តើអ្នកធ្លាប់មានក្តីប្រាថ្នាចង់ក្លាយជា CEO ឬសហគ្រិនដ៏លេចធ្លោម្នាក់ដែរឬទេ? តួនាទីនេះអាចជាក្តីស្រមៃសម្រាប់មនុស្សភាគច្រើន ខណៈមានមនុស្សតិចតួចបំផុតដែលបានបំពេញការងាររាប់ឆ្នាំ មានបទពិសោធន៍ចាស់វស្សា និងកត្តាអំណោយផលជាច្រើនផ្សេងទៀត ទើបអាចមានសមត្ថភាពឡើងដល់ចំណុចកំពូល។ ប៉ុន្តែចូរកុំបារម្ភអី ខាងក្រោមនេះជាច្រកផ្លូវធំៗទាំង៦ ជួយអ្នកអាចក្លាយជា CEO នៃអាជីពរបស់អ្នក ហើយធ្វើការដូចមហាសេដ្ឋីធ្វើ៖
១/. បង្កើតផាសុខភាពក្នុងការសម្រេចចិត្តឲ្យដូច CEO៖ ក្នុងនាមជា CEO ម្នាក់វាជារឿងសំខាន់ក្នុងការប្រមូលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ សួរសំណួរ និងពិចារណាអំពីលទ្ធផលដែលអាចកើតឡើងនៃការសម្រេចចិត្ត។ បន្ទាប់មកនៅចុងបញ្ចប់ នាយកប្រតិបត្តិត្រូវតែធ្វើការសម្រេចចិត្ត ហើយរស់នៅជាមួយនឹងជម្រើសដែលគាត់បានធ្វើ។
២/. CEO ពិចារណាទាំងរយៈពេលខ្លី និងរយៈពេលវែង៖ ប្រសិនបើ CEO មានបំណងចង់ទទួលបានភាពជោគជ័យប្រកបដោយនិរន្តរភាព នាយកប្រតិបត្តិដ៏ល្អម្នាក់ត្រូវរក្សាជើងម្ខាងឱ្យរឹងមាំក្នុងបច្ចុប្បន្នកាល ហើយជើងម្ខាងទៀតប្រឈមមុខនឹងអនាគតដោយអារម្មណ៍រំពឹងទុក ។ ការរស់នៅក្នុងបច្ចុប្បន្ន និងអនាគត នឹងជួយអ្នកត្រៀមខ្លួនរួចរាល់តតាំងបញ្ហានានា និងចាប់ឱកាសបានទាន់ពេលវេលា។
៣/. CEO បន្តរៀន និងអភិវឌ្ឍជំនាញថ្មីៗ៖ CEO ពូកែមិនអាចនៅទ្រឹងមួយកន្លែងបានទេ ព្រោះអ្នកនឹងដើរក្រោយគេមិនខាន។ អ្នកត្រូវឆ្លៀតពេលខ្លះដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងដូចជា រៀនជំនាញថ្មីៗ បណ្តុះជំនាញទន់បន្ថែម ឬជំនាញទំនាក់ទំនងជាដើម។ មិនថាអ្វីក៏ដោយក្នុងនាមជា CEO ត្រូវការពេលវេលាដើម្បីកែលម្អនិងពង្រឹងសមត្ថភាពខ្លួនជាបន្តបន្ទាប់។
៤/. CEO សេពគប់ជាមួយមនុស្សឆ្លាត ហើយស្វែងរកដំបូន្មានល្អៗ៖ ប្រសិនបើសង្គមវិនិច្ឆ័យយើងដោយក្រុមហ៊ុនដែលយើងធ្វើការ នោះពិភពជំនួញវិនិច្ឆ័យយើងតាមរយៈមនុស្សដែលយើងជួល និងសេពគប់ជាមួយ។ CEO ឆ្លាតវៃចេះជ្រើសរើសមនុស្សជុំវិញខ្លួនដែលអាចជួយផ្តល់ដំបូន្មានល្អៗ ឬធ្វើជាបុគ្គលគំរូ។ ក្នុងនោះអ្នកក៏គួរដឹងពីក្រុមមនុស្សដែលមិនគួរនៅក្បែរផងដែរដូចជា ជនទាញអ្នកឲ្យខាតប្រយោជន៍ កែងបន្លំអ្នក ឬនាំអ្នកឲ្យខូចកេរ្តិ៍ឈ្មោះជាដើម។
៥/. CEO ដឹងពីរបៀបនិយាយថា «ទេ»៖ រាល់ពេលដែលអ្នកនិយាយថា "បាទ" ចំពោះរឿងមួយ អ្នកកំពុងនិយាយថា "ទេ" ចំពោះអ្វីផ្សេងទៀត។ នៅពេលឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ Apple លោក Steve Jobs ធ្លាប់បាននិយាយថា៖ «ខ្ញុំមានមោទកភាពចំពោះរឿងជាច្រើនដែលយើងមិនបានធ្វើដូចអ្វីដែលយើងបានធ្វើ។ ការច្នៃប្រឌិតដ៏អស្ចារ្យគឺកើតចេញពីការនិយាយពាក្យថា "ទេ" ចំពោះរឿងមិនសំខាន់រាប់ពាន់»។
៦/. CEO មានភាពធន់ ការតស៊ូជំនះឧបសគ្គ និងដោះស្រាយជម្លោះ៖ អ្នកដឹកនាំគ្រប់រូបនឹងជួបទុក្ខលំបាក ភាពអត់ធ្មត់ និងការប្រកាន់ចិត្តជាកណ្តាល រួមទាំងសមត្ថភាពក្នុងការវិនិច្ឆ័យជម្លោះ គឺជារឿងសំខាន់បំផុតមួយ។ អ្នកត្រូវរៀនពីវិធីសាស្ត្រកាត់បន្ថយជម្លោះ និងដោះស្រាយតាមរបៀបការទូត។ ប្រសិនបើស្ថាប័នរបស់អ្នកមានជម្លោះផ្ទៃក្នុង ឬជាមួយដៃគូសហការតើអ្នកនឹងមានដំណោះស្រាយបែបណា?
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366


