ជីវិតរស់នៅត្រូវមានគោលការណ៍ រីឯការធ្វើការក៏ត្រូវតែមានវាដូចគ្នា។ ថ្ងៃនេះ Business Cambodia នឹងណែនាំនូវគោលការ ស៥ ដល់មិត្តអ្នកអាន ដែលវានឹងអាចជួយឱ្យម្ចាស់អាជីវកម្ម និងបុគ្គលិក កាន់តែរីកចម្រើននិងបង្កើនតម្លៃនៅកន្លែងការងារ។
គោលការណ៍ ៥ស ឬជាភាសាអង់គ្លេស 5s គឺជាគោលការណ៍ដ៏ល្អបំផុតមួយដែលនឹងជួយឱ្យប្រសិទ្ធផាពក្នុងការបំពេញការងារមានការកើនឡើង ការបំពេញការងារមានភាពរហ័ស សុវត្ថិភាពខ្ពស់ សោភ័ណភាពនៅកន្លែងការងារ កាត់បន្ថយការចំណាយ និងចំណុចវិជ្ជមានជាច្រើនផ្សេងទៀត ជាពិសេសការឱ្យតម្លៃពីមិត្តរួមការងារក្រោយពេលដែលអ្នកអនុវត្តគោលការណ៍ “ស៥” ឬ “5s”។ តើគោលការណ៍ទាំងនោះមានអ្វីខ្លះ?
១. សម្រិតសម្រាំង (Sort)៖ នៅក្នុងចំណុចនេះគឺសម្ដៅទៅលើការស្គាល់ថាអ្វីដែលសំខាន់ និងមិនសំខាន់ហើយបន្ទាប់មកបោះចោលនូវអ្វីដែលមិនសំខាន់ចោល។ បើនិយាយឱ្យងាយយល់ត្រូវញែកឱ្យដាច់រវាងអ្វីដែលសំខាន់ និងមិនសំខាន់ឱ្យដាច់ដោយឡែកពីគ្នា ហើយរក្សាតែអ្វីដែលសំខាន់តែប៉ុណ្ណោះ។ ជាឧទាហរណ៍ នៅកន្លែងការងាររបស់អ្នកអាចរៀបចំទុកដាក់ ឬតាំងតែអ្វីដែលសំខាន់បានហើយ កុំរក្សាអ្វីគ្រប់យ៉ាងដែលធ្វើឱ្យមានភាពរញ៉េរញ៉ៃ ខូចទាំងអារម្មណ៍ក្នុងការបំពេញការងារ។
២. សណ្ដាប់ធ្នាប់ (Set in Order)៖ អ្នកត្រូវរៀបចំការងារឱ្យមានសណ្ដាប់ធ្នាប់ល្អ ងាយស្រួលក្នុងការរក ងាយស្រួលក្នុងការធ្វើសកម្មភាពបំពេញការងារ ធ្វើឱ្យមើលទៅមានភាពទាក់ទាញ និងមិនធ្វើឱ្យអ្នកត្រូវចំណាយពេលវេលាច្រើនក្នុងការស្វែងរកអ្វីមួយនោះទេ ពេលដែលអ្នករៀបចំវាតាមលំដាប់លំដោយល្អ។
៣. សម្អាត (Shine)៖ ត្រឹមតែរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អគឺមិនទាន់គ្រប់គ្រាន់នោះទេ អ្នកត្រូវធ្វើការសម្អាតឱ្យបានស្អាតល្អជាប្រចាំផងដែរ។ ជាឧទាហរណ៍ តុសម្រាប់បំពេញការងាររបស់អ្នកគួរសម្អាតឱ្យបានជាប្រចាំដើម្បីអនាម័យ ដើម្បីសោភ័ណភាព និងអារម្មណ៍ល្អក្នុងការបំពេញការងារ។
៤. ស្ដង់ដារ (Standardize)៖ មិនថាធ្វើអ្វីនោះទេ អ្នកត្រូវតែកំណត់ស្តង់ដារឱ្យបានត្រឹមត្រូវ ហើយព្យាយាមធ្វើវាឱ្យត្រូវតាមស្ដង់ដារជានិច្ច។ នៅពេលដែលយើងធ្វើអ្វីមួយដែលត្រូវតាមស្តង់ដារ នោះវានឹងជួយឱ្យមានសុវត្ថិភាពផងដែរ ជាពិសេសនៅក្នុងការផលិតផ្សេងៗ។
៥. ស្ថិតស្ថេរ ( Sustain)៖ គោលការណ៍មួយនេះអ្នកត្រូវអនុវត្តឱ្យបានជាប្រចាំ និងយូរអង្វែង មិនមែនអនុវត្តតែបន្តិចហើយក៏បោះបង់ចោលទៅវិញនោះទេ។ មួយវិញទៀត អ្នកក៏ណែនាំគោលការណ៍នេះទៅដល់មនុស្សជុំវិញខ្លួន ឬមិត្តរួមការងារផងដែរ ដើម្បីឱ្យគោលការណ៍នេះនៅបន្តអនុវត្តជាស្ថិតស្ថេរនៅក្នុងស្ថាប័នរបស់អ្នក។
ជាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើននៅលើពិភពលោករួមទាំងនៅក្នុងប្រទេសកម្ពុជាក៏កំពុងយកគោលការណ៍នេះទៅអនុវត្តកាន់តែច្រើនឡើងៗផងដែរ ព្រោះវាធ្វើឱ្យស្ថាប័នរបស់ពួកគេទទួលនូវភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ គោលការណ៍នេះត្រូវបានគេអនុវត្តនៅក្នុងបរិបទផ្សេងៗគ្នាមិនថាក្នុងការបំពេញការងារ ការផលិត ការដឹកនាំនោះទេ។ មួយវិញទៀតអ្នកក៏អាចយកគោលការណ៍នេះទៅអនុវត្តរាល់កិច្ចការដែលអ្នកកំពុងតែធ្វើផងដែរ៕


