងទក់ខូចអស់ជាមិនខាន។ ចំពោះបច្ចេកទេសថែទាំវិញក៏គ្មានអ្វីពិបាកដែរ គ្រាន់តែតែងមែកឲ្យបានស្អាត មននឹងផ្ដល់ផ្លែផ្កាឲ្យកាន់តែច្រើន។
គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន អ្នកស្រី ឡឺ ចាន់នី មានលក់ផ្លែមនទាំងស្រស់ និងកិនធ្វើ ហើយក៏មានលក់ពូជដើមមនផងដែរ។ ក្នុងផ្លែមនស្រស់មួយគីឡូតម្លៃ ៨ដុល្លារ ទឹកមនមួយដបតម្លៃ ៨០០០រៀល និងដើមមនពូជ តម្លៃ ២០០០០រៀល ក្នុងមួយដើម។សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 096 333 9536/086 88 77 82៕
អត្ថបទដោយ៖ សារ ធូរ៉ា