សាមញ្ញតែមានអត្ថន័យ! មនុស្សឆ្លាតឧស្សាហ៍ ប្រើពាក្យសម្តី៥ឃ្លានេះ ដើម្បីបន្ទន់ចិត្តអ្នកដទៃ
Ping Chou EngJULY 9 20242.6 K views

ការប្រើប្រាស់ពាក្យពេចន៍និយាយសន្ទនាជាមួយអ្នកដទៃអាចបង្ហាញអំពីបញ្ញានិងចរិតលក្ខណៈរបស់មនុស្ស។ យ៉ាងណាមិញខាងក្រោមនេះជាពាក្យសម្តីសាមញ្ញខ្លីៗតែមានអត្ថន័យចំនួន៥ឃ្លាដែលមនុស្សឆ្លាតឧស្សាហ៍ប្រើក្នុងការនិយាយជាមួយអ្នកដទៃ ដើម្បីបន្ទន់ចិត្តដៃគូសន្ទនា។

 

. ខ្ញុំមិនដឹងទេ!៖ មនុស្សឆ្លាតយល់ថាមនុស្សយើងមិនអាចទៅរួចទេ ក្នុងការដឹងនិងចេះអ្វីៗទាំងអស់។ ដូច្នេះពួកគេតែងតែប្រើឃ្លា ខ្ញុំមិនដឹងទេ ដើម្បីឱ្យអ្នកដទៃមានឱកាសបញ្ចេញសមត្ថភាពឬមតិយោបល់ផ្ទាល់ខ្លួន ព្រោះការធ្វើបែបនេះនឹងធ្វើឱ្យដៃគូសន្ទនាម្ខាងទៀតមានអារម្មណ៍រីករាយក្នុងការនិយាយជាមួយពួកគេ ម្យ៉ាងទៀតការនិយាយបែបនេះក៏បង្ហាញថាពួកគេជាមនុស្សដាក់ខ្លួនរៀនសូត្រផងដែរ។

 

. ហេតុអ្វីក៏ដូច្នេះ?៖ ជា​សំណួរ​ដែល​មនុស្ស​ឆ្លាត​មិន​ខ្លាច​នឹង​សួរ​ ពួកគេយល់ថាការនិយាយពាក្យ ហេតុអ្វី គឺជាគន្លឹះក្នុងការទទួលបានចំណេះដឹង និងការយល់ដឹងអំពីរឿងណាមួយឱ្យកាន់តែស៊ីជម្រៅ។ ទន្ទឹមនឹងនេះការប្រើសំណួរបែបនេះនៅក្នុងការសន្ទនាគឺជាការបង្ហាញទៅកាន់អ្នកដទៃអំពីការស្រេកឃ្លានចំណេះដឹងរបស់ពួកគេ ហើយវាក៏ជាឱកាសដើម្បីឱ្យភាគីសន្ទនាម្ខាងទៀតបញ្ចេញចំណេះដឹងផងដែរ ដូច្នេះអ្នកដទៃនឹងកាន់តែពេញចិត្តក្នុងការនិយាយជាមួយគេផងដែរ។

 

. ខ្ញុំយល់!៖​ មនុស្សឆ្លាតនឹងប្រើពាក្យថា ខ្ញុំយល់ ដើម្បីបន្ទន់ចិត្តអ្នកដទៃ ពីព្រោះការប្រើសម្តីនេះគឺជាការបង្ហាញភាពវៃឆ្លាតខាងអារម្មណ៍ថាគេកំពុងយល់ចិត្តចំពោះស្ថានភាពរបស់ដៃគូសន្ទនា។ ជាពិសេសវា​មិន​មែន​គ្រាន់​តែ​ជា​ការ​យល់អំ​ពី​ពាក្យ​ដែល​អ្នក​ណា​ម្នាក់កំពុង​និយាយ​នោះ​ទេ តែវា​ក៏​ជា​ការ​យល់​ពី​អារម្មណ៍និង​ទស្សនៈ​របស់​ដៃគូសន្ទនាផងដែរ។

 

. ឱ្យខ្ញុំគិតអំពីវាមើលសិន!៖ ឃ្លា​មួយ​ទៀត​ដែល​មនុស្ស​ឆ្លាត​តែង​ប្រើ​គឺ ឱ្យ​ខ្ញុំ​គិត​អំពីវាមើលសិន ដើម្បីអន្ទងចិត្តអ្នកដទៃ ព្រោះពួកគេយល់ពីតម្លៃនៃការចំណាយពេលដើម្បីដំណើរការព័ត៌មាន មុននឹងធ្វើការសម្រេចចិត្ត ឬបង្កើតមតិយោបល់។ ការប្រើពាក្យនេះនឹងអាច​ជួយ​បន្ទន់ចិត្តអ្នកដទៃ ឱ្យមើលឃើញអំពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការសម្រេចចិត្តប្រកបដោយភាពម៉ត់ចត់ផ្នែកបញ្ញារបស់ពួកគេផងដែរ។

 

. អរគុណ!៖ មនុស្សឆ្លាតយល់អំពីសារៈសំខាន់នៃការឱ្យតម្លៃអ្នកដទៃ​ ហើយការបង្ហាញការដឹងគុណនេះគឺជាសញ្ញាសម្គាល់ទាំងបញ្ញានិងអត្តចរិត។ ពួកគេយល់ថាការប្រើពាក្យ អរគុណ មិនត្រឹមតែទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់អ្នកដទៃប៉ុណ្ណោះទេ ថែមទាំងជួយជំរុញទំនាក់ទំនងវិជ្ជមាន ការបង្កើនសុភមង្គល និងសុខុមាលភាពរបស់គេជាមួយដៃគូសន្ទនាផងដែរ។

 

ជាការពិតណាស់ដើម្បីប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយអ្នកដទៃដែលជាដៃគូសន្ទនា ការប្រើប្រាស់ពាក្យសម្តីតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ វាទាមទារឲ្យអ្នកចេះប្រើភាសាកាយវិការ ភាសាសកម្មភាពបន្ថែមទៀតទើបជាការប្រសើរ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia