បុគ្គលជោគជ័យ អ្នកប្រាជ្ញ បណ្ឌិត សេដ្ឋី ជនល្បីល្បាញ ក្នុងលោកបានបន្សល់ទុកនូវកម្រងពាក្យពេចន៍សម្តីដែលឆ្លុះបញ្ចាំងពីបទពិសោធន៍ និងរឿងរ៉ាវពិតជាក់ស្តែងដែលពួកគេបានឆ្លងកាត់ ព្រមជាមួយការពិសោធន៍ ខណៈទស្សនៈ ឬកម្រងពាក្យសម្តីទាំងនោះសមស្រប និងត្រឹមត្រូវក្នុងកាលៈទេសៈភាគច្រើនសម្រាប់មនុស្សទូទៅ។ ខាងក្រោមនេះគឺជាទស្សនៈជំរុញលើទឹកចិត្តទាំង៧ ពីបុគ្គលជោគជ័យក្នុងលោក ជួយឲ្យអ្នកមានកម្លាំងចិត្តបន្តដំណើរទៅមុខទៀត ទោះពេលនេះអ្នកធ្លាក់ដល់ចំណុចសូន្យក៏ដោយ៖
១/. Albert Einstein
Albert Einstein កើតនៅថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ១៨៧៩ និងទទួលមរណភាពនៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ១៩៥៥ លោកត្រូវបានគេដាក់រហ័សនាមថាជាបិតារូបវិទ្យា ដែលបានបង្កើតទ្រឹស្តីរូបវិទ្យាទំនើបរួមជាមួយមេកានិចកង់ទិច និងបានទទួលពាន់រង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ ១៩២១។ សម្រង់សម្តីមួយក្នុងចំណោមសម្រង់សម្តីជាច្រើនផ្សេងទៀតលោកបានលើកឡើងថា “ការស្រមើលស្រមៃ គឺជាអ្វីគ្រប់យ៉ាង ហើយជាការមើលទៅខាងមុខនៃអនាគតជីវិត”។
២/. Walter Elias Disney
Walter Elias Disney គឺជាសហគ្រិនគំនូរជីវចលជនជាតិអាមេរិក អ្នកនិពន្ធ អ្នកបញ្ចេញសម្លេង និងជាផលិតករភាពយន្តល្បីល្បាញមួយរូបផងដែរ។ លោកបានលើកឡើងថា “ការចាប់ផ្តើម គឺឈប់និយាយហើយចាប់ផ្តើមធ្វើតែម្តង“។
៣/. Colin Luther Powell
Colin Luther Powell គឺជាអតីតអ្នកនយោបាយអាមេរិក អ្នកការទូត និងជាឧត្តមសេនីយ៍ផ្កាយបួនដែលបានបម្រើការជារដ្ឋលេខាធិការសហរដ្ឋអាមេរិកលើកទី ៦៥ ចាប់ពីឆ្នាំ ២០០១ ដល់ ២០០៥។ ក្នុងសមាជិកនៃគណបក្សសាធារណរដ្ឋលោក Powell គឺជារដ្ឋលេខាធិការអាមេរិក-អាហ្វ្រិកដំបូង។ ទស្សនៈមួយរបស់លោកបានលើកឡើងថា “គ្មានអាថ៌កំបាំងណាមួយសំរាប់តែភាពជោគជ័យនោះទេ វាជាលទ្ធផលនៃការរៀបចំ ការខិតខំនិងរៀនពីការបរាជ័យ”។
៤/. Estée Lauder
អ្នកស្រី Estée Lauder គឺជាពាណិជ្ជករជនជាតិអាមេរិកមួយរូប និងជាស្ត្រីតែម្នាក់គត់ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជករដែលមានឥទ្ធិពលបំផុតទាំង ២០ នាក់នាសតវត្សរ៍ទី៩ របស់ទស្សនាវដ្តី Time។ ទស្សនៈមួយរបស់អ្នកស្រីបានលើកឡើងថា “ខ្ញុំមិនដែលសុបិនអំពីភាពជោគជ័យទេ ប៉ុន្តែខ្ញុំបានធ្វើគ្រប់យ៉ាងដើម្បីបានភាពជោគជ័យ“។
៥/. Anthony Robbins
លោក Anthony Jay Robbins គឺជាអ្នកនិពន្ធ គ្រូបង្វឹកជនជាតិអាមេរិក ជាអ្នកលើកទឹកចិត្ត និងជាសប្បុរសជន។ ទស្សនៈមួយរបស់លោកគឺ “រាល់បញ្ហាទាំងអស់គឺជាអំណោយ បើគ្មានបញ្ហាយើងនឹងមិនរីកចម្រើនឡើយ”។
៦/. Richard Branson
Richard Charles Nicholas Branson គឺជាមហាសេដ្ឋីជំនួញអង់គ្លេស អ្នកវិនិយោគ អ្នកនិពន្ធ និងជាអតីតសប្បុរសជនមួយរូប។ នៅទសវត្សឆ្នាំ១៩៧០ លោកបានបង្កើតក្រុមហ៊ុន Virgin Group ដែលសព្វថ្ងៃគ្រប់គ្រងក្រុមហ៊ុនជាង ៤០០ ក្នុងវិស័យផ្សេងៗ។ ទស្សនៈលើទឹកចិត្តមួយរបស់សហគ្រិនរូបនេះបានលើកឡើងថា “ឱកាសចាប់ផ្តើមអាជីវកម្ម គឺដូចជាឡានក្រុងអ៊ីចឹង តែងតែមកដល់ម្តងហើយម្តងទៀត”។
៧/. Winston Churchill
Winston Leonard Spencer Churchill គឺជារដ្ឋបុរសទាហានអង់គ្លេសនិងជាអ្នកនិពន្ធ។ គាត់ជានាយករដ្ឋមន្រ្តីអង់គ្លេសពីឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៤៥ ក្នុងកំឡុងសង្គ្រាមលោកលើកទី២ និងបានឡើងកាន់តំណែងម្តងទៀតពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៥។ សម្រង់សម្តីលើកទឹកចិត្តរបស់លោកគឺ “ជោគជ័យមិនមែនជាពេលចុងក្រោយទេ ការបរាជ័យក៍មិនមែនមានគ្រោះថ្នាក់ណាស់ណាដែរ ប៉ុន្តែវាបានបង្រៀនយើងឲ្យមានភាពក្លាហានក្នុងការបន្ត”៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24