នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ខណៈចាប់ពីឆ្នាំ២០២៦ តទៅ កម្ពុជានឹងបើកឱ្យដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជាហើយ។
ជាក់ស្តែង កាលពីថ្មីៗនេះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត គឺការបើកឱ្យដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការនៅកម្ពុជា ចាប់ពីឆ្នាំ២០២៦ តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
ជាមួយគ្នានោះដែរ ចំពោះអត្ថប្រយោជន៍សំខាន់ៗដែលសេវា 5G នឹងនាំមកឱ្យកម្ពុជាដូចខាងក្រោម៖
១. ល្បឿនទិន្នន័យលឿនបំផុត — លឿនជាងសេវា 4G ដល់ទៅ ១០ ដង អនុញ្ញាតឱ្យទាញឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាងមុន។
២. រយៈពេលនៃការឆ្លើយតប (Latency) ទាបខ្លាំង — បណ្តាញឆ្លើយតបជាក់ស្តែងសមស្របសម្រាប់សេវាជាច្រើន ដូចជា ការសង្គ្រោះបន្ទាន់ និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ជាដើម។
៣. ការប្រើប្រាស់ឧបករណ៍បានច្រើនជាងមុន — សេវា 5G អាចតភ្ជាប់ឧបករណ៍រាប់លានក្នុងមួយគីឡូម៉ែត្រការ៉េ ជាជំហានដ៏សំខាន់សម្រាប់ទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល និងរោងចក្រឆ្លាតវៃ ជាដើម។
៤. ការជំរុញឧស្សាហកម្មនិងស្នូលអេកូឡូស៊ីឌីជីថល — សេវា 5G នឹងជួយបង្កើនប្រសិទ្ធភាពវិស័យផលិត ដឹកជញ្ជូន Fintech e-Commerce និង Startup នវានុវត្តន៍។
៥. ការលើកកម្ពស់សេវាសាធារណៈ — e-Health, e-Education, e-Government និងសេវាឌីជីថលរដ្ឋទាំងមូល នឹងកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុន។
៦. ការពង្រឹងភាពរឹងមាំសេដ្ឋកិច្ចជាតិ — សេវា 5G នឹងទាក់ទាញវិនិយោគ កសាងឱកាសការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។ សេវា 5G មិនមែនត្រឹមតែ “អ៊ីនធឺណិតល្បឿនលឿន” ប៉ុណ្ណោះទេ តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ប្រជាជនកម្ពុជា។

សូមជម្រាបជូនថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសិក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រក្នុងការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ហើយបានប្រមូលធាតុចូលពីគ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករនីមួយៗ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរការជោគជ័យនៅក្នុងប្រទេសយើង។


