មានកូនតូច ពិបាកគ្រប់គ្រងចំណាយ និងសន្សំលុយ? សាកល្បង តិចនិកសាមញ្ញៗ ទាំង ៦ យ៉ាងនេះ
Chan SophonAUGUST 11 2026205 views

ជាការពិត សម្រាប់ការកំពុងមានផ្ទៃពោះ ឬការមានកូនតូចនៅក្នុងគ្រួសារ ពិតជាធ្វើឲ្យយើងគិតច្រើន អំពីការចំណាយ ការរៀបចំរបស់របរក្នុងផ្ទះ ព្រមទាំងការត្រៀមខ្លួនឲ្យរួចរាល់ ដែលធ្វើឲ្យការសន្សំលុយ ក្លាយជាបញ្ហាប្រឈម។ ដូច្នេះ ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ ជីវិតជាអ្នកម្ដាយសម័យថ្មី នេះជា តិចនិកសាមញ្ញៗ ទាំង ៦ យ៉ាង ដែលអ្នកអាចអនុវត្តបាន៖

 

១.រៀបចំថវិកាដោយប្រើរូបមន្ត ៥០/៣០/២០៖ បែងចែកចំណូលប្រចាំខែជា ៣ ចំណែក។
-៥០% សម្រាប់តម្រូវការចាំបាច់៖ ម្ហូបអាហារ ទឹក-ភ្លើង និងរបស់ប្រចាំថ្ងៃរបស់កូន (ទឹកដោះគោ ខោទឹកនោម) ជាដើម។
-៣០% សម្រាប់បំណងប្រាថ្នា ឬការកម្សាន្ត៖ ការដើរលេង សម្លៀកបំពាក់ថ្មីៗ ឬរបស់លេងកូន។
-២០% សម្រាប់ប្រាក់សន្សំ៖ សន្សំទុកសម្រាប់អាសន្ន ឬអនាគតកូនៗ។


២.ធ្វើបញ្ជីទិញទំនិញ និងទិញជាដុំ៖ មុនពេលទៅផ្សារ ឬមីនីម៉ាត ត្រូវសរសេរបញ្ជីអីវ៉ាន់ដែលត្រូវទិញឲ្យបានច្បាស់លាស់ ហើយទិញតែរបស់ក្នុងបញ្ជីប៉ុណ្ណោះ។ សម្រាប់របស់ប្រើប្រាស់កូន ដែលត្រូវប្រើប្រចាំដូចជា ខោទឹកនោម ឬក្រដាសសើម ការទិញជាតម្លៃបោះដុំ ឬទិញពេលមានការបញ្ចុះតម្លៃ អាចជួយសន្សំប្រាក់បានច្រើន។


៣. ប្រើប្រាស់របស់ផ្លាស់ប្តូរគ្នា ឬទិញរបស់មួយទឹក៖ កូនតូចធំធាត់លឿនណាស់ ដូច្នេះរបស់មួយចំនួនដូចជា សម្លៀកបំពាក់ រទេះរុញ ឬរបស់លេង កូនប្រើបានតែប៉ុន្មានខែប៉ុណ្ណោះ ច្បាស់ជាត្រូវដូរថ្មី។ ដូច្នេះ អ្នកអាចខ្ចី ឬប្រើបន្តពីបងប្អូន ឬមិត្តភក្តិបាន។ ឬមួយក៏ទិញរបស់មួយទឹកដែលមានគុណភាពល្អ ដើម្បីកាត់បន្ថយចំណាយមិនចាំបាច់។


៤. កាត់បន្ថយការទិញរបស់លេងច្រើនហួសហេតុ៖ ក្មេងតូចៗច្រើនតែចាប់អារម្មណ៍របស់លេងថ្មីតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ ដូច្នេះពេលទិញរបស់ថ្មីមក ទុករបស់លេងចាស់មួយចំនួន ហើយយកចេញមកលេង
ម្តងមួយៗតាមសប្តាហ៍ ដើម្បីឲ្យកូនមានអារម្មណ៍ថាជារបស់ថ្មីជានិច្ច។ ឬមួយទៀត បង្កើតសកម្មភាពលេង ដោយប្រើប្រាស់របស់ប្រចាំថ្ងៃក្នុងផ្ទះ ជំនួសឲ្យការទិញរបស់លេងថ្លៃៗ។


៥.បង្កើតការសន្សំអាសន្នសម្រាប់សុខភាព៖ កូនតូចៗ ងាយនឹងឈឺ ឬត្រូវជួបគ្រូពេទ្យជាញឹកញាប់។ ការដកប្រាក់មួយផ្នែកតូច ទុកដាច់ដោយឡែក សម្រាប់ថ្លៃព្យាបាល ឬការចាក់វ៉ាក់សាំង នឹងជួយការពារមិនឲ្យប៉ះពាល់ដល់ថវិកាប្រចាំខែទូទៅឡើយ។


៦. ធ្វើម្ហូប និងអាហារសម្រន់ឲ្យកូននៅផ្ទះដោយខ្លួនឯង៖ ការធ្វើអាហារបំប៉ន ឬអាហារសម្រន់ឲ្យកូននៅផ្ទះ មានអនាម័យ ផ្តល់អាហាររូបត្ថម្ភគ្រប់គ្រាន់ និងចំណាយតិចជាងការទិញអាហារកំប៉ុង ឬអាហារស្រាប់ពីខាងក្រៅ។

 

យ៉ាងណាមិញ ម្តាយគ្រប់រូបមានកាលៈទេសៈ និងទស្សនៈខុសៗគ្នាលើការចិញ្ចឹមកូន។ ហើយប៉ុន្មានចំណុចខាងលើនេះ សង្ឃឹមថា វាមានប្រយោជន៍ និងជួយឲ្យអ្នកអាចមានដំណើរជីវិតជាអ្នកម្តាយ មានសុខភាពល្អ និងរីករាយទាំងក្នុងជីវិតគ្រួសារ ព្រមទាំងជីវិតហិរញ្ញវត្ថុផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia