បច្ចុប្បន្ននេះ មនុស្សមិនតិចទេ ដែលកំពុងខ្វល់ចិត្តរឿង មានវ័យច្រើនហើយ ប៉ុន្តែមិនទាន់សល់ទ្រព្យអ្វីជាដុំកំភួននៅឡើយ។ ជួនជាពេលនេះកំពុងជិតដាច់ឆ្នាំទៀត វាកាន់តែធ្វើឱ្យមនុស្សយើងកាន់តែគិតច្រើន ព្រោះថាត្រូវកើនអាយុទៀតហើយ។ ថ្ងៃនេះ Business Cambodia សូមលើកយកដំបូន្មានលុយកាក់ពិសេស ទាំង៥ជំហាន ពីបិតាវិនិយោគ Warren Buffett ដែលអាចជួយលោកអ្នកឱ្យចេញផុតពី បញ្ហាហិរញ្ញវត្ថុ និងកសាងទ្រព្យសម្បត្តិចាប់ពីឆ្នាំថ្មីបាន ដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Motley Fool។
១. គិតរយៈពេលវែង៖ កំពូលអ្នកវិនិយោគរូបនេះ ចំណាយលុយទិញភាគហ៊ុនម្ដងៗ សុទ្ធតែគិតពីផលចំណេញរយៈពេលវែង។ ប្រសិនបើប្រៀបធៀបជាមួយនឹងការចាយលុយវិញ ក៏គាត់ចង់បង្ហាញឱ្យឃើញថា រាល់លុយដែលចេញទៅទាំងអស់ ត្រូវតែបានផលត្រឡប់មកវិញ។ ការចំណាយលុយ ឬការវិនិយោគខ្លះ អាចនឹងមិនផ្ដល់ផលចំណេញភ្លាមៗឡើយ ប៉ុន្តែឱ្យតែអ្នកច្បាស់ និងដើរត្រូវផ្លូវ វាប្រាកដជាឱ្យផលចំណេញដ៏ច្រើនសន្ធឹកសន្ទាប់នៅពេលខាងមុខ។
ជាក់ស្ដែងដូចជាការយកលុយទៅទិញដីទុកជាដើម អាចនឹងមានអ្នកនិយាយថាទិញដីទុកចោលដូចជាការយកលុយទៅកប់ក្នុងដី។ ក៏ប៉ុន្តែបើអ្នកទិញត្រូវប្លង់ ចំកន្លែង ថ្ងៃណាមួយវាអាចនឹងឡើងថ្លៃចំណេញ គុណនឹង២ គុណនឹង៣ក៏ថាបាន។ សូមគិតឱ្យបានហ្មត់ចត់មុននឹងចាយលុយទិញទ្រព្យ ឬវិនិយោគអ្វីមួយ ព្រោះអ្នកគិតកាន់ច្បាស់កម្រិតណា អ្នកនឹងអាចទទួលឱកាសចំណេញកាន់តែច្រើនកម្រិតហ្នឹងដូចគ្នា។
២. ផ្ដោតលើជំនាញរបស់អ្នក៖ អាយុច្រើនហើយ អ្នកគួរតែមានជំនាញអ្វីមួយជារបស់ខ្លួនឯងហើយ ដូច្នេះពេលដែលអ្នកចង់ធ្វើអ្វីសូមធ្វើដោយផ្អែកលើជំនាញរបស់ខ្លួនឯង ជាជាងសាកល្បងធ្វើអ្វីថ្មីផ្សេងទៀត។ មិនថារកស៊ី ឬវិនិយោគឡើយ គួរតែធ្វើទៅលើវិស័យដែលអ្នកមានចំណេះដឹង និងជំនាញច្បាស់លាស់ ដើម្បីចៀសវាងបញ្ហាធ្ងន់ធ្ងរ និងហានិភ័យខ្ពស់។ ឧទាហរណ៍ថាអ្នកមានជំនាញចុងភៅ គួរតែបើកកន្លែងរកស៊ីពាក់ព័ន្ធនឹងការញ៉ាំ មិនមែនជំនាញចុងភៅទៅលក់គ្រឿងសំណង់ឡើយ។
៣. ធ្វើអ្វីគិតពីហានិភ័យ៖ ច្បាប់ទី១ របស់លោក Warren Buffett គឺមិនត្រូវធ្វើឱ្យបាត់បង់លុយឡើយ ចំណែកឯច្បាប់ទី២ គឺមិនត្រូវភ្លេចច្បាប់ទីមួយជាដាច់ខាត។ ហេតុនេះហើយ មិនថាធ្វើអ្វីទេអ្នកត្រូវតែគិតជាមុនសិនថា តើវាអាចធ្វើឱ្យខាតលុយទេ តើហានិភ័យវាមានខ្ពស់កម្រិតណា តើអាចនឹងមានបញ្ហាអ្វីខ្លះ ហើយគួរត្រៀមខ្លួនដោះស្រាយដោយរបៀបណា? ប្រសិនបើបានសួរ និងឆ្លើយសំណួរទាំងអស់នេះ មានន័យថារឿងដែលអ្នកកំពុងធ្វើគឺច្បាស់លាស់ហើយ ទោះជួបបញ្ហាក៏អ្នកគង់នឹងអាចដោះស្រាយចេញ ព្រោះថាបានត្រៀមខ្លួនរួចរាល់ហើយ។
៤. រៀនវាយតម្លៃ៖ នៅក្នុងការរស់នៅពិតជាមានជម្រើសច្រើនណាស់ឱ្យអ្នកជ្រើសរើសធ្វើ ដូច្នេះមុននឹងធ្វើអ្វីមួយ វាតម្រូវឱ្យអ្នកមានសមត្ថភាពវាយតម្លៃ។ បើការវាយតម្លៃរបស់អ្នកល្អ អ្នកនឹងដើរមិនសូវខុស តែបើវាយតម្លៃខុស អ្នកនឹងមានបញ្ហាច្រើន។ ដូច្នេះសូមរៀនវាយតម្លៃជាប្រចាំ តាមរយៈការសង្កេត បទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ ស្ថានភាពសង្គម ព្រមទាំងរៀនពិបទពិសោធន៍របស់អ្នកដទៃថែមផង។
៥. កុំប្រញាប់ពេក៖ នៅពេលដែលមានអាយុកាន់តែច្រើន ហើយមិនទាន់សល់លុយ អ្នកប្រហែលជាមានអារម្មណ៍ ចង់រកផ្លូវចេញឱ្យបានឆាប់ហើយ។ តែកុំប្រញាប់ពេកអីណា ព្រោះការប្រញាប់អាចនាំមកនូវបញ្ហាធំនឹកស្មានមិនដល់ក៏ថាបាន។ ប្រញាប់ពេក អាចធ្វើឱ្យសម្រេចិត្តខុស ប្រញាប់មានលុយពេក អាចនឹងត្រូវគេបោកប្រាស់។ រាល់ថ្ងៃនេះមិនខ្វះទេគម្រោងវិនិយោគបោកប្រាស់ ហើយគេបោកបានភាគច្រើនគឺចំមនុស្សដែលកំពុងរកច្រកចេញពីបញ្ហាដូចជាអ្នក ឬមនុស្សដែលប្រញាប់មានបានជាដើម។
ដូច្នេះហើយមិនថាធ្វើអ្វីទេ ជាពិសេសពាក់ព័ន្ធនឹងរឿងលុយកាក់ សូមពិចារណាឱ្យបានល្អិតល្អន់សិន។ កុំគិតងាយៗ គ្មានលុយឯណារកមកដោយមិនបាច់ធ្វើអ្វីសោះនោះទេ គ្មានការវិនិយោគណាដដាក់តែលុយចោលសោះក៏ចំណេញដែរទេ។ ប្រយ័ត្នការសម្រេចចិត្ឱ្តឱ្យបានច្បាស់ ចាប់ឱកាសឱ្យត្រូវ ទើបអ្នកអាចទទួលបានផលចំណេញច្រើន និងមានហានិភ័យទាប៕
អត្ថបទដោយ៖ សូ សុខលី