ល្បែ.ងប្រជាប្រិយខ្មែរទាំង៧ប្រភេទ ប្រជាពលរដ្ឋខ្មែរ និយមលេងពីបុរាណមក ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ
Ping Chou EngMARCH 26 2024390 views

យោងតាមសៀវភៅប្រជុំទំនៀមទម្លាប់ ល្បែងប្រជាប្រិយខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យកម្ពុជា នៅឆ្នាំ១៩៦៤ បានឱ្យដឹងថាល្បែងប្រជាប្រិយខ្មែរមានច្រើនប្រភេទអនេកតាំងពីបុរាណកាលមក ​ដោយក្នុងនោះមានល្បែងខ្លះក្មេងៗនិងយុវជននិយមលេងពេលទំនេរពីការងារ តែល្បែងខ្លះគេនិយមលេងនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ក្នុងនោះល្បែងប្រជាប្រិយខ្មែរទាំង៧ប្រភេទនេះ ប្រជាពលរដ្ឋខ្មែរ និយមលេងតាំងពីបុរាណមក ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដោយចាស់បុរាណជឿថាល្បែងប្រជាប្រិយជាកីឡាជំនួយកាយសម្បទា ចិត្តសម្បទា និងរាប់ចូលជាអត្តពលកម្មផងដែរ។  

. បោះអង្គញ់ល្បែងប្រជាប្រិយខ្មែរមួយប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរនិយមលេងជុំគ្នីគ្នានៅថ្ងៃបុណ្យចូលឆ្នាំដោយល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង។ ចំពោះល្បែងអង្គញ់នេះដែរគេអាច គេលេងបានចាប់ពីគ្នា ២នាក់ឡើងទៅ រហូតដល់ ១០នាក់ ដោយចែកចេញជា ពីរក្រុមមានចំនួនស្មើគ្នា ដែលមានស្រីម្ខាង និងប្រុសម្ខាងក៏បាន ចម្រុះគ្នាទាំងពីរភេទក៏បាន។ ល្បែងនេះជំនួយឱ្យអ្នកលេងមានស្មារតីផ្តោត និងហាត់ដៃឱ្យត្រង់ផងដែរ។

ល្បែងបោះអង្គញ់ គឺគេឲ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួត ដែលក្នុងផ្លែមួយៗមានគ្រាប់ច្រើន គ្រាប់ធំៗរាង មូលសំប៉ែត ទុំមានសាច់រឹង, សម្រាប់យកមកលេងល្បែងមួយប្រភេទ ហៅថា ល្បែងអង្គញ់នេះ។  

Ef9f8f425ac96979184137a4695c5e6a1ac7bf3b

. ចោលឈូង៖ ល្បែងឈូង ជាល្បែងម្យ៉ាង របស់យុវជនកម្លោះក្រមុំ ឬមនុស្សចំណាស់ៗ ដែលគេតែងលេងនៅពេលយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី តាំងពីបុរាណមក។ ល្បែងប្រជាប្រិយនេះគេចែកគ្នាជា ២ពួក ប្រុស១ពួក ស្រី១ពួក ដោយក្នុង១ពួកៗ មានគ្នាចំនួនពី១០នាក់រឺ២០ នាក់ឡើងទៅ ឈរត្រៀមជា ២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា៨ ឬ១០ ម៉ែត្រ។ សម្រាប់សម្ភារៈលេង គេយកក្រមារឺកន្សែងមករមូលចងរិតអោយតឹងណែនល្អ ទុកអោយមានកន្ទុយបន្ដិចហៅថា “ឈូង” សំរាប់កាន់បោះរឺចោលទៅមករកគ្នា។ ល្បែងនេះជំនួយឱ្យអ្នកលេងហាត់ដៃឱ្យត្រង់ មានភ្នែករហ័សរហួន មានស្មារតីរឹងប៉ឹង ដោយលាយឡំនិងការច្រៀងលេងកម្សាន្តផង។

Chol Chhoung

. ដណ្តើមស្លឹកឈើ៖ ជាល្បែងមួយដែលតម្រូវឲ្យមានអ្នកលេង ២ ក្រុម មានសមាជិកស្មើគ្នា និងមានអាជ្ញាកណ្ដាលមួយរូប ហើយក្រុមទាំងពីរត្រូវប្រគួតគ្នាដើម្បីដណ្ដើមយកស្លឹកឈើដែលអាជ្ញាកណ្ដាលបានដាក់នៅចំកណ្ដាលនៃបរិវេណប្រកួត។ ក្នុងនោះសមាជិកក្រុមនីមួយៗ ត្រូវឈរជាជួរដេកនឹងដាក់លេខរៀងទៅតាមកន្លែងដែលសមាជិកម្នាក់ឈរ ដោយមានអាជ្ញាកណ្ដាលជាអ្នកដែលហៅនៅលេខរៀងគូប្រកួត ដើម្បីឲ្យពួកគេមកប្រជែងគ្នាដណ្ដើមយកស្លឹកឈើ។ ល្បែងនេះជំនួយឱ្យអ្នកលេងមានភ្នែករវាសរវៃ មានកាយសម្បទានរឹងមាំនិងរហ័សរហួសផងដែរ។

B213ef5b24764593aabb4848aa36e757

. ល្បែងចត្រង្គ ឬ អុក៖ ​ជាប្រភេទ​ល្បែង​លេង​លើក្ដារដែលលេងដោយបុរសៗ ល្បែង​ទាំង​មូល​ជា​សង្គ្រាម​រវាង​នគរពីរ​ ដែល​ឋិត​នៅម្ខាងម្នាក់​នៃក្ដារ​អុក ហើយ​មាន​ស្ដេច​រៀងៗខ្លួន។ ល្បែងចត្រង្គ​នេះ មាន​វិធីសាស្ត្រ​លេង​និង​ក្បួន​ ​ច្រើន​ប្រភេទរបស់អ្នកលេង ល្បែង​ចត្រង្គ​ត្រូវបាន​ចាត់ទុកជា​កីឡា​ផ្នែក​​បង្ហាត់​ចិត្ត​ឲ្យ​រឹង មានយុទ្ធសាស្រ្តខ្លាំងប្រកាន់​មុតមាំ ទ្រាំ​តស៊ូ​ក្នុង​កិច្ចការ​ដែលជា​មុខនាទី​របស់ខ្លួន​ដែល​ត្រូវធ្វើ។

20180416 Sankranta Chess Championship 007 696x463

. ទាញព្រ័ត្រ៖ ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្រ្ដី ល្បែងនេះគេលេងដោយប្រើកំលាំងកាយ ហើយគេនិយមលេងបំផុតក្នុងរដូវចូលឆ្នាំខ្មែរ ដោយគេច្រើនលេងក្នុងវត្ដអារាមនិងទីវាល។ ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹម៥នាក់ រឺ១០នាក់ឡើងទៅ បើមានមនុស្សស្រីចូលលេងផង គេអោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ដើម្បីប្រកួតភ្នាល់កម្លាំងគ្នា។ ល្បែងនេះជាកីឡាដែលជំនួយឱ្យអ្នកលេងមានស្មារតីសាមគ្គី និងរាងកាយរឹងមាំខ្លាំង។​

Teangprot

. លាក់កន្សែង៖ ជាល្បែងមួយរបស់ក្មេងៗខ្មែរកាលពីដើម ព្រមទាំងយុវជនកម្លាំងក្រមុំតែងលេងសម្រាប់ ជាទីកំសាន្ដសប្បាយនៅរដូវចូលឆ្នាំដោយល្បែងនេះអាចលេងបានដោយមានគ្នាចាប់ពី៧នាក់ឡើងទៅអង្គុយជារង្វង់ ដោយមា្នក់កាន់កន្សែងក្រង យកទៅលាក់ក្រោយខ្នងនរណាម្នាក់ដែលអង្គុយតែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងចំក្រោយខ្នងខ្លួនហើយចាប់យកកន្សែងបានមុនអ្នកលាក់រត់មកដល់ គេទុកអ្នកអង្គុយនោះជាអ្នកឈ្នះ ដោយត្រូវក្រោកឡើងដេញវាយ អ្នកលាក់នោះវិញ។ចំពោះល្បែងនេះជាកីឡាជំនួយឱ្យអ្នកលេងមានភាពរហ័សរហួស​និងមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ។

Leak Kansen

. វារបង្កង៖ ល្បែងនេះជាទីពេញនិយមរបស់កុមារកុមារីខ្មែរ តាំងពីបុរាណក្នុងនោះកម្លោះក្រមុំក៏និយមលេងផងដែរនៅបុណ្យចូលឆ្នាំខ្មែរមកដល់ ដោយល្បែងនេះ គេអាចលេងបានដោយមិនកំណត់ចំនួនមនុស្សនោះឡើយ។ គេរុំភ្នែកមនុស្សពីរនាក់ឱ្យជិតដោយក្រមាខ្មែរ ហើយគេឱ្យចូលរួមលេង កាន់ត្រឡាកដូង ដោយដើរគោះត្រង់នេះត្រង់នោះបន្តិច ដើម្បីជាស្នូរសំឡេង ឱ្យអ្នកត្រូវគេរុំភ្នែកស្តាប់ហើយតាមចាប់តាមរយៈស្នូរសំឡេង ប្រសិនបើនរណាត្រូវគេចាប់បាន នឹងត្រូវគេ​ឱ្យរុំភ្នែកធ្វើជាអ្នកចាប់គេម្តង។ ល្បែងនេះជាជំនួយស្មារតីឱ្យអ្នកលេងមានភាពរវៀសរវៃខាងស្តាប់ និងរហ័សរហួនដៃជើង។

367497373 671406228354291 5209846049047530293 N

យ៉ាងណាមិញក្រៅពីល្បែងប្រជាប្រិយពេញនិយមទាំង៧ប្រភេទនេះ ក៏មានល្បែងប្រជាប្រិយជាច្រើនទៀត ដូចជាល្បែង ស្តេចចង់ ចាប់កូនខ្លែង គ្របមាន់ គោះពព្វាក់ គោះត្រឡោក បាយខុំ​​​ កូនគោល គ្របមាន់ជាដើម។ល។ ដោយល្បែងទាំងនោះពុំមានចារឹកជាក្បួនតម្រាទេ គេលេងតាមតែរបៀបតាមទម្លាប់រៀងៗខ្លួននិងតំបន់ស្រុកនីមួយៗ៕

ប្រភពសៀវភៅ៖ ល្បែងប្រជាប្រិយខ្មែរ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia