បណ្តេញសង្គមគឺជាវេទិកាសេរីនិងជាអាវុធមុខពីរ ដែលមនុស្សគ្រប់គ្នាសុទ្ធតែទទួលឥទ្ធិពលពីវាក្នុងសម័យឌីជីថលនេះ។ ផ្ទុយមកវិញបណ្តេញសង្គមទាំងអស់នេះពិតជាអាចផ្តល់ផលប្រយោជន៍ល្អៗដល់យើងទាំងអស់គ្នា ប្រសិនបើយើងចេះប្រើវាឱ្យត្រូវ។
ជាមួយគ្នាផងដែរថ្ងៃនេះដែរ Business Cambodia សូមណែនាំប្រិយមិត្តឱ្យស្គាល់ មាតិកាទាំង៥ ប្រភេទដែលទទួលបានការទស្សនានិងអាចរកលុយច្រើនបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Influencer MarketingHub។
១.វីដេអូវាយតម្លៃផលិតផល
វីដេអូវាយតម្លៃផលិតផលឬយើងនិយមហៅថា Review Product ដែលការធ្វើវីដេអូបែបនេះអាចធ្វើជាការធ្វើតេស្តលើផលិតផលថ្មី ការសាកល្បងផលិតផលរួចហើយផ្តល់មតិនិងឱ្យពិន្ទុទៅលើផលិតផលមួយនោះ។ ជុំវិញមាតិកាបែបនេះមិនត្រឹមតែអាចទាញចំណូលពីយូធូបបានច្រើននោះទេ តែយើងអាចទាញចំណូលពីសំណាក់ម្ចាស់ផលិតផលដែលជួលឱ្យយើង Review ផលិតផលរបស់ពួកគេជាដើម។
២.វីដេអូ Vlog
វីដេអូប្រភេទនេះគឺអាចចាប់ផ្តើមពីសកម្មភាពប្រចាំថ្ងៃឬទម្លាប់ល្អៗរបស់អ្នកទោះជាអ្នកមិនទាន់ល្បីឈ្មោះក៏ដោយក្តី។ ប្រភេទវីដេអូVlog បែបនេះភាគច្រើនគឺគេធ្វើពីជីវិតប្រចាំ ដំណើរកម្សាន្ត ការធ្វើទេសចរណ៍ ឬការចូលរួមកម្មវិធីអ្វីមួយជាដើម ហើយផលិតវីដេអូរបស់អ្នកសម្រាប់ដំណើរកម្សាន្តនោះ។
៣.វីដេអូ Unboxing
វីដេអូបែបបើកកញ្ចប់អីវ៉ាន់ប្រភេទក៏ទទួលបានការគាំទ្រច្រើន ដូចជាការអ៊ុតមើលអីវ៉ាន់សេរីថ្មី បើកកាដូ ឬបុគ្គលល្បីៗធ្វើវិដេអូ បើកអីវ៉ាន់ថ្មីៗរបស់ពួកគេ ដោយមានការនិយាយឬសិល្បៈច្នៃប្រឌិតផ្សេងៗដើម្បីឱ្យវីដេអូកាន់តែមានអ្នកទស្សនាច្រើននិងមានប្រជាប្រិយភាព។
៤.វីដេអូណែនាំ
វីដេអូណែនាំប្រភេទនេះគឺសម្តៅទៅដល់ការបង្រៀនអំពីដំណោះស្រាយតូចឬធំរបស់អ្នកជំនាញលើផ្នែកណាមួយជាក់លាក់ ដោយការបង្ហាញអំពីរបៀបនៃការដោះស្រាយបញ្ហាអ្វីមួយទៅកាន់អ្នកទស្សនា។
៥.វីដេអូអប់រំ
វីដេអូចែករំលែកចំណេះដឹងថ្មីៗ ការនិយាយរបស់វាគ្មិនល្បីៗ ឬវីដេអូអប់រំទៅលើជំនាញណាមួយ ។
គួរជម្រាបផងដែរថាយោងទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថាចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ នេះតទៅ ក្រុមហ៊ុន YouTube នឹងដាក់ឱ្យដំណើរការផ្លូវការ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាតឱ្យអ្នកផលិតមាតិកា YouTube កម្ពុជាអាចរកចំណូលបាន ព្រមទាំងឱកាសចូលទៅប្រើប្រាស់មុខងារសំខាន់ៗ និងធនធានជាច្រើនរបស់ YouTube ផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង


