មេឃក្តៅខ្លាំង បារម្ភសុខភាព! នេះជាវិធីសាស្រ្ត៥ ដើម្បីរក្សាខ្លួននិងសុខភាពឱ្យត្រជាក់ នៅរដូវក្តៅ
Ping Chou EngAPRIL 3 20241 K views

ក្នុងអំឡុងពេលរដូវក្តៅ ខណៈនៅកម្ពុជាហៅថាខែចេត្រឬរដូវប្រាំងដែលចាប់​ផ្តើមពីអំឡុងខែមេសា ដល់ខែឧសភានេះ អាកាសធាតុតែងតែក្តៅខ្លាំង។ ក្នុងនោះបើតាមអង្គការសុខភាពបានបង្ហាញថាអាកាសធាតុក្តៅខ្លាំងនឹងអាចពាល់ដល់ស្ថានភាពសុខភាពមនុស្ស ជាពិសេសអ្នកដែលងាយរងគ្រោះ ដូចជាកុមារតូចៗនិងមនុស្សចាស់។

យ៉ាងណាមិញបើយោងតាមកាកបាទក្រហមរបស់ចក្រភពអង់គ្លេសបានបង្ហាញពីវិធីសាស្រ្តចំនួន៥យ៉ាងដើម្បីរក្សាខ្លួននិងសុខភាពឱ្យមានសីតុណ្ហភាពសមល្មមត្រជាក់ នៅពេលមេឃក្តៅខ្លាំង។

. កាត់បន្ថយជាតិអាកុល ទទួលទានទឹកគ្រប់គ្រាន់៖ ដើម្បីរក្សាសីតុណ្ហភាពក្នុងខ្លួនឱ្យនៅត្រជាក់ ត្រូវទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ កុំរង់ចាំដល់ស្រេក​ទើបផឹក កាត់បន្ថយជាតិតែ ជាតិកាហ្វេអ៊ីននិងជាតិអាកុល ដោយជំនួសមកវិញនូវការទទួលទានទឹកធម្មតាឬទឹកដែលត្រជាក់ល្មម។

. ស្លៀកពាក់រលុងៗ និងប្រើពណ៍ស្រាល៖ ដើម្បីកាត់បន្ថយកម្តៅ ការស្លៀកពាក់ក៏បានរួមចំណែកយ៉ាងសំខាន់ដល់សីតុណ្ហភាពក្នុងខ្លួនដែរ ដូច្នេះនៅពេលចេញទៅខាងក្រៅចូរស្លៀកពាក់សម្លៀកបំពាក់ពណ៌ស្រាល និងរលុងៗ ដើម្បីជៀសវាងការស្រូបកម្តៅពេលស្លៀកពាក់ពណ៌ខ្មៅឬពណ៌ដិតៗ និងភាពស្អុះស្អាប់ពេលស្លៀកពាក់ខោអាវតឹងៗ។

. ទទួលទានផ្លែឈើសម្បូរជាតិទឹក៖ ដើម្បីជួយបង្កើនភាពត្រជាក់ដល់ក្នុងខ្លួន​និងជួយដល់សុខភាព ពេលរដូវក្តៅ កាត់បន្ថយការទទួលទានអាហារដែលមានជាតិហិរខ្លាំង ខ្លាញ់ច្រើន ដោយជំនួសមកវិញដោយការទទួលទានផ្លែឈើដែលសម្បូរទៅដោយជាតិទឹក ដូចជាផ្លែត្រសក់ ផ្លែឪឡឹក ផ្លែដូង ផ្លែត្រសក់ស្រូវ និងផ្លែម្នាស់ជាដើម ដែលទាំងនេះសុទ្ធសឹងតែជាផ្លែឈើដែលផ្ទុកជាតិទឹកជិត៩០%ឯណោះ។

. រក្សាសីតុណ្ហភាពក្នុងផ្ទះ៖​ ប្រសិនបើផ្ទះខ្លះមិនមានម៉ាស៊ីនត្រជាក់ក្នុងផ្ទះ គឺពិតជាពិបាកក្នុងការរក្សាសីតុណ្ហភាពក្នុងផ្ទះ ប៉ុន្តែបងប្អូនអាចកាត់កម្តៅក្នុងផ្ទះបាន តាមវិធីសាស្រ្តមួយចំនួនដូចជា ការកាត់បន្ថយការចម្អិនម្ហូបដោយប្រើប្រាស់ភ្លើងនៅពេលម៉ោងថ្ងៃក្តៅខ្លាំង ប្រើវាំងននដែលមានពណ៌ស្រាល​ បិទបង្អួចពេលនៅខាងក្រៅថ្ងៃក្តៅ និងបើកបង្អួចពេលល្ងាចត្រជាក់។ 

បិទនិងដកដុយឧបករណ៍អេឡិចត្រូនិចដែលមិនប្រើប្រាស់ និងញុំាទឹកមួយកែវមុនគេងពេលយប់ដើម្បីរក្សាសីតុណ្ហភាពក្នុងខ្លួន ហើយប្រសិនបើពិបាកក្នុងការរក្សាភាពត្រជាក់នៅក្នុងផ្ទះ បងប្អូនអាចធ្វើការទៅលេងកន្លែងសាធារណៈដូចជាផ្សារទំនើបនិងហាងកាហ្វេ នៅពេលថ្ងៃក្តៅខ្លាំងផងដែរ។

. កុំប៉ះពាល់ជាមួយកម្តៅថ្ងៃ៖ សម្រាប់បងប្អូនដែលធ្វើការនៅក្រោមកម្តៅថ្ងៃច្រើន សូមកុំនៅក្រោមកម្តៅថ្ងៃយូរពេក ឧស្សាហ៍ទៅជ្រកក្នុងម្លប់ ប្រើឡេការពារកម្តៅថ្ងៃការពារមុខនិងស្បែក ស្លៀកពាក់ជិតៗ និងពាក់មួកឱ្យបានត្រឹមត្រូវ សម្រាកឱ្យបានទៀងទាត់នៅកន្លែងត្រជាក់ ដើម្បីជៀសវាងការហត់នឿយខ្លាំង ឬជំងឺដាច់សរសៃឈាមខួរក្បាល។

ទន្ទឹមនឹងនេះនាយកដ្ឋានសុខភាពអាមេរិកនៃរដ្ឋ Illinois ក៏បានបញ្ជាក់ថាប្រសិនបើអាកាសធាតុក្តៅខ្លាំងពេកនោះនឹងធ្វើឱ្យរាងកាយមនុស្សចុះខ្សោយខ្លាំង ប៉ះពាល់​សរសៃឈាម​ក្នុង​ខួរក្បាល និងប៉ះពាល់ដល់បេះដូង។

បន្ថែមពីនោះបើតាមការស្រាវជ្រាវនៅទីក្រុងឌូបៃ ​បានឱ្យដឹង​ផង​ដែរថា​ ប្រសិនបើសីតុណ្ហភាពខ្ពស់ជាង ៣៨ អង្សាសេ យើងមិន​គួរនៅក្រោមពន្លឺព្រះអាទិត្យចន្លោះម៉ោង ៩:០០ ព្រឹកដ​ល់ម៉ោង ៣:០០ រសៀល។

ជាការពិតណាស់ដើម្បីកាត់បន្ថយកម្តៅពិភពលោកអង្គការសហប្រជាជាតិតែងអំពាវនាវឱ្យ មនុស្សជាតិគួរចូលរួមដាំដើមឈើឱ្យបានច្រើន រក្សាប្រភពទឹក​ ប្រើប្រាស់អគ្គិសនីដែលបំប្លែងពីពន្លឺព្រះអាទិត្យ (ថាមពលសូឡា) ចូលរួមកាត់បន្ថយផ្សែងពុល ការប្រើប្រាស់ផ្លាសិ្ទច និងការប្រើប្រាស់មធ្យាបាយធ្វើដំណើរ ដែលជាមូលហេតុដែលធ្វើឱ្យផែនដីឡើងកម្តៅដោយប្រយោល៕

ត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia