កុំឱ្យហួសពេល! បើចង់ឱ្យកូនក្លាយជាអ្នករកស៊ីជោគជ័យ ឪពុកម្ដាយឈ្លាសវៃត្រូវធ្វើរឿង ៦ នេះទាន់កូននៅកូនតូច
Pov SaruFEBRUARY 7 2026444 views

ចង់ឱ្យកូនធំឡើងក្លាយជាមនុស្សពូកែ ឆ្លាត អនាគតក្លាយជាអ្នករកស៊ី ឬសហគ្រិនដ៏ជោគជ័យម្នាក់ គួរចាប់ផ្ដើមបណ្ដុះពួកគេតាំងពីនៅវ័យក្មេងឱ្យហើយ។ ព្រោះក្មេងៗប្រៀបដូចជាក្រដាសស ដែលងាយនឹងប្រឡាក់ និងឆាប់ចាប់បាន ជាពិសេសងាយទទួលឥទ្ធិពលពីឪពុកម្ដាយ ដូច្នេះបើចង់ឱ្យអនាគតកូនក្លាយជាមនុស្សជោគជ័យលើវិស័យជំនួញគួរកុំពឹងចំណេះតែពីក្នុងសាលា អ្នកជាឪពុកម្ដាយក៏ត្រូវចូលរួមបង្ហាត់បង្រៀនបន្ថែមដែរ។ ហើយនេះគឺជាចំណុចពិសេសទាំង ៦ ដែលគួរបណ្ដុះកូនៗឱ្យចេះ៖ 

 

១. បង្រៀនពួកគេពីការកំណត់គោលដៅជីវិត៖ អ្នកអាចសាកល្បងឱ្យកូនសរសេរអំពីអាជីព ឬអ្វីដែលពួកគេចង់ធ្វើពេលអនាគត ហើយអ្នកត្រូវជួយពន្យល់ពួកគេថាតើអាជីពមួយណាដែលស្របនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ពួកគេ (តែអ្នកមិនមែនជាកំណត់ឱ្យពួកគេធ្វើទេ)។ បន្ទាប់មក បង្រៀនឱ្យពួកគេហ៊ានបោះជំហ៊ានតូចៗដើម្បីឈានទៅរកគោលដៅនោះ ហើយចាប់ផ្ដើមអនុវត្តវាជាជំហ៊ានៗ។ 

 

២. បង្រៀនពីរបៀបចាប់យកឱកាស និងដោះស្រាយបញ្ហា៖ អ្នកត្រូវបង្រៀនពួកគេឱ្យចេះសង្កេតមើលពីបញ្ហាប្រចាំថ្ងៃ និងរៀនគិតរកដំណោះស្រាយតាមផ្លូវវិជ្ជមាន។ ឧទាហរណ៍ ពេលជួបបញ្ហាតូចៗក្នុងជីវិតប្រចាំថ្ងៃ អ្នកគួរជំរុញឱ្យពួកគេសាកគិតដោយខ្លួនឯងមុនពេលសុំជំនួយដូចជា (ពួកគេចង់ញុំាបាយ ជាជាងទៅដាំបាយឱ្យពួកគេ អ្នកអាចប្រាប់ពួកគេពីវិធីថាគួរធ្វើបែបណាខ្លះដើម្បីបានបាយញុំា ) ។ នេះគឺជាការបង្រៀនពីវិធីដោះស្រាយបញ្ហា ជំរុញឱ្យពួកគេចេះគិតហើយដោះស្រាយការឃ្លានដោយខ្លួនឯង កុំឱ្យចេះតែពឹងផ្នែកលើអ្នកដទៃ ភ្ជាប់ទៅអនាគត វិធីនេះនឹងជួយបង្កើតទម្លាប់គិតច្នៃប្រឌិត និងជាមូលដ្ឋានសម្រាប់គំនិតអាជីវកម្មនាដែរ។ 

 

៣. បង្រៀនពីចំណេះដឹងហិរញ្ញវត្ថុ៖ បង្រៀនចំណេះដឹងហិរញ្ញវត្ថុដល់កូនរបស់អ្នកពីក្មេង អាចជួយឱ្យពួកគេធំឡើងមានទស្សនៈល្អចំពោះលុយ បង្រៀនពួកគេពីអត្ថប្រយោជន៍របស់លុយ របៀបរក របៀបគ្រប់គ្រង់ និងពីរបៀបប្រើប្រាស់លុយជាដើមទុន។ បន្ទាប់មកត្រូវអនុញ្ញាតឱ្យពួកគេចេះរកលុយដោយខ្លួនឯងចាប់ពីការជួយលក់ (ប្រសិនបើអ្នកមានអាជីវកម្មផ្ទាល់ខ្លួន) ឬឱ្យឱកាសពួកគេចាប់ផ្ដើមអាជីវកម្មតូចមួយខ្លួនឯងដោយមានអ្នកជាអ្នកជួយគាំទ្រ។ វិធីនេះនឹងជួយឱ្យពួកគេមានគ្រឹះរឹងមាំក្នុងការរកស៊ី ទម្រាំដល់ពេលធំឡើងពួកគេអាចនឹងក្លាយជាអ្នកជោគជ័យលើវិស័យជំនួញម្នាក់។


 
៤. បណ្តុះជំនាញទំនាក់ទំនង៖ នៅក្នុងការធ្វើជំនួញ ជំនាញទំនាក់ទំនងពិតជាសំខាន់។ អ្នកត្រូវបង្រៀនកូនឱ្យចេះគោរពអ្នកដទៃ បង្រៀនពីរបៀបនិយាយ និងមើលមុខអ្នកដែលកំពុងសន្ទនាជាមួយ។ ទាំងការទំនាក់ទំនងផ្ទាល់ និងតាមទូរស័ព្ទ គួរបង្រៀនឱ្យពួកគេមានភាពជឿជាក់ និងច្បាស់លាស់។ ការចេះទំនាក់ទំនងខ្លាំង អាចឱ្យកូនយកឈ្នះបានគ្រប់ឧបសគ្គនៅពេលធ្វើអាជីវកម្ម  រួមទាំងទំនាក់ទំនងផ្ទាល់ខ្លួននៅថ្ងៃអនាគត។

 

៥. បង្កើតទម្លាប់ភាពជាអ្នកដឹកនាំ៖ បង្រៀនឱ្យកូនមានឱកាសដឹកនាំសកម្មភាពតូចៗជាមួយមិត្តភក្តិ ដូចជា លេងកីឡា ឬរៀបចំកម្មវិធីសប្បាយៗ។ អនុញ្ញាតឱ្យពួកគេបញ្ចេញយោបល់ និងសម្រេចចិត្តខ្លះៗក្នុងគ្រួសារ ដើម្បីបណ្តុះភាពជឿជាក់ និងសមត្ថភាពដឹកនាំ។

 

៦. បណ្តុះជំនាញលក់៖ ការលក់គឺជាជំនាញសំខាន់សម្រាប់គ្រប់អាជីព។ អ្នកអាចឱ្យកូនសាកល្បងលក់របស់តូចៗ ដូចជា សម្ភារដៃ ឬរបស់លេង។ បង្រៀនពួកគេឱ្យចេះដាក់តម្លៃ ផ្សព្វផ្សាយ និងទាក់ទងអតិថិជន ដើម្បីឱ្យពួកគេយល់ពីដំណើរការអាជីវកម្មជាក់ស្តែង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia