អាយុច្រើនតែមិនទាន់សល់អី? នេះជារូបមន្តប្រើលុយ៥ ទោះវ័យក្រោម៣០ឆ្នាំ ក៏អាចសល់លុយកើនទ្រព្យ
SOKLY SOJULY 19 20234.1 K views

មនុស្សមិនតិចទេដែលមានក្ដីស្រមៃចង់មានជីវភាពធូរធារនិងប្រកបដោយសុភមង្គល មានទាំងលុយកាក់ និងពេលវេលាគ្រប់គ្រាន់សម្រាប់ការលំហែរ។ ហើយក៏មានមនុស្សច្រើនណាស់ដែលមានវ័យកាន់តែខ្ពស់តែមិនទាន់មានសល់អ្វីជាប់ខ្លួន ចំណែកផ្លូវដើរទៅរកក្ដីស្រមៃមួយនោះក៏ងងឹតមិនដឹងចាប់ផ្ដើមពីចំណុចណា។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ Business Cambodia សូមណែនាំនូវរូបមន្តប្រើលុយ៥ បើធ្វើបានអ្នកនឹងអាចសល់លុយកើនទ្រព្យ ទោះបីអាយុមិនទាន់៣០ក៏ដោយ។

១. គ្រប់គ្រងចំណូល៖ ចំណូលពីប្រាក់ខែតែមួយមុខមិនល្មមឡើង «យើងត្រូវតែប្រើសមត្ថភាពឱ្យអស់ដើម្បីបង្កើតចំណូលឱ្យបានច្រើនប្រភព»។ ត្រូវសួរខ្លួនឯងថា តើរាល់ថ្ងៃនេះបានប្រើសមត្ថភាពអស់ឬនៅ?

បើអ្នកកំពុងធ្វើការជា ប្រធានផ្នែកទីផ្សារនៅក្នុងក្រុមហ៊ុនមួយ តើអាចឆ្លៀតពេលបង្កើតវគ្គបង្រៀនពីការធ្វើទីផ្សារបានដែរឬទេ? បើចម្លើយគឺបានឆាប់ធ្វើទៅ តែបើមិនបានក៏មិនមានន័យថាអ្នកអន់ទេគ្រាន់តែចំណេះដឹងអ្នកមិនទាន់គ្រប់គ្រាន់ ហេតុនេះត្រូវខំពង្រឹងបន្ថែមទៀត។ រឿងអ្វីក៏យើងអាចធ្វើបានដែរ ឱ្យតែយើងតាំងចិត្តរៀនត្រង់ណាដែលយើងមិនចេះ ហើយនៅពេលដែលយើងមានចំណេះដឹងពិតប្រាកដយើងនឹងមានចំណូលកាន់តែច្រើនប្រភព។

២. គ្រប់គ្រងចំណាយ៖ ត្រង់ចំណុចនេះ លោកអ្នកត្រូវដឹងថា ការចំណាយមាន២ធំៗ គឺចំណាយចាំបាច់ និងមិនចាំបាច់(សម្ភារៈនិយម និងការកំសាន្ត)។ ត្រូវលៃយ៉ាងណាឱ្យចំណាយតិចជាងចំណូល រួមទាំងត្រូវកាត់ចំណាយមិនចាំបាច់ចោលឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ប្រសិនបើក្នុងករណីកាត់ចំណាយមិនចាំបាច់ច្រើនហើយតែនៅចាយមិនគ្រប់ គឺមានន័យថាចំណូលរបស់យើងនៅតិច ដូច្នេះត្រូវបង្កើនប្រភពចំណូលតាមរបៀបដែលលើកឡើងនៅចំណុចទី ១។

៣. បែងចែកសន្សំ៖ ការសន្សំជារឿងចាំបាច់បំផុត ព្រោះវាអាចជួយឱ្យយើងសល់លុយដោយមិនដឹងខ្លួន ត្រូវចងចាំថា ១០០រៀល ក៏លុយ ១០០០រៀល ក៏លុយ ដូច្នេះមិនថារកបានប៉ុន្មានឡើយត្រូវតែបង្កើតទម្លាប់ដកសន្សំឱ្យបានយ៉ាងតិច១០%។ ឈប់យកហេតុផលថារកចំណូលបានតិចពិបាកសន្សំ ជាក់ស្ដែងបើមានតែ ១០,០០០រៀល អ្នកក៏អាចដកទុក ១,០០០រៀល ហើយចាយត្រឹម ៩,០០០រៀល ក៏គ្រប់ដែរ។

៤. គ្រប់គ្រងបំណុល៖ ត្រង់នេះដែរមានន័យថាប្រសិនបើកំពុងជាប់បំណុល ត្រូវតែខិតខំរកលុយសងបំណុលឱ្យបានឆាប់ ព្រោះថាបំណុលជាប្រភពបញ្ហានិងមិនអាចអូសបន្លាយពេលបាន។ ពេលជាប់បំណុល រឿងទីមួយក្រោយពីរកលុយបានគឺដកសងគេឱ្យហើយសិន ចាំបែកចែកលើការសន្សំ បន្ទាប់មកការចំណាយ។ ត្រូវចាំថាខ្ចីលុយគេបាន មានន័យថាអ្នកជាមនុស្សមានក្រេឌីតល្អ ហេតុនេះត្រូវតែសងលុយឱ្យគេឱ្យអស់តាមការកំណត់ដើម្បីរក្សាក្រេឌីត ងាយស្រួលខ្ចីលុយគេលើកក្រោយ។ តែដាច់ខាតកុំខ្ចីលុយមកបង្កើតបំណុលទៀត គឺត្រូវខ្ចីមកដើម្បីបង្កើនចំណូលតាមរយៈការពង្រីកអាជីវកម្មឬ វិនិយោគលើឱកាសល្អៗ។

៥. វិនិយោគ៖ ការវិនិយោគសំខាន់ណាស់ព្រោះវាជាប្រភពនៃចំណូលអកម្មដែលមនុស្សគ្រប់រូបត្រូវមាន ប៉ុន្តែយើងត្រូវវិនិយោគលើអ្វីដែលយើងចេះពិតប្រាកដដើម្បីបង្ការហានិភ័យធ្ងន់ធ្ងរ។ មានន័យថាបើអ្នកមានជំនាញខាងអចលនទ្រព្យគួរវិនិយោគលើអចលនទ្រព្យ បើចេះខាងលក់ដូរគួរវិនិយោគលើការលក់ដូរ។ ឧទាហរណ៍ថាអ្នកធ្លាប់ដឹងពីរបៀបទិញរបស់ពីចិននិងស្គាល់អ្នកបោះដុំទំនិញក្នុងស្រុក អ្នកគួរវិនិយោគទៅលើការនាំចូលទំនិញយកមកលក់។ ជាក់ស្ដែងការវិនិយោគក៏ដូចជាការពង្រីកចំណូល ត្រូវវិនិយោគនៅលើធនធានដែលអ្នកមាន និងចំណេះដែលអ្នកប្រាកដ ទើបអ្នកអាចឈរជើងដោយមិនមានហានិភ័យខ្ពស់។

សរុបមកដើម្បីឱ្យក្ដីស្រមៃដែលចង់រស់នៅក្នុងជីវិតធូរធារ ផុតពីបញ្ហាហិរញ្ញវត្ថុបានយើងត្រូវបង្កើតប្រភពចំណូលឱ្យបានច្រើន តាមរយៈការធ្វើការឬវិនិយោគ ព្រមទាំងចាត់ចែងការចំណាយឱ្យបានច្បាស់លាស់។ យ៉ាងណាមិញសូមកុំភ្លេចថា ក្ដីសុខមិនមែនទាល់តែអ្នកសម្រេចគោលដៅទើបមាននោះទេ លោកអ្នកអាចរស់នៅជាមួយនឹងក្ដីសុខរាល់ថ្ងៃតាមរយៈការធ្វើអ្វីដែលលោកអ្នកស្រលាញ់ និងមានគោលដៅច្បាស់លាស់មួយទៅគ្រប់គ្រាន់ហើយ៕

អត្ថបទដោយ៖ សូ សុខលី

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia