ភាពជាអ្នកដឹកនាំកើតឡើងក្នុងទម្រង់ផ្សេងៗពីគ្នា ដែលមនុស្សភាគច្រើនមិនបានដឹងថាខ្លួនឯងកំពុងសិ្ថតនៅក្នុងទម្រង់មួយណានោះទេ។ យ៉ាងណាមិញការដឹកនាំមនុស្សឱ្យដើរតាមការដឹកនាំរបស់យើងគឺជារឿងលំបាកបំផុត ហើយវាកាន់តែលំបាកបំផុតនៅពេលដែលយើងខ្លួនឯងមិនអាចស្គាល់បេះដូងរបស់ខ្លួនឯងមានពណ៌អ្វី ស័ក្តិសមនិងមនុស្សធុនណា។
ចង់ក្លាយជាមេដឹកនាំគេ គប្បីត្រូវដឹងអំពីគំរូនៃការដឹកនាំក្នុងទម្រង់ទាំង៧ សូម្បីតែមហាសេដ្ឋីល្បីៗនិងមនុស្សជោគជ័យក្នុងអាជីពទាំង៧រូប ក្នុងវិស័យអាជីវកម្មផ្សេងៗគ្នាក៏អនុវត្តន៍នៃគំរូទាំង៧ទម្រង់របស់ភាពជាអ្នកដឹកនាំនេះដែរ។ គំរូនៃការដឹកនាំទាំង៧នោះរួមមាន៖
១. ដឹកនាំគុណធម៌
អ្នកដឹកនាំប្រភេទមានមន្តស្នេហ៍ តែមិនសូវមានមន្តសណ្តំចិត្តមនុស្សឱ្យដើរតាមខ្លួនតាមការបង្គាប់បញ្ជានោះទេ។ ជារឿយៗអ្នកដឹកនាំដែលគេឱ្យឈ្មោះថាជើងមេឃពណ៍ខៀវ ( Blue Thinker ) គឺជាប្រភេទអ្នកដឹកនាំដែលមានគំនិតផ្លាស់ប្តូរមនុស្ស មានចុក្ខវិស័យវែងឆ្ងាយ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដើរតាមបានរហ័សនិងមានចិត្តទូលាយដើម្បីឆ្ពោះទៅរកគោលដៅរួមមួយ។
ក្រឡេកមកមើលអ្នកដឹកនាំស្រ្តីមួយរូប សហស្ថាបនិកនិងជានិពន្ធនាយកនៃកាសែតនិងជាអ្នកសរសេរសៀវភៅ Huffington post លោកស្រី Huffington បានប្រើប្រាស់របៀបដឹកនាំប្រភេទនេះជាមួយបុគ្គលិកដោយធ្វើការដាក់គ្រែគេងនៅការិយាល័យ ដើម្បីសម្រាកនៅពេលងងុយគេង ហើយនេះជាគំនិតច្នៃប្រឌិតថ្មី ព្រោះលោកស្រីយល់ថាគ្មានការងារល្អឯណាកើតចេញពីភាពហត់នឿយនិងស្មារតីបាក់ស្បាតនោះទេ។
២. អ្នកដឹកនាំនាវានុវត្តន៍
Richard Brandson មហាសេដ្ឋីជនជាតិអង់គ្លេសដែលកាន់កាប់ក្រុមហ៊ុនជាង៤០០ គឺមានចរិតជាអ្នកដឹកនាំបែបនាវានុវត្តន៍។ អ្នកដឹកនាំប្រភេទទាំងនេះមានសមត្ថភាពដាច់ដោយឡែកពីគ្នាក្នុងការវិភាគ និងបកស្រាយពីបញ្ហាដែលនាំឱ្យគ្មានប្រសិទ្ធភាពណាមួយនៅក្នុងស្ថាប័ន ហើយបន្ទាប់មកបង្កើតចក្ខុវិស័យសម្រាប់ការដោះស្រាយបញ្ហាមួយនោះពោលគឺគំនិតសហគ្រិនភាព។
៣. អ្នកដឹកនាំខ្យល់ព្យុះ
មហាសេដ្ឋីល្បីឈ្មោះលោក Bill Gate បានលើកឡើងថា “ប្រសិនបើអ្នកគិតថាគ្រូរបស់អ្នកកាច ចូរចាំមើលខ្លួនឯងក្លាយជាចៅហ្វាយនាយរបស់គេសិនទៅ” ។ មូលដ្ឋាន អ្នកដឹកនាំប្រភេទខ្យល់ព្យុះនេះផ្តោតលើការរៀបចំជាក្រុម នាំបុគ្គលិកប្រតិបត្តិការ មើលលើលទ្ធផល ខ្សែសង្វាក់ច្បាស់លាស់ ចេះប្រើពាក្យបញ្ជា ប្រើប្រាស់រង្វាន់ និងការដាក់ទណ្ឌកម្មផ្សេងៗឱ្យត្រូវតាមកាលៈទេសៈ។
៤. អ្នកដឹកនាំអ្នកបម្រើ
ដឹកនាំអ្នកបម្រើ ឬបម្រើអ្នកដឹកនាំ ? អ្នកដឹកនាំបែបអ្នកបម្រើ គឺជា នៃភាពជាអ្នកដឹកនាំដែលដើរទៅមុខដោយចេតនាធ្វើខ្លួនជាអ្នកបម្រើ ប្រតិបត្តិអ្នកដើរតាមនិងជួយការងារអ្វីដែលអ្នកដើរតាមពឹងឱ្យជួយនឹងធ្វើឱ្យពួកគេអស់ពីចិត្តពីថ្លើម ចែករំលែកអំណាចដោយផ្តល់អាទិភាពដល់តម្រូវការរបស់អ្នកដើរតាម និងផ្តល់អទិភាព ដល់ការសម្រេចចិត្តរួម។
ក្នុងនោះអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Nelson Mandela អ្នកដឹកនាំដែលមានគំនិតជាអ្នកបម្រើ មានចក្ខុវិស័យធំបំផុតគឺគាត់ផ្តោតលើការប្តេជ្ញាចិត្តខាងសីលធម៌ ដឹកនាំការផ្លាស់ប្តូរលុបបំបាត់ការរើសអើងជាតិសាសន៍ និងជួយប្រជាជន ឱ្យឈានដល់សក្តានុពលពេញលេញ។
៥. អ្នកដឹកនាំមេដែក
ទំនាញមេដែកគឺស្រូបរបស់ធ្ងន់នឹងមានតម្លៃ អ្នកដឹកនាំមេដែក ជាអ្នកដឹកនាំដែលចូលរួមផ្តល់ឱកាសឱ្យអ្នកដើរតាមចូលរួមផ្លាស់ប្តូរគំនិតនិងបទពិសោធន៍ដោយសេរី និងបង្កើតការពិភាក្សា ដូច្នេះហើយមេដឹកនាំប្រភេទនេះគឺស្រូបបុគ្គលិកដែលជួបវិបត្តិមុនគេ ព្រោះពួកគេមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងជាអ្នកស្តាប់ដ៏ល្អមួយរូប។
រួមជាមួយគ្នានេះដែរ លោកស្រី Gail Kelly ស្រ្តីទី១ដែលជានាយកប្រតិបត្តិធនាគារ Westpac របស់ប្រទេសអូស្រ្តាលីមានគំនិតជាអ្នកដឹកនាំមេដែក ព្រោះនាងមានមោទនភាពចំពោះវប្បធម៍នៅ Westpac ដែលមានបុគ្គលិកស្រឡាញ់និងចូលចិត្តនាងច្រើនព្រោះនាងជាមេពូកែចូលរួមនិងជាមេដែកគ្រប់ពេល។
៦. ដឹកនាំអន្តោម័ត
ហេតុផលពេកគឺផ្តាច់ការ មានមនោសញ្ជតនាពេកបេះដូងប្រេះស្រាំ អ្នកដឹកនាំបែបស្វ័យភាព ឬចូលចិត្តតែឯង គឺជារូបមន្តផ្ទុយពីភាពជាអ្នកដឹកនាំពួកគេជាប្រភេទមនុស្សចូលចិត្តគ្រប់គ្រងនិងដាក់កំហិតលើអ្នកដើរតាម ប៉ុន្តែអ្នកដឹកនាំប្រភេទនេះគឺមានចំណុចល្អមួយគឺមានវិន័យតឹងរឹងបំផុត។
លោកស្រី Martha Stewart អ្នកជំនួញជនជាតិអាមេរិច លោកស្រីជឿជាក់ថា "វិន័យគឺជាវិធីដ៏ត្រឹមត្រូវ" ហើយផ្តោតលើរចនាសម្ព័ន្ធការងារនិងស្តង់ដារខ្លាំងបំផុតហើយគ្រប់យ៉ាងកំណត់ដោយលោកស្រី Stewart ស្ទើរតែទាំងស្រុងក្នុងក្រុមហ៊ុន។
៧. អ្នកដឹកនាំដេកលក់
Warrant Buffet ត្រូវបានគេស្គាល់ថា ជាអ្នកវិនិយោគដ៏ជោគជ័យបំផុតមួយរូបដែលមានផ្នត់គំនិតទូលំទូលាយ គាត់ចូលចិត្តឱ្យបុគ្គលិករបស់គាត់ធ្វើអ្វីដែលជាអត្តចរិតនិងនិស្ស័យល្អរបស់ពួកគេ។ មហាសេដ្ឋីរូបនេះបានបង្កើតបរិយាកាសការងារមួយធ្វើឱ្យបុគ្គលិករបស់គាត់មានអារម្មណ៍ជឿជាក់ និងទឹកចិត្តនៅថេរ ហើយចូលចិត្ត ធ្វើពុតដេកលក់រងចាំមើលលទ្ធផលបុគ្គលិកតាមរយៈការប្រគល់អំណាចឱ្យពួកគេពោលគឺ LET THEM DO។
សរុបមកវិញមិនមានរូបមន្តជោគជ័យណាមួយសម្រាប់ភាពជាអ្នកដឹកនាំនោះទេ ព្រោះវាមានភាពខុសប្លែកពីគ្នា បេះដូងពណ៌ផ្សេង អ្វីដែលសំខាន់គឺការអភិវឌ្ឃន៍ខ្លួនឯងក្នុងនាមជាមេ បើអ្នកធ្វេសប្រហែសមួយ ពេលអ្នកនឹងបាត់បង់ចំណែកណាមួយក្នុងការដឹកនាំអ្នកដទៃជាមិនខាន៕
អត្ថបទដោយ៖ ពីង ជូអេង