បាត់បង់ចំណូល រកលុយសងគេមិនទាន់ អ្នកត្រូវប្រញាប់ធ្វើរឿង៥នេះភ្លាម បើមិនចង់ជួបបញ្ហាធំ
SOKLY SOFEBRUARY 22 20232.2 K views

បាត់បង់ប្រភពចំណូល គឺជាបញ្ហាធំណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ហើយបើសិនជាកំពុងជាប់បំណុលថែមទៀត បញ្ហានឹងរឹតតែធ្ងន់ធ្ងរខ្លាំងមិនខាន ព្រោះថាការដែលគ្មានលទ្ធភាពរកលុយសងគេឱ្យបានគ្រប់គ្រាន់រាល់ៗខែអាចនាំឱ្យមានទាំងបញ្ហាជាមួយនឹងម្ចាស់បំណុលមួយកម្រិតទៀត។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកស្រី LaToya Irby អ្នកជំនាញផ្នែកឥណទាន បានបង្ហើបពី រឿងសំខាន់ៗ៥ ដែលអ្នកត្រូវប្រញាប់ធ្វើ ពេលរកលុយសងគេលែងទាន់។

១. ចែកឱ្យដាច់រវាង បាត់បង់ចំណូល និងការចាយច្រើនជ្រុល

តើអ្នកបាត់បង់លទ្ធភាពសងបំណុល ដោយសារតែអ្នករកលុយលែងបាន ឬមួយក៏អ្នកកំពុងតែចំណាយច្រើនលើសលុប? មនុស្សជាច្រើនបានយល់ច្រឡំចំពោះ២ចំណុចនេះ ព្រោះតែពួកគេមិនបានរៀបចំ ការចំណាយឱ្យបានត្រឹមត្រូវ ហើយចេះតែគិតថាលុយរកមកមិនសល់ទេព្រោះសុទ្ធតែចំណាយចាំបាច់គ្រប់ច្រក ហេតុនេះហើយបានលុយមកពីណាយកទៅសងគេទៅ។

២. រៀបផែនការឱ្យច្បាស់លាស់

ចាប់ផ្ដើមពីការកត់ត្រារាល់បំណុលដែលអ្នកមានទាំងអស់ឱ្យបានច្បាស់ រួចបែងចែកបំណុលជាពីរក្រុម ទី១​ បំណុលមានការប្រាក់ និងទី២ បំណុលគ្មានការប្រាក់។ កំណត់អាទិភាពបំណុល ដោយជ្រើសរើសបង់បំណុលណាដែលមានការប្រាក់ខ្ពស់ជាងគេ រួចដាក់ផែនការប្រមូលលុយមកសងគេប្រចាំខែឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

៣. កាត់ចំណាយបង្កើនចំណូល

ពិនិត្យមើលរបាយការធនាគារ បញ្ជីចំណាយ ឬវិក្កយបត្រផ្សេងៗ ដោយភាពហ្មត់ចត់ ដើម្បីតាមដានពីការចំណាយរាល់ខែរបស់អ្នកឱ្យប្រាកដថា មានរបស់ណាខ្លះដែលមិនចាំបាច់សម្រាប់ជីវិតរស់នៅ ហើយគួរកាត់បន្ថយវាចេញពីការចំណាយ។

បន្ទាប់មកអ្នកត្រូវ​ រិះរកផ្លូវបង្កើនចំណូល ដើម្បីបំពេញគោលដៅ២គឺ ទី១.ការពារមិនឱ្យខ្លួនឯងត្រូវខ្ចីលុយគេមកប្រើទៀត និងទី២. ប្រមូលលុយដើម្បីបង្គ្រប់សងគេឱ្យឆាប់អស់។

៤. ចរចាជាមួយម្ចាស់បំណុល

បញ្ឈប់ភាពខ្មាសអៀន រៀនដាក់ខ្លួន ចូលទៅនិយាយចរចាជាមួយនឹងម្ចាស់បំណុល សុំឱ្យគេបន្ធូរបន្ថយការប្រាក់ ឬសម្រួលការបង់ប្រាក់ប្រចាំខែឱ្យនៅក្នុងកម្រិតទាបតាមដែលអាចធ្វើទៅបាន។ ឈប់ខ្លាច ហើយសាកល្បងនិយាយពីបញ្ហាហិរញ្ញវត្ថុរបស់អ្នកប្រាប់ទៅកាន់ម្ចាស់បំណុលឱ្យបានលម្អិត បើមានទាំងរបាយការណ៍ចំណូលចំណាយថែមទៀតរឹតតែល្អ។

៥. ស្វែងរកជំនួយផ្នែកគំនិត

បើអ្នកទាល់ខ្លាំង ពិបាកដោះស្រាយដោយខ្លួនឯង អ្នកគួរតែស្វែងរកក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ឬផ្នែកដោះស្រាយបញ្ហាបំណុល ដើម្បីទទួលបានការប្រឹក្សាយោបល់ពីពួកគាត់។ អ្នកជំនាញអាចជួយអ្នកក្នុងការពិនិត្យមើលហិរញ្ញវត្ថុរបស់អ្នក ព្រមទាំងវិធីសាស្រ្តលម្អិតដើម្បីកាត់បន្ថយការទូទាត់ប្រចាំខែ ព្រមទាំងអាចជួយអ្នកពីការគ្រប់គ្រងលុយកាក់ថែមទៀតផង។

អ្នកស្រី LaToya បានគូសបញ្ជាក់ផងដែរថា នៅក្នុងស្ថានភាពនេះដាច់ខាតអ្នកមិនត្រូវបង្កើតបំណុលថ្មីឡើយ ព្រោះថាការបង្កើតបំណុលថ្មីដើម្បីដោះបំណុលចាស់វាមិនមែនជាវិធីល្អឡើយ។ ផ្ទុយទៅវិញវាអាចបំផ្លាញអ្នក ព្រមទាំងអូសអ្នកឱ្យធ្លាក់ក្នុងរណ្ដៅបំណុលវ័ណ្ឌកទៀតផង បើអ្នករើសចំកម្ចីថ្មីដែលមានការប្រាក់ខ្ពស់ជាងបំណុលដែលអ្នកមានស្រេច៕

ចង់បានគំនិតល្អៗ សម្រាប់ដោះស្រាយបញ្ហាបំណុល សូមចុចចូលគ្រុប Telegram មួយនេះ ( https://t.me/so_soklyofficial )
អត្ថបទដោយ៖ សូ សុខលី

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia