ក្នុងចំណោមជើងខ្លាំងក្នុងពិភពសិល្បៈហុងកុង លោក Andy Lau ត្រូវបានគេចាត់ទុកថាជាខ្លាទី៤ក្នុងចំណោមខ្លាទាំង៥។ កំពូលតារាសម្តែងហុងកុងរូបនេះមានប្រវតិ្តតស៊ូចេញពីគ្រួសារក្រីក្រ និងក្រាញននៀលលើវិថីសិល្បៈក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនមួយរូបក្នុងជួរអ្នកសិល្បៈ។
ទន្ទឹមនឹងនេះលោក Andy Leu ត្រូវបានប្រជាជនខ្មែរយើងដែលនិយមទស្សនាខ្សែភាពយន្តរបស់លោក អោយឈ្មោះថា លី តៅហ៊ួ។ មែនទែនទៅលោកមិនមែនត្រឹមតែជាតារាសម្តែងល្បីឈ្មោះនោះទេ លោក ក៏ជាអ្នកចម្រៀងដ៏ល្បីឈ្មោះមួយរូបក្នុងវិស័យចម្រៀងផបចិនកាតាំង ដែលជាតារាប្រុសដែលទទួលបានពានរង្វាន់ច្រើនជាងគេ ក្នុងកំណត់ត្រាពិភពលោក។ ក្នុងជីវិតជាអ្នកសិល្បៈលោកលីក៏ជាអ្នកនិពន្ធមួយរូបផងដែរ ដែលក្នុងនោះលោកក៏បានសរសេរសៀវភៅពីការតស៊ូរបស់លោកក្នុងជីវិត។ ក្រៅពីនេះលោកក៏មានអាជីវកម្មផ្ទាល់ខ្លួន ដោយជាម្ចាស់ផលិតកម្ម និងផលិតករខ្សែភាពយន្តផងដែរ។
រីឯកុមារភាពរបស់លោកគឺធំធាត់ឡើងក្នុងគ្រួសារក្រីក្រមួយដែលរស់នៅក្នុងតំបន់សំណង់អាណាធិបតយ្យមួយនាទីក្រុងហុងកុង។ លោកកើតនៅថ្ងៃទី ២៧ខែកញ្ញា ឆ្នាំ១៩៦១ ដោយមានឪពុកជាអ្នកពន្លត់អគ្គិភ័យ និងមានជីតាជាអ្នកមានទ្រព្យ។ ជីវិតក្នុងសំណង់អាណាធិបតេយ្យ ដំបូលបាក់បែក ផ្ទះក្នុងតំបន់ត្រូវបានភ្លើងឆេះក្នុងកំឡុងពេលដែលលោកមានអាយុ១១ឆ្នាំ។ ក្នុងផ្ទះគ្មានទឹកនោះទេ លោកត្រូវរែកទឹកសម្រាប់ទុកប្រើប្រាស់ក្នុងមួយថ្ងៃ៨លើក និងតស៊ូទៅរៀនក្នុងសាលាក្រីក្រមួយក្នុងតំបន់។ បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យក្នុងអាយុ១៩ឆ្នាំ លោកបាន ចូលប្រឡូកក្នុងវិស័យសិល្បៈសម្តែង ដោយដំបូងឡើយត្រឹមតែជាតួបន្ទាប់បន្សំធម្មតាៗប៉ុណ្ណោះ។
ដោយហេតុថានិស្ស័យជាអ្នកស្នេហាវិស័យនេះលោកបានខិតខំប្រឹងប្រែងរហូតទទួលបានដំណែងជាតួឯកលើកទីមួយ។ សន្ទុះនៃការគាំទ្រក៏កើតមានឡើងលោកក៏ចាប់ផ្តើមមានឈ្មោះបោះសំឡេងក្នុងពិភពសិល្បៈក្នុងឆ្នាំ១៩៩០ និងបានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០០៨ជាមួយមិត្តស្រីរបស់លោក ដែលមានទំនាក់ទំនងនិងគ្នាអស់រយៈពេល២៤ឆ្នាំព្រមទាំងទទួលបានកូនស្រីម្នាក់ជាចំណងដៃ។
សម្រាប់លោក មានទស្សនៈល្អៗមួយចំនួនផងដែររួមមានដូចជា៖
១. មុនពេលដែលអ្នកសម្រេចចិត្តធ្វើអ្វីមួយ អ្នកត្រូវតែដឹងច្បាស់ផងដែរថា អ្វីដែលអ្នកកំពុងធ្វើតើវាខុសឬត្រូវ?
២. ពេលដែលអ្នកធ្វើអ្វីមួយឱ្យបានកាន់តែច្រើន នោះអ្នកក៏នឹងមានបទពិសោធន៍កាន់តែច្រើន ហើយអ្នកក៏នឹងមានភាពងាយស្រួល ក្នុងការជ្រើសរើសធ្វើអ្វីនាពេលក្រោយៗទៀត។
៣. កុំរង់ចាំ ប្រសិនបើអ្វីមួយមិនទាន់ត្រឹមត្រូវទេ ត្រូវក្លាហានក្នុងការបោះជំហានទៅមុខបន្ត៕
អត្ថបទដោយ ពីង ជូអេង


