សុភាសិតខ្មែរពោលថា «ការងារជាឃ្លាំងមាសប្រាក់» តែចម្លែកអ្វីបុគ្គលិកខ្លះខំធ្វើការរាប់ឆ្នាំ កាន់តួនាទីដុះស្លែ ប្រាក់ខែមិនសូវឡើងសោះ។ យ៉ាងណាតាមការស្រាវជ្រាវរបស់ Harvard Business Review បានបង្ហាញថា បុគ្គលិក៥ប្រភេទខាងក្រោមនេះ ពិបាករីកចម្រើនបំផុត៖
១/. ឥរិយាបថមិនល្អ
បុគ្គលិកមានគំនិតអាត្មានិយម ឆាប់ឆេវឆាវ ពុំសូវចុះសម្រុងនឹងក្រុមការងារ ទាញយកប្រយោជន៍ផ្ទាល់ខ្លួនជាធំ ថ្នាក់លើពិបាកជួយជ្រោមជ្រែងណាស់ ឯអ្នកជុំវិញខ្លួនក៏មិនហ៊ានជិតស្និតដែ។ លើសពីនេះ បើមានអត្តចរិតមិនល្អហើយ សកម្មភាពក្នុងកិច្ចការងារប្រចាំថ្ងៃក៏ពុំសូវមានភាពល្អប្រសើរផងដែរ។
២/. មិនអភិវឌ្ឍខ្លួន
«ជីវិត គឺជាការរៀនសូត្រ» បើមិនបើកចិត្តទទួលយកគំនិតល្អពីអ្នកដទៃ តើធ្វើយ៉ាងណាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីឱ្យថ្នាក់លើសម្លឹងឃើញ និងផ្តល់ឱកាស ដំឡើងតួនាទី ប្រាក់ខែឲ្យ។ មិនពង្រឹងសមត្ថភាព មិនពង្រីកចំណេះ ទោះធ្វើការ១០ឆ្នាំទៀតក៏មុខងារអ្នកនៅតំណែងដដែលដែរ។
៣/. គ្មានឆន្ទៈខ្ពស់
បុគ្គលិកគ្មានឆន្ទៈចំពោះការងារ ពួកគេនឹងមើលឃើញតែភាពស្មុគស្មាញ ច្របូកច្របល់ ធ្វើកិច្ចការខ្វះលទ្ធផល។ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ បើសម្បូរបុគ្គលិកប្រភេទនេះបម្រើការងារក្នុងស្ថាប័ន នោះអាជីវកម្មនឹងងាយប្រឈមហានិភ័យណាស់ ព្រោះឆន្ទៈបុគ្គលិកគឺជាជីពចរដ៏សំខាន់បំផុតមួយពុំអាចខ្វះបាន។
៤/. ត្អូញត្អែរច្រើន
មនុស្សគ្មានភាពអត់ធ្មត់ខ្ពស់ ចូលចិត្តនិយាយត្អូញត្អែរ ភាគច្រើនទាំងជីវិត និងអាជីពមានទំនោរមិនសូវរីកចម្រើនឡើយ។ បើគ្រាន់តែដាក់ការងារតូចតាចណាមួយឱ្យធ្វើ ហើយមិនទាន់ទាំងបានធ្វើអ្វីផងចាប់ផ្ដើមរអ៊ូត្អូញត្អែរទៅហើយនោះ គ្មាននរណាម្នាក់ហ៊ានដាក់ការងារធំឱ្យធ្វើឡើយ រីឯឱកាសរលាយដូចទៀនត្រូវថ្ងៃ អំបិលត្រូវទឹកអ៊ីចឹង។
៥/. មិនគោរពតាមគោលការណ៍កន្លែងការងារ
គ្រប់កន្លែងធ្វើការសុទ្ធតែមានច្បាប់ការងារ បើបុគ្គលិកមិនធ្វើតាមគោលការណ៍ប្រាកដជាត្រូវពិន័យរបស់ក្រុមហ៊ុនមិនខាន។ ក្រៅពីត្រូវពិន័យ ថ្នាក់លើក៏មិនពេញចិត្ត រហូតអាចឈានដល់ដំណាក់កាលបញ្ឈប់ពីការងារក៏មាន។ ដោយហេតុនេះហើយ ទើបស្ថាប័ននីមួយៗតែងមានកុងត្រាជាមួយបុគ្គលិកថ្មីចំនួន៣ខែ ដើម្បីសាកល្បងពីសមត្ថភាព ក៏ដូចជាការតស៊ូរបស់ពួកគេជាមួយការងារនោះ។
យ៉ាងណាមិញ ប្រាក់ខែនៅតិច ចំណូលនៅទាបបង្ហាញថាសមត្ថភាពយើងមានបញ្ហា ក្រៅពីជៀសឲ្យឆ្ងាយពីចំណុចរសើបធំៗទាំង៥ខាងលើ ចូលផ្ដោតសំខាន់បំផុតទៅលើ ការអភិវឌ្ឍខ្លួន និងការកសាងខ្លួនឯងឱ្យខ្លាំងលើសមុន។ ចង់ឲ្យចំណូលកើន ១គុណនឹង១០ ឬ ៣០០ដុល្លារ ឡើងដល់ ៣០០០ដុល្លារ អ្នកត្រូវធ្វើខ្លួនឲ្យស័ក្តិសមនឹងទទួលបានវា ដូចពាក្យលោក Jim Rohn ដែលជាសហគ្រិនជនជាតិអាមេរិក ជាអ្នកនិពន្ធ និងជាអ្នកលើកទឹកចិត្តដ៏ល្បីល្បាញមួយរូបបានលើកឡើងថា៖ «ចំនួនលុយ និងតួនាទីដែលអ្នកមាន ពុំអាចលើសពីសមត្ថភាពរបស់អ្នកឡើយ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



