មានមនុស្សជាច្រើនដែលស្រមៃចង់ឱ្យខ្លួនឯងមានលុយច្រើន និងមានចំណូលចូលគ្រប់ច្រក ទោះមិនធ្វើការរាល់ថ្ងៃក៏អាចចិញ្ចឹមជីវិតរស់ មានទ្រព្យហូរហៀរចាយមិនអស់ដែរ។ ការពិតទៅរឿងនេះមិនមែនគ្រាន់តែជាក្ដីស្រមៃគ្មានរូបរាងឡើយ ព្រោះថាមានមនុស្សជាច្រើនមកហើយដែលអាចបង្កើតលុយទោះបីជាពួកគេកំពុងគេងលក់ក៏ដោយ។
ទន្ទឹមនឹងនោះអ្នកជំនាញហិរញ្ញវត្ថុរបស់គេហទំព័រ American Express បានចែករំលែកអំពីក្បួនពិសេសមួយចំនួនដែលអាចជួយឱ្យលុយរបស់អ្នកកើនជានិច្ច មិនលើកលែងសូម្បីតែពេលគេងលក់។ តិចនិកទាំងនោះរួមមាន៖
១. ប្រែក្លាយខ្លួនទៅជាផលិតផលមានគុណភាពខ្ពស់៖ មានន័យថា អ្នកគួរតែធ្វើឱ្យខ្លួនឯងមានកេរ្តិ៍ឈ្មោះល្អនៅក្នុងសង្គម និងទទួលបានការគោរពឱ្យតម្លៃ ជឿទុកចិត្តពីមនុស្សជុំវិញខ្លួន។ សាងតម្លៃឱ្យខ្លួនឯងតាមរយៈ ភាពស្មោះត្រង់ គុណធម៌ និងការគោរពដឹងគុណអ្នកដទៃ នៅពេលដែលអ្នកសាងខ្លួនឯងដល់ចំណុចមួយនោះ អ្នកច្បាស់ជាអាចរកចំណូលបានច្រើន ព្រោះថាអ្នកមានបណ្ដាញទីផ្សារធំទូលាយ។
២. ធ្វើកិច្ចការតិចជាងមុន៖ បើចង់សម្រេចកិច្ចការធំ អ្នកគួរតែចេះចាត់ចែង និងបែកចែកថាតើកិច្ចការណាសមនឹងអ្នកធ្វើកិច្ចការណាសមនឹងឱ្យគេកាន់ជំនួស។ ខ្លួនអ្នកតែមួយមិនអាចកាន់រឿងគ្រប់មុខឱ្យបានល្អទាំងអស់នោះទេ ហេតុនេះត្រូវចេះពីវិធីប្រើមនុស្សឱ្យបំពេញកិច្ចការជំនួស ហើយបង្កើតលទ្ធផលឱ្យបានល្អដូចអ្នក។
៣. ធ្វើជាឈ្មួញកណ្ដាល៖ រៀនធ្វើជាឈ្មួញកណ្ដាលដើម្បីឱ្យអ្នកដទៃមានឱកាសធ្វើការជំនួសអ្នក មានន័យថារឿងខ្លះមិនបាច់ចង់ចំណេញដល់ ១០០% នោះទេ។ សុខចិត្តយកត្រឹមតែ ៣០% ទៅ ៥០% ដោយចែកឱ្យអ្នកផ្សេងធ្វើជំនួស នោះអ្នកនឹងមានពេលទៅបង្កើតចំណូលពីច្រកផ្សេងទៀត។
ឧទាហរណ៍ថា អ្នកមានជំនាញជាមេធាវី អាចរកប្រាក់ចំណូលបាន១០០ដុល្លារក្នុងការផ្ដល់សេវាប្រឹក្សាដល់អតិថិជនក្នុងមួយម៉ោង ទន្ទឹមនឹងនោះអ្នកក៏មានកិច្ចការត្រូវសរសេរឯកសារផងដែរ ហើយសរសេរម្ដងៗដល់ទៅ២ម៉ោងឯណោះ។ បើអ្នកសរសេរឯកសារដោយខ្លួនឯងអ្នកនឹងខាតលុយ២០០ដុល្លារ ប៉ុន្តែបើអ្នកជួលគេឱ្យសរសេរដោយចំណាយ ៥០ដុល្លារក្នុងមួយម៉ោង នោះអ្នកនឹងសល់ពេលទៅរកលុយ២០០ដុល្លារក្នុងមួយ ហើយថែមទាំងបានផ្ដល់ឱកាសឱ្យអ្នកដទៃអាចបង្កើតចំណូលថែមទៀតផង។
៤. ធ្វើជាអ្នកចែករំលែក៖ រៀនសម្លឹងមើលពីចំណុចពីសេសនៃអាជីវកម្មរបស់អ្នក ហើយទាញយកចំណុចសំខាន់ ដែលគិតថាអាចក្លាយជាមេរៀនសម្រាប់សហគ្រិនជំនាន់ក្រោយទៀតបាន។ អ្នកអាចបង្កើតជាវគ្គសិក្សា តាមអនឡាញក៏បាន បង្រៀនផ្ទាល់ក៏បាន វាប្រៀបដូចជាការចែករំលែកចំណេះដឹងផង ហើយក៏អាចទាញចំណូលឱ្យអ្នកបានតាមរយៈការបង់ថ្លៃវគ្គសិក្សានោះ។
៥. ធ្វើជាវិនិយោគិន៖ មិនថាអ្នកកំពុងធ្វើការឱ្យគេ ឬកំពុងរកស៊ីឡើយ អ្នកគួរតែមានចំណែកលុយសម្រាប់វិនិយោគ ព្រោះថាការវិនិយោគគឺជាប្រភពសំខាន់បំផុតនៃចំណូលអកម្ម។ អ្នកគួរតែសម្លឹងមើលការវិនិយោគរយៈពេលវែង ព្រោះថាចំណាយពេលយូរ អាចធ្វើឱ្យអ្នកមានឱកាសចំណេញកាន់តែច្រើន។
៦. គិតពីបញ្ហាសាកល៖ បើចង់ឱ្យខ្លួនឯងក្លាយជាអ្នកមាន អ្នកមិនគួរខ្វល់តែរឿងខ្លួនឯងឡើយ តែត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាជុំវិញខ្លួន ជាពិសេសគឹតាមដានស្ថានភាពសេដ្ឋកិច្ចពិភពលោកឱ្យបានជាប់លាប់។ ការសង្គេតតាមដាន នឹងជួយឱ្យអ្នកមានចំណេះដឹងកាន់តែទូលំទូលាយ និងអាចមើលឃើញឱកាសវិនិយោគល្អៗបានកាន់តែច្រើនថែមទៀត។
៧. ធ្វើអ្វីដែលនាំឱ្យអ្នកកាន់តែមានគុណតម្លៃពិសេស៖ រឿងដែលសំខាន់បំផុតមិនថាអ្នកឡើងខ្ពស់ដល់កម្រិតណាឡើយ ក៏ត្រូវតែបន្តសាងគុណតម្លៃឱ្យខ្លួនឯងជានិច្ច តាមរយៈការដាក់ខ្លួន រៀនសូត្រពីអ្វីដែលថ្មី រៀនសូត្រពីមនុស្សជុំវិញខ្លួន ដ៏ដូចជាចំណាយពេលអភិវឌ្ឍខ្លួនជាប្រចាំ។
គួរបញ្ជាក់ផងដែរថា ការដែលក្លាយជាអ្នកមានមិនមែនជាសំណាងនោះទេ គ្រប់យ៉ាងគឺកើតចេញពីការសាង បើអ្នកចង់មានហើយខំរកថ្លៃណាមួយអ្នកនឹងសមបំណង ប៉ុន្តែបើគិតតែចង់តែមិនដែលខំ អ្នកច្បាស់ជាបានត្រឹមតែស្រមៃ គ្មានថ្ងៃបានពាល់ការពិតឡើយ៕
អត្ថបទដោយ៖ សូ សុខលី