ប្រាក់ខែ១មុខមិនអាចឱ្យអ្នកមានទេ! រឿងធំ៧យ៉ាង អ្នកត្រូវធ្វើជាបន្ទាន់ បើមិនចង់ឱ្យប្រាក់ខែចងជើងមួយជីវិត
SOKLY SONOVEMBER 13 202310 K views

ពឹងប្រាក់ខែអាចឱ្យអ្នករស់បានតែពេលមានកម្លាំងធ្វើការ ដល់វ័យអស់ថាមពលពេលណា ច្បាស់ជាលែងមានលទ្ធភាពចិញ្ចឹមខ្លួនឯងមិនខាន។ ហេតុនេះហើយដើម្បីរស់នៅសុខសាន្តបានដល់ថ្ងៃខាងមុខ ចាប់ពីពេលនេះទៅឈប់រស់ត្រដរ ពឹងតែប្រាក់ខែមួយមុខទៀតទៅ។ ដើម្បីគេចផុតពីការចងជើងដោយច្រវាក់ប្រាក់ខែ អ្នកគប្បីចាប់ផ្ដើមធ្វើរឿងទាំង៧ខាងក្រោមនេះឱ្យបានឆាប់បំផុត៖

 

១. មានជំនាញច្បាស់លាស់ ដែលអាចបង្កើតចំណូលបាន ដូចជាជំនាញលក់ ជំនាញសរសេរ ជំនាញសរសេរកូដ ឬជំនាញគណនេយ្យជាដើម។ អ្នកត្រូវដឹងថាជំនាញពិតប្រាកដ មានតម្លៃលើសសញ្ញាបត្រ១០ដង ពេលដាក់ពាក្យធ្វើការ គេមិនដែលសួរអ្នកថាមានសញ្ញាបត្រអ្វីខ្លះទេ ប៉ុន្តែគេសួរថា អ្នកមានជំនាញអាចធ្វើអ្វីបានខ្លះ? ហេតុនេះហើយត្រូវពង្រឹងជំនាញលើការងារដែលអ្នកកំពុងមានប្រចាំថ្ងៃ និងរៀនជំនាញថ្មីៗបន្ថែមជានិច្ច។​

 

របៀបរៀនជំនាញថ្មីៗ៖ ទី១.ជ្រើសរើសជំនាញមួយ (ឧ.ជំនាញលក់) ទី២.ជ្រើសរើសឆាណែលយូធូបយ៉ាងតិច៥-១០ (ដែលនិយាយអំពីការលក់) ទី៣.មើលវីដេអូទាំងអស់នោះរាល់ថ្ងៃឱ្យបានយ៉ាងតិច១០០ថ្ងៃជាប់គ្នា។ ក្រៅពីនេះអ្នកក៏អាចទៅបង់វគ្គខ្លីរៀនបន្ថែមបានផងដែរ មិនខ្វះទេវគ្គបង្រៀនជំនាញល្អៗនៅស្រុកខ្មែរយើង។

 

២. បង្កើតបណ្ដាញទំនាក់ទំនង ពង្រីកខ្លួនឯង តាមរយៈការពង្រឹងចំណងមិត្តភាព។ មនុស្សដែលអ្នកអាចចំណាយពេលជាមួយច្រើន គួរតែជាអ្នកដែលអាចនិយាយពាក់ព័ន្ធនឹងរឿងសំខាន់៣យ៉ាងបានគឺ លុយកាក់ ការអភិវឌ្ឍខ្លួន និងអាជីវកម្ម។ ដើម្បីបង្កើតទំនាក់ទំនងល្អៗបានយូរអង្វែង ត្រូវចាប់ផ្ដើមចេញពីខ្លួនអ្នកជាមុន ពោលគឺត្រូវប្រាកដថាអ្នកជាមនុស្សដែលគួរឱ្យទុកចិត្តបាន។

 

៣. បង្កើតលំហូរសាច់ប្រាក់លើសពី១ច្រក ប្រាក់ខែ១មុខមិនអាចចិញ្ចឹមអ្នកបានមួយជីវិតឡើយ។ ដូច្នេះហើយអ្នកត្រូវចេះប្រើជំនាញដែលខ្លួនមានបង្កើតចំណូលឱ្យបានច្រើនច្រកតាមដែរអាចធ្វើទៅបាន។ នេះជាគន្លឹះធំៗ៤ជំហានដើម្បីបង្កើតចំណូលពីលើប្រាក់ខែ៖ ជំហានទី១.ពង្រឹងជំនាញឱ្យច្បាស់ ជំហានទី២.ប្រមូលចំណេះជំនាញចងជាគំនិតទុកធ្វើជាមេរៀនលក់ ជំហានទី៣.បើកវគ្គបង្រៀនផ្ទាល់ ឬអនឡាញ ជំហានទី៤.វិនិយោគគំនិត ឬវិនិយោគលុយ​ ទៅលើអាជីវកម្មណាដែលត្រូវនឹងជំនាញដែលអ្នកមានស្រាប់ ដើម្បីបង្កើតចំណូលអកម្ម។

 

៤. ចំណាយពេលអានយ៉ាងហោចណាស់១០០នាទីក្នុងមួយថ្ងៃ ចាប់ផ្ដើមអាន មិនថាសៀវភៅ មិនថាអត្ថបទល្អៗនៅលើបណ្ដាញសង្គម ឬ​Website។ ហើយប្រធានបទដែលអ្នកគួរអានគឺ លុយកាក់, ការអភិវឌ្ឍមត្ថភាពគ្រប់គ្រងផ្លូវចិត្ត, ព្រមទាំងប្រធានបទផ្សេងៗទៀតដែលត្រូវនឹងតម្រូវការរបស់អ្នក។

 

៥. ភ្ញាក់ពីគេងនៅម៉ោង ៤ឬ៥ ព្រឹក ព្រោះវាអាចជួយសន្សំពេលវេលាអ្នកបាន ៣ម៉ោងមុនពេលដែលថ្ងៃរបស់អ្នកចាប់ផ្ដើម។ បន្ទាប់ពីក្រោកភ្លាម រឿងដែលអ្នកគួរធ្វើគឺ ញ៉ាំទឹក១កែវដើម្បីដាស់ស្មារតីខ្លួនឯង, ដើរដើម្បីពង្រឹងស្មារតី និងអារម្មណ៍ខ្លួនឯង, និងអានយ៉ាងហោចណាស់ឱ្យបាន ៣០ទំព័រ។ ត្រូវចាំថាភាពជោគជ័យគឺស្ថិតនៅលើសកម្មភាពប្រចាំថ្ងៃរបស់អ្នក បើអ្នកធ្វើរឿងធម្មតាៗក្រោកទៅធ្វើការយឺតធម្មតាៗ អ្នកមិនអាចបង្កើតលទ្ធផលអស្ចារ្យឱ្យខ្លួនឯងបានឡើយ។

 

៦. បង្កើតយីហោឱ្យខ្លួនឯង តាមរយៈការបង្កើតវេទិកានៅលើអ៊ីនធឺណេត ដូចជា ហ្វេសប៊ុក,​ យូធូប, Instagram ឬ TikTok ជាដើម។ សម័យនេះអ្នកមិនអាចលក់អ្វីដាច់ទេ បើសិនជាគ្មាននរណាស្គាល់អ្នក។ ឥឡូវនេះមានអាជីវកម្មច្រើនណាស់ដែលអ្នកអាចបង្កើតរកចំណូលបាន ដោយពឹងផ្អែកលើបណ្ដាញសង្គម។ ត្រូវចាំថាគេស្គាល់អ្នកកាន់តែច្រើនអ្នកមានឱកាសកាន់តែច្រើន គេទុកអ្នកកាន់តែច្រើនអ្នករកស៊ី ឬលក់អ្វីមួយកាន់តែដាច់។

 

៧. វិនិយោគលើខ្លួនឯង មានចំណេះមានជំនាញ មានគំនិតបង្កើតលុយហើយ ប៉ុន្តែដើម្បីចេញធ្វើរឿងទាំងអស់នោះបាន អ្នកត្រូវចាប់ផ្ដើមពីការវិនិយោគលើខ្លួនឯង។ ត្រូវចាំថារបៀបដែលអ្នកដទៃប្រព្រឹត្តមកលើយើង គឺជាលទ្ធផលនៃរបៀបដែលយើងប្រព្រឹត្តចំពោះខ្លួនឯងកន្លងមក។ បើយើងមិនឱ្យតម្លៃខ្លួនឯងផង ទៅស្រមៃអីឱ្យអ្នកដទៃមកខ្វល់ពីយើង?

 

ដូច្នេះហើយចាប់ពីពេលនេះទៅត្រូវផ្ដោតសំខាន់លើខ្លួនឯងរាប់ចាប់តាំងពី ការបរិភោគអាហារដែលមានសុខភាពល្អ, រក្សាខ្លួនឯងឱ្យមានក្លិនក្រអូប, ហាត់ប្រាណរក្សាសុខភាពឱ្យល្អថេរ, ស្លៀកពាក់ថ្លៃថ្នូរសមរម្យ ព្រមទាំងពង្រឹងជំនាញ បំប៉នខួរក្បាល បំពាក់ដោយចំណេះពិតប្រាកដ ប្រើការបាន។

 

សូមជម្រាបផងដែរថា គ្រប់យ៉ាងវាផ្ដើមចេញពីខ្លួនយើង ចង់រស់ពឹងប្រាក់ខែដល់ស្លាប់ ឬរើបម្រាស់ បង្កើតប្រភពចំណូលនាំខ្លួនឯងទៅរកជីវិតដែលមានលំនឹង វាគឺជាជម្រើសរបស់អ្នក។ អ្នកជ្រើសបែបណាអ្នកនឹងប្រព្រឹត្តបែបនោះ ហើយសកម្មភាពប្រចាំថ្ងៃរបស់អ្នក គឺជាត្រីវិស័យដែលអាចចង្អុលបង្ហាញពីអនាគតនៅខាងមុខ ដូច្នេះសូមធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្នណា៕

 

អត្ថបទដោយ៖ Sokly So-កូនផ្កាឈូក

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia