ប្រតិភូធុរជនចិនដែលតំណាងឱ្យក្រុមហ៊ុនធំៗចំនួន៥៤ មកពីក្រុងស៊ិនជិន ខេត្តក្វាងទុង មានការចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
យោងតាមការដកស្រង់ពីទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ការបង្ហាញបំណងវិនិយោគនេះធ្វើឡើងក្នុងឱកាសគណៈប្រតិភូចិនខាងលើ ដឹកនាំដោយលោក វ៉ង សឺ (WANG Shi) ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្រុងស៊ិនជិន ជួបពិភាក្សាជាមួយឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដើម្បីស្វែងយល់អំពីសក្ដានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោក វ៉ង សឺ និងប្រតិភូធុរជនចិនមកពីក្រុងស៉ិនជិន បានលើកឡើងថា ពួកគេមានការចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក៏ដូចជាខេត្តសៀមរាប ខណៈដែលប្រតិភូធុរជនចិននេះក៏បានធ្វើទស្សនកិច្ចស្វែងយល់នៅតាមគោលដៅទាំងនេះច្រើនថ្ងៃមកដែរ។
ប្រធានមូលនិធិខាងលើបានបញ្ជាក់ថា គំនិតដែលចង់មកធ្វើធុរកិច្ច វិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការនៅកម្ពុជានេះ គឺបានផុសចេញឡើងតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើទស្សនកិច្ចនៅប្រទេសចិន កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ដោយក្នុងនោះសម្ដេចធិបតីនាយរដ្ឋមន្ត្រីបានបំផុសទាក់ទាញអ្នកវិនិយោគ និងធុរជននៅប្រទេសចិនមកស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា៕


