កុំអាលខ្ចីលុយគេមករកស៊ី! មុខរបរតូចៗ ៤ មុខ ប្រើដើមទុនក្រោម $៥០ តែអាចរកចំណូលបានរាល់ថ្ងៃ
Chan SophonAUGUST 31 20264.4 K views

កុំអាលខ្ចីលុយគេមករកស៊ី! ការចាប់ផ្តើមអាជីវកម្មមិនចាំបាច់ទាមទារដើមទុនរាប់ពាន់ដុល្លារនោះទេ។ សម្រាប់អ្នកដែលមានថវិកាខើច ឬចង់សាកល្បងសមត្ថភាពរកស៊ីដំបូង ខាងក្រោមនេះជា មុខរបរតូចៗ ៤ មុខ ប្រើដើមទុនក្រោម $៥០ ប៉ុន្តែអាចទាញយកប្រាក់ចំណូលបានរៀងរាល់ថ្ងៃ៖

 

១.លក់ភេសជ្ជៈត្រជាក់ៗ និងកាហ្វេដបនៅមុខផ្ទះ ឬតាមការិយាល័យ៖ អាចចាយដើមទុន $២០ - $៣៥ សម្រាប់ទិញកែវ ឬដបប្លាស្ទិក ស្ករ កាហ្វេ តែ ទឹកដោះគោខាប់ និងទឹកកក។ ការធ្វើ គ្រាន់តែឆុងកាហ្វេទឹកដោះគោ ឬតែបៃតង ច្រកដបប្លាស្ទិកស្អាតៗ រួចត្រាំទឹកកកក្នុងធុងស្នោ ហើយដាក់លក់នៅលើតុមុខផ្ទះ ផ្ញើលក់តាមការិយាល័យធ្វើការ ឬផុសប្រាប់អ្នកជិតខាង និងមិត្តភក្តិ។ លក់បានលុយស្រស់ភ្លាមៗ និងមានប្រាក់ចំណេញខ្ពស់។

 

២.លក់អាហារសម្រន់ក្តៅៗ ឬម្ជូរស្រស់តាមការកុម្ម៉ង់៖ ដើមទុនពី $១៥ - $៣០ ដោយទិញផ្លែឈើ (ស្វាយ ម្កាក់ត្របែក) ទិញគ្រឿងប្រឡាក់ (អំបិលម្ទេស ឬទឹកត្រីផ្អែម) ឬគ្រឿងប្រហិត និងថង់ ឬចានប្លាស្ទិក។ ចិតផ្លែឈើ ឬធ្វើម្ជូរក្រឡុកឆ្ងាញ់ៗ ច្រកប្រអប់ ឬថង់ឲ្យស្អាត។ ហើយថតរូបផុសកុម្ម៉ង់ (Pre-Order) ក្នុង Group Facebook Telegram ឬកន្លែងធ្វើការ មុនពេលធ្វើ។ បើកទទួលការកុម្ម៉ង់ព្រឹក ដឹកជញ្ជូនថ្ងៃត្រង់ ឬល្ងាច មិនបាច់ភ័យខ្លាចសល់ស្តុក។

 

៣.សេវាកម្ម ជើងសារឬភ្នាក់ងារ៖ ដើមទុន ពី $០ -$១០) ដោយចំណាយតែលុយបញ្ចូលកាតទូរស័ព្ទ និងអ៊ីនធើណេត។ របៀបធ្វើ ដើរមើលផ្ទះជួល ដី ឬសម្ភារចាស់ៗរបស់គេដែលចង់លក់ យកមកថតរូបផុសលក់បន្ត ដើម្បីទារប្រាក់កម្រៃជើងសារ។ ការរកចំណូលនេះ គ្មានហានិភ័យ គ្មានការកកស្ទះដើមទុន តែអាចរកប្រាក់កម្រៃបានជាប្រចាំ។

 

៤.សេវាកម្មបោកគក់ ឬសម្អាតទ្រង់ទ្រាយតូច៖ ដើមទុនពី $១៥ - $២៥) ដោយទិញសាប៊ូបោកខោអាវ ទឹកក្រអូប ថង់ប្លាស្ទិក និងច្រាសដុស។ គ្រាន់តែប្រើប្រាស់ម៉ាស៊ីនបោកខោអាវ និងទីធ្លាហាលខោអាវដែលមានស្រាប់នៅផ្ទះ ទទួលបោក អ៊ុត និងបត់ខោអាវ ឲ្យអ្នកធ្វើការ ឬសិស្សនិស្សិតដែលនៅបន្ទប់ជួលជិតៗនោះ។ ការរកចំណូល គិតថ្លៃជាគីឡូ ឬជាកញ្ចប់ប្រចាំខែ។ ជាសេវាកម្មដែលមនុស្សត្រូវការជាចាំបាច់ និងផ្តល់ប្រាក់ចំណូលទៀងទាត់។

 

សរុបមក ដើមទុនតូច មិនមែនជាឧបសគ្គទេ អ្វីដែលសំខាន់គឺ ការសន្សំសំចៃ ភាពស្មោះត្រង់ និងសេវាកម្មល្អ។ នៅពេលអាជីវកម្មតូចនេះដើរស្រួល អ្នកនឹងមានដើមទុនពង្រីកវាឲ្យកាន់តែធំដោយខ្លួនឯង ដោយមិនបាច់ជំពាក់បំណុលគេ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia