ថ្មីៗនេះក្រុមហ៊ុនលក់រាយដ៏ល្បីមួយគឺ 7-Eleven បានប្រកាសពីផែនការដែលខ្លួនចង់បើកហាងរហូតដល់ទៅ១០ម៉ឺនទីតាំងទូទាំងពិភពលោក ខណៈពេលនេះក្រុមហ៊ុនកំពុងតែពន្លឿនការចូលទៅក្នុងទ្វីបអឺរ៉ុប អាមេរិក មជ្ឈិមបូព៌ានិងអាហ្រ្វិក។
យោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា ក្រុមហ៊ុនកំពុងតែមានផែនការថ្មីដោយចង់បង្កើនវត្តមានហាង 7-Eleven ទូទាំងពិភពលោកចំនួន១៨% ដែលស្មើនឹង១០ម៉ឺនទីតាំងត្រឹមឆ្នាំ ២០៣០ នេះ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ផែនការនេះគឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងការលក់ទ្រព្យសម្បត្តិផ្សារទំនើបដែលដំណើរការទាបជាងយុទ្ធសាស្រ្តដែលបន្តបន្ទាប់ពីសម្ពាធពីអ្នកវិនិយោគសកម្មជន។
ជាមួយគ្នានោះដែរ ប្រធាន 7-Eleven អាមេរិកខាងជើង លោក Michael DePinto បាននិយាយថា ក្រុមហ៊ុននឹងបន្តស្វែងរកឱកាសយ៉ាងខ្លាំងក្លានៅក្នុងការរួមបញ្ចូលគ្នា និងការទិញយកនៅក្នុងតំបន់។
គួរជម្រាបថា យីហោ7-Eleven គឺជាយីហោដែលល្បីល្បាញពេញពិភពលោក ចំណាស់ជាងគេ និងនៅតែមានសក្តានុពលមកទល់ពេលបច្ចុប្បន្ននេះ ដែលសព្វថ្ងៃយីហោនេះត្រូវបានកាន់កាប់ដោយក្រុមហ៊ុនជប៉ុន១ឈ្មោះថា Seven-Eleven Japan ក្រោយបានធ្វើការដេញថ្លៃភាគហ៊ុនជាងពាក់កណ្តាលពីអាមេរិកកាលពីឆ្នាំ២០០៥៕