មនុស្សស្រីដែលរឹងមាំនិងជោគជ័យសម្តៅដល់ស្រ្តីដែលមានឯករាជ្យភាពមានភាពចាស់ទុំ មានការចំណេះដឹង មានលំនឹងការងារ និងចេះចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ យ៉ាងណាមិញនៅពេលគិតដល់រូបភាពស្ត្រីជោគជ័យគេតែងយល់ថា ស្រ្តីប្រភេទនេះតែងចង់បានបុរសដែលអស្ចារ្យនិងមានលុយច្រើន។
ប៉ុន្តែក្នុងនោះបើយោងទៅតាមការស្រាវជ្រាវចិត្តវិទ្យារបស់អ្នកជំនាញ មកពីស្ថាប័ន Global English បានឱ្យដឹងថា ស្ត្រីដែលជោគជ័យ តែងចង់បានទំនាក់ទំនងពិតប្រាកដ និងការគាំទ្រផ្នែកផ្លូវអារម្មណ៍ហើយក្នុងនោះរួមមានចំណុចពិសេស ៧យ៉ាងដែលស្ត្រីជោគជ័យចង់បានពីដៃគូជាបុរសបំផុត។
១. ភាពឆ្លាតវៃផ្នែកអារម្មណ៍៖ ស្រ្តីរឹងមាំនិងឯករាជ្យ ជាទូទៅតែងត្រូវបានគេយល់ច្រឡំថាពួកគេ ចាប់អារម្មណ៍តែលើហិរញ្ញវត្ថុ ឬឋានៈការងាររបស់បុរស។ ប៉ុន្តែចិត្តវិទ្យាមិនយល់ស្របទាំងស្រុងនោះទេដោយផ្អែកលើការសិក្សាជាច្រើន ចំណុចសំខាន់មួយដែលស្ត្រីឯករាជ្យចង់បានពីបុរសគឺ ភាពវៃឆ្លាតខាងអារម្មណ៍ (EQ) ដែលវាជាសមត្ថភាពក្នុងការយល់ចិត្ត សមត្ថភាពនៃការគ្រប់គ្រងផ្លូវចិត្តបានល្អ និងការភ្ជាប់ទំនាក់ទំនងផ្លូវចិត្តទៅកាន់មនុស្សជុំវិញខ្លួនប្រកបដោយភាពវិជ្ជមានរបស់បុរស។
២. ភាពពិតពីខាងក្នុង៖ ចិត្តវិទ្យាបានលើកឡើងថាស្ត្រីរឹងមាំនិងជោគជ័យតែងឱ្យតម្លៃលើភាពពិតប្រាកដរបស់ដៃគូ ស្រ្តីប្រភេទនេះត្រូវការបុរសដែលមានភាពស្មោះត្រង់ និងក្លាហានបង្ហាញពីចរិតលក្ខណៈពិត ពីខាងក្នុងដោយឥតលាក់លៀម ពួកគេពេញចិត្តឱ្យដៃគូរស់នៅធ្វើជាខ្លួនឯង ព្រោះពួកគេយល់ថាអត្តចរិតពិតៗពីខាងក្នុងរបស់បុរស នឹងធ្វើឱ្យដៃគូពួកគេមើលទៅទាក់ទាញជាងការព្យាយាមធ្វើខ្លួនដូចជាអ្នកដទៃ។
៣. មានការគោរពគ្នា៖ នៅក្នុងការសិក្សាមួយ អ្នកស្រាវជ្រាវបានរកឃើញថា អារម្មណ៍គោរពគ្នាពីដៃគូទាំងសងខាងជាចំណុចពិសេសបំផុតដែលធ្វើឱ្យទំនាក់ទំនង មានភាពស្អិតរមួតនិងមានតម្លៃ ដូចគ្នាដែរស្ត្រីរឹងមាំនិងជោគជ័យ តែងចង់បានបុរសម្នាក់ដែលមានការគោរព ទទួលស្គាល់ អ្វីដែលពួកនាងកំពុងធ្វើ និងការទទួលយក ចំណុចខុសគ្នាទៅវិញទៅមករវាងអ្នកទាំងពីរ នៅក្នុងទំនាក់ទំនង។
៤. មានភាពអត់ធ្មត់៖ ស្ត្រីដែលរឹងមាំនិងទទួលបានភាពជោគជ័យក្នុងជីវិត ច្រើនតែជាមនុស្សធ្វើការងារច្រើន មិនសូវមានពេលវេលាទំនេរ ហើយប្រើថាមពលខ្លាំង ជាហេតុពេលខ្លះពួកគេអាចមានពេលតិចសម្រាប់ទំនាក់ទំនងដៃគូ។ ដូច្នេះស្រ្តីប្រភេទនេះតែងចង់បាន បុរសដែលមានអត់ធ្មត់ និងការយោគយល់ខ្ពស់ ខណៈពេលពួកនាងកំពុងជួបរឿងស្មុគស្មាញច្រើននៅក្នុងអាជីពការងារជាដើម។
៥. ឱ្យតម្លៃសមភាព៖ ស្ត្រីដែលជោគជ័យ រឹងមាំ ឯករាជ្យច្រើនតែជាអ្នកដឹកនាំក្នុងវិស័យរបស់ពួកគេ ដូច្នេះពួកគេតែងចង់បានដៃគូដែលមើលឃើញថា ក្នុងទំនាក់ទំនងគឺតែងមានស្មើភាពគ្នានិងមានតុល្យភាព លើការចែករំលែកទំនួលខុសត្រូវ ការសម្រេចចិត្ត អាចទទួលស្គាល់អំពីចំណុចខ្លាំង-ចំណុចខ្សោយរបស់គ្នាទៅវិញទៅមក និងការពួតកម្លាំងគ្នាធ្វើការរួម ជាក្រុមឱ្យខ្លាំងក្លា។
៦. តែងគាំទ្រនិងផ្តល់ជំនួយ៖ ស្ត្រីដែលមានភាពជោគជ័យ ច្រើនប្រឈមមុខនឹងសម្ពាធ និងបញ្ហាប្រឈមក្នុងអាជីពរបស់ពួកគេជារឿយៗ ហើយការមានដៃគូពួកគេតែងរំពឹងថាចង់បានបុរស ដែលអាចគាំទ្រនិងផ្តល់ជំនួយលើសកម្មភាពការងាររបស់ពួកគេ មានការអបអរភាពជោគជ័យតូចធំរបស់គ្នាទៅវិញទៅមក គាំទ្រក្តីស្រមៃគ្នាទៅវិញទៅមក ជាអ្នកបំផុសគំនិតឱ្យគ្នា និងអាចក្លាយជាអ្នកលើកទឹកចិត្តគ្នាក្នុងជីវិតជាដៃគូបាន។
៧. ជាដៃគូសន្ទនា៖ នៅក្នុងទំនាក់ទំនងស្រ្តីចង់បានការប្រាស្រ័យទាក់ទងល្អចំពោះគ្នាទៅវិញទៅមកអាចបង្ហាញពីគំនិត អារម្មណ៍ និងកង្វល់ជាមួយគ្នាដោយ សុវត្ថិភាព ស្មោះត្រង់និងបើកចំហ ជាដៃគូដែលអាចស្តាប់ដោយល្អ និយាយដោយការយល់ដឹង គឺជាចំណុចដ៏ពិសេសមួយ នៃទំនាក់ទំនងដែលស្រ្តីជោគជ័យនិងឯករាជ្យភាគច្រើនចង់បានពីបុរសខ្លាំងបំផុត។
ជាការពិតណាស់ទំនាក់ទំនងដៃគូ បុរស-ស្រ្តី គឺជាការបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក ដូច្នេះអ្វីដែលស្រ្តីចង់បានបុរសជាអ្នកបំពេញ ហើយអ្វីដែលបុរសចង់បានក៏ស្រ្តីមានតួនាទីជាអ្នកបំពេញ ដោយមិនផ្តោតសំខាន់ប្រកាន់ លើឋានៈឬតួនាទី ទើបជីវិតគូអាចមានសុភមង្គលច្រើនឡើង៕
អត្ថបទដោយ៖ ពីង ជូអេង


