សំណាបយោងដី ស្រីយោងបុរស! ប្រពន្ធ៥ប្រភេទនេះ អាចជួយឱ្យស្វាមីរកស៊ីឡើងបំផុត
Kan DaraMARCH 30 20235.9 K views

មានពាក្យមួយឃ្លាគេនិយាយថាតៗគ្នាថា​ នៅពីក្រោយបុរសជោគជ័យតែងមានស្រ្តីល្អម្នាក់ ព្រោះបើរើសគូស្រករត្រូវស្មើនឹងជីវិតជោគជ័យ៥០% ចំណែកឯ៥០%ទៀត អាស្រ័យលើការប្រឹងប្រែងរបស់បុគ្គលផ្ទាល់ខ្លួន ឧទាហរណ៍ដូចជាភរិយា៥ប្រភេទនេះ អាចជួយឱ្យស្វាមីជោគជ័យច្រើន រកស៊ីឡើងបំផុត៖

.គិតពីអនាគតច្រើនជាងបច្ចុប្បន្ន៖ នៅពេលដែលមានភរិយាម្នាក់ចូលចិត្តនាំអ្នកនិយាយអំពីរឿងរ៉ាវអនាគតនិងកសាងទ្រព្យ​ ហើយថែមទាំងមានគោលដៅរួមដូចគ្នាថែមទៀតនោះ អាចរាប់ទុកបានថាគាត់ជាភរិយាល្អម្នាក់ ដែលអាចរួមដំណើរជាមួយអ្នកយូរអង្វែងដោយមិនបន្ទោសខ្លាំងពេកទៅលើស្ថានភាពបច្ចុប្បន្នរបស់អ្នក ប្រឹងប្រែងជ្រោមជ្រែងឱ្យអ្នកទាំងពីរអាច សម្រេចគោលដៅអនាគតជាមួយគ្នា។

ជាក់ស្តែងដូចជាភរិយារបស់មហាសេដ្ឋី Mark Zuckerberg លោកស្រី Priscilla Chan គឺជាស្រ្តីម្នាក់ដែលជំរុញអនាគតលោក Mark ខ្លាំងបំផុតតាំងពីលោកមិនទាន់មានអ្វីច្បាស់លាស់សោះ។ លោកធ្លាប់បានលើកឡើងថា ​“នាងទាក់ទាញចិត្តខ្ញុំបានតាំងពីលើកដំបូងដែលយើងជួបគ្នានៅមហាវិទ្យាល័យ ព្រោះខ្ញុំនិងនាងចូលចិត្តភាពសាមញ្ញដូចគ្នា យើងមានគោលដៅរួមហើយ នាងគឺជាមនុស្សដំបូងដែលគាំទ្រដល់ Facebook នាងគឺអតិថិជនដំបូងដែលចុះឈ្មោះបង្កើត Account Facebook ។

.ជាដៃស្តាំ៖ លោក​ Barak Obama អតីតប្រធានាធិបតីអាមេរិកធ្លាប់និយាយប្រាប់សាធារណជនថា “ជីវិតខ្ញុំ នឹងគ្មានអ្វីទាំងអស់បើគ្មានប្រពន្ធដូចជា Michelle ដែលជាភរិយាជួយជ្រោមជ្រែង ការរៀបការជាមួយនាងគឺសំណាងជាងឈ្នះឆ្នោតរាប់លានដង នាងគឺជាមនុស្សម្នាក់ដែលអាចជួយខ្ញុំគ្រប់កិច្ចការរហូតដល់ខ្ញុំមានឋានៈជាប្រធានាធិបតី នាងជាទីប្រឹក្សាដ៏ល្អជាអ្នកជាជួយដោះស្រាយបញ្ហាដ៏ឈឺក្បាលរបស់ខ្ញុំ ជាគំរូដ៏ល្អបំផុតសម្រាប់កូនស្រីទាំងពីរនាក់របស់ខ្ញុំ”។

. ពាក្យសម្តីមានថាមពល៖ ជីវិតមានឡើងមានចុះ មានបានមានមិនបាន​ ​នៅពេលដែលកំពុងជួបការលំបាក បរាជ័យឬបាក់ទឹកចិត្តភរិយាដែលមានថាមពលវិជ្ជមានច្រើន ចេះនិយាយពាក្យល្អៗ ពាក្យសម្តីវិជ្ជមានលើកទឹកចិត្ត គឺអាចយិតយោងស្វាមីឱ្យងើបឡើងវិញ នេះជាគុណសម្បត្តិដ៏អស្ចារ្យក្នុងនាមជាប្រពន្ធ មិនស្តីបន្ទោសពេលជួបរឿងមិនសមប្រកប​​​ តែងតែមានអធ្យាស្រ័យខ្ពស់  ព្រោះគាត់មានថាមពលវិជ្ជមានក្នុងចិត្ត គ្មានធាតុខ្លបខ្លាចនឹងបរាជ័យឡើយ។

.ញុំាបាយកកជាមួយគ្នា៖ លោក Jack Ma មិនស្អាតទេថែមទាំងជាបុរសក្រីក្រទៀត ប៉ុន្តែភរិយារបស់លោកពិតជាមិនរុញរានឹងនៅជាមួយលោកឡើយកាលនោះ ទោះជាលោកជួបរឿងបរាជ័យស្ទើរកន្លះជីវិតក៏ដោយ ប៉ុន្តែលោកស្រី Zhang Yingដែលជាភរិយារបស់លោក​ តែងនៅពីក្រោយដួលងើបៗជាមួយគ្នារហូតលោកបានក្លាយជាមហាសេដ្ឋី។

ចំណែកឯម្ចាស់សៀវភៅ Rich Dad Poor Dad អតីតកាលក៏មិនមែនជាបុរសជោគជ័យដែរ លោកធ្លាប់ក្រ ដើរសុំផ្ទះគេនៅ ធ្លាប់ជំពាក់បំណុលគេរុំកោះ ឈ្លោះគ្នាប្តីប្រពន្ធស្ទើររាល់ថ្ងៃ ប៉ុន្តែលោកស្រី Kim Kiyosaki ភរិយាលោកមហាសេដ្ឋី Robert Kiyosaki មិនដែលមានគំនិតបោះបង់បុរសម្នាក់នេះចោលឡើយ។

. ចេះធ្វើទំនាក់ទំនងល្អ៖ សម័យនេះទំនាក់ទំនងគឺជារឿងសំខាន់មួយ ជាពិសេសសម្រាប់អ្នករកស៊ី ហើយវាជារឿងដ៏វិសេសមួយប្រសិនបើមនុស្សប្រុសពូកែតែធ្វើការហើយមិនចេះមាត់ឬមិនសូវបានសម្តី បើមានប្រពន្ធពូកែធ្វើទំនាក់ទំនងនោះគឺជាការបំពេញចន្លោះខ្វះខាតឱ្យគ្នា ដើម្បីរីកចម្រើន​ទៅរួមគ្នា ដូចជាស្វាមីពូកែនិងមានគំនិតអាជីវកម្ម​ឬរៀបចំយុទ្ធសាស្រ្ត ភរិយាអាចធ្វើជាទីប្រឹក្សា​និងផ្នែកទំនាក់ទំនងក្នុងការលក់ជាដើម។ ទំនាក់ទំនងល្អនេះអាចជាមួយអតិថិជន មិត្តភក្តិក្នុងអាជីវកម្ម ជាមួយសាច់ញាតិទាំងសងខាង ក៏ដូចជាធ្វើជាមួយដៃគូផ្ទាល់ដែរ។

ជាការពិតណាស់ជីវិតគ្រួសារពិតជាដូចចានក្នុងរាវ តែងតែមានប៉ះទង្គិច ភរិយាល្អទៅបានក៏អាស្រ័យចិត្តគំនិតរបស់ស្វាមីដែរ ពោលគឺទាមទារឱ្យភាគីទាំងសងខាងមានចិត្តវិជ្ជមានចំពោះគ្នាស្មោះត្រង់ អត់ធ្មត់ ជាអ្នកផ្តល់ឱ្យទៅតាមលក្ខណៈជាក់ស្តែង​ គ្រួសារនឹងមានសុភមង្គល ការរកស៊ីក៏រីកចម្រើនទៅតាមនោះដែរ៕

អត្ថបទដោយ៖ ពីង ជូអេង

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia