បុគ្គលិកខ្ជិល ឬក្រុមការងារដែលមានចរិតខ្ជិលច្រអូសរមែងតែងមាននៅក្នុងក្រុមហ៊ុនឬស្ថាប័នគ្រប់ប្រភេទ និងគ្រប់ផ្នែកគ្រាន់តែខុសគ្នាលើចំនួនតិចឬច្រើនតែប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាគន្លឹះ ៥យ៉ាង ដើម្បីបិទផ្លូវបុគ្គលិកខ្ជិលធ្វើការ មិនឲ្យខ្ជិលច្រអូសទៀត និងជំរុញឱ្យពួកគេខំធ្វើការកាន់តែខ្លាំង៖
១/. គ្រប់គ្រងអារម្មណ៍ និងបង្ហាញពីតួនាទីទៅកាន់ពួកគេ
ប្រាកដណាស់ប្រសិនបើអ្នកជួបមនុស្សប្រភេទនេះ មិនថាជាមិត្តរួមការងារ ឬជាបុគ្គលិកក្នុងស្ថាប័នរបស់អ្នកនោះទេ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អឡើយ។ ទោះចង់ឬមិនចង់ទំនាក់ទំនងរវាងអ្នកនឹងពួកគេក៏ពុំមានភាពល្អប្រសើរទៅតាមនោះដែរ គ្រានោះប្រសិទ្ធភាពការងារនឹងកាន់តែធ្លាក់ចុះ។ ដូច្នេះជំហានដំបូងដែលអ្នកត្រូវធ្វើនោះគឺ គ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អ ហើយព្យាយាមបង្ហាញពីអ្វីដែលជាតួនាទី និងវាយតម្លៃការងារដែលជាទំនួលខុសត្រូវរបស់ពួកគេឲ្យម៉្មត់ចត់។ វាជាសារមួយដែលជួយឲ្យពួកគេភ្ញាក់រលឹកដោយខ្លួនឯង។
២/. ចេះបដិសេធ
ប្រសិនបើមិត្តរួមការងារ ឬសមាជិកក្នុងក្រុមរបស់អ្នកខ្ជិលមិនអើពើនឹងការងារផ្ទាល់ខ្លួនរបស់ពួកគេហើយសុំឱ្យអ្នកធ្វើវាជំនួសវិញចូរអ្នកកុំធ្វើ។ ពេលខ្លះអ្នកត្រូវតែក្រោកឈរឡើងហើយនិយាយថា “ទេ!” ជាមួយកាយវិការសមរម្យទៅកាន់ពួកគេ។ ប្រសិនបើការជួយនោះជាលើកទីមួយឬទីពីរមិនអីទេ វាគឺជាសកម្មភាពល្អក្នុងនាមជាអ្នកសម្រេចការងារជាក្រុម ប៉ុន្តែបើកើតឡើងជាញឹកញាប់នោះវានឹងក្លាយទៅជាបញ្ហា។
៣/. ផ្តល់ការណែនាំខ្លះៗ
មិត្តរួមការងារមិនសកម្មលើការងារអាចបណ្តាលមកពីពួកគេមិនទាន់ដឹងច្បាស់លាស់អំពីទំនួលខុសត្រូវ ឬធ្វើការទាំងគ្មានគោលដៅ។ ប្រសិនបើស្ថិតនៅក្នុងស្ថានភាពបែបនេះមែន នោះប្រហែលពួកគេត្រូវការជំនួយខ្លះពីអ្នក។ នេះមិនមែនមានន័យថាអ្នកនឹងធ្វើកិច្ចការជំនួសពួកគេនោះទេ ប៉ុន្តែវាអាចមានន័យថាអ្នកនឹងប្រាប់ពួកគេពីរបៀបគ្រប់គ្រងភារកិច្ចនិងបន្ទុកការងាររបស់ខ្លួន។ ដូច្នេះពួកគេអាចមានប្រសិទ្ធភាពនិងផលិតភាពការងារខ្ពស់បាន។
៤/. និយាយទៅកាន់នរណាម្នាក់
អ្នកមិនអាចបណ្តែតបណ្តោយរឿងនេះឲ្យកើតឡើងរហូតឡើយ ហើយអ្នកក៏មិនត្រូវមើលដោយភ្នែកទទួលទាំងមិនបានធ្វើអ្វីសោះនោះដែរ ព្រោះវាអាចជាឬសគល់មួយដែលនាំឲ្យផលិតភាពការងារក្រុមធ្លាក់ចុះ។ ម្ល៉ោះហើយដើម្បីឲ្យរឿងនេះប្រែជាល្អប្រសើរវិញ អ្នកត្រូវហ៊ានលើកបង្ហាញពីចំណុចខ្វះខាត និងនិយាយពីអ្វីដែលពួកគេត្រូវកែលម្អដោយភាសាសមរម្យ និងឥរិយាបទល្អ។ ប៉ុន្តែប្រសិនបើធ្វើបែបនេះហើយនៅតែមិនទទួលបានផលទៀត អ្នកត្រូវរកនរណាម្នាក់ដែលមានឥទ្ធិពលទៅលើពួកគេឲ្យនិយាយជំនួសអ្នកក្នុងបែបផែនឯកជនភាព។
៥/. កុំនិយាយអាក្រក់ពីក្រោយខ្នង
ចូកុំត្អូញត្អែរ ឬនិយាយមិនល្អពីពួកគេនៅពីក្រោយខ្នង ព្រោះវាអាចបង្ហាញឲ្យឃើញពីអាកប្បកិរិយាមិនល្អ ការមិនផ្តល់តម្លៃក្នុងនាមជាមិត្តរួមការងារ ឬជាថ្នាក់ដឹកនាំ។ អ្នកគួរតែនិយាយទល់មុខគ្នាជាមួយពួកគេ ព្រោះពេលខ្លះអាចដោយសារពួកគេភ្លេចខ្លួនឬមិនបានចាប់អារម្មណ៍ និងមិនបានឆ្លុះបញ្ចាំងពីផលិតភាពការងាររបស់ខ្លួន រួមទាំងចេះតែបណ្តោយទៅតាមពេលវេលាដោយយល់ឃើញថា វាមិនបានបង្កជាផលប៉ះពាល់អ្វីសម្រាប់ក្រុមការងារ ឬស្ថាប័នដែលខ្លួនកំពុងបម្រើការងារនោះទេ។
យ៉ាងណាមិញ ក្នុងសៀវភៅច្រវាក់ប្រាក់ខែ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខុសចិត្តធ្វើការលំបាក ប្រសើរជាធ្វើការជាមួយមនុស្សពិបាក» ប្រសិនបើអ្នកកំពុងជួបបុគ្គលិកខ្ជិលច្រអូស អាចអនុវត្តតាមគន្លឹះធំៗទាំង៥ ខាងលើនេះ ដើម្បីជំរុញពួកគេឲ្យខំធ្វើការកាន់តែខ្លាំង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/hangchhengH24