ការគ្រប់គ្រងបុគ្គលិក គឺជាបញ្ហាដ៏រសើបមួយសម្រាប់ម្ចាស់អាជីវកម្ម ទើបលោក លី ហាវ ដែលជាអ្នកជំនាញបណ្ដុះបណ្ដាលធនធានមនុស្សបានចែករំលែកអំពីយុទ្ធសាស្ត្រធំៗទាំង ៥ ក្នុងការដឹកនាំមនុស្សឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៖
១/. រើសមនុស្សឱ្យត្រូវ៖ ប្រសិនបើអ្នកអាចរើសមនុស្សសក្តិសមចូលមកក្នុងក្រុមហ៊ុនបានហើយ នោះក្នុងនាមជាអ្នកគ្រប់គ្រងដឹកនាំ ក៏មិនសូវឈឺក្បាលខ្លាំងពេកនោះដែរ។ ដូច្នេះអ្នកត្រូវតែដឹងពីវិធីក្នុងការរើសមនុស្សប្រភេទណាមួយឱ្យត្រូវជាមួយនឹងអាជីវកម្មរបស់អ្នក។
២/. បណ្ដុះបណ្ដាល៖ គ្រាជ្រើសរើសនរណាម្នាក់ឱ្យចូលមកធ្វើការក្នុងក្រុមហ៊ុន ដំបូងត្រូវធ្វើការណែនាំឱ្យគេស្គាល់ច្បាស់អំពីអាជីវកម្ម របៀបរបបធ្វើការងារ ច្បាប់ទម្លាប់ផ្សេងៗ វប្បធម៌ការងារនៅក្នុងក្រុមហ៊ុនជាដើម។ បន្ទាប់មកយើងត្រូវធ្វើការបណ្ដុះបណ្ដាលចំណេះ ជំនាញដល់គេជាមុនសិន មុននឹងឱ្យគេចាប់ផ្ដើមបំពេញការងារ។
៣/. ចេះតិចនិកប្រើមនុស្ស៖ ក្នុងនាមជាថ្នាក់ដឹកនាំត្រូវចេះដាក់មនុស្សឱ្យត្រូវទៅតាម ចំណេះ ជំនាញ ទេពកោសល្យ ឬសក្ដានុពលរបស់មនុស្សម្នាក់ៗ។ នៅពេលដែលអ្នកអាចប្រើមនុស្សត្រូវជាមួយនឹងសក្ដានុពលរបស់គេ អ្នកនឹងទទួលបាននូវលទ្ធផលដ៏អស្ចារ្យ។ ផ្ទុយទៅវិញ អ្នកនឹងខ្ជះខ្ជាយធនធានយ៉ាងច្រើន ប្រសិនបើអ្នកប្រើមនុស្សខុស។
៤/. ចេះថែរក្សា៖ ត្រឹមចេះប្រើមនុស្សតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ អ្នកត្រូវចេះពីវិធីថែរក្សាពួកគេថែមទៀត។ ដើម្បីអាចថែរក្សាពួកគេបាន ទាមទារឲ្យមានប្រព័ន្ធគ្រប់គ្រងល្អ បរិយាកាសការងារល្អ តម្លាភាពក្នុងក្រុមហ៊ុន ផ្ដល់នូវអត្ថប្រយោជន៍សក្តិសមជាមួយនឹងចំណេះ ជំនាញ សមត្ថភាពគេជាដើម។ ប៉ុន្តែសម្រាប់បុគ្គលិកដែលមានគំនិតសហគ្រិន គឺពិបាកនឹងថែរក្សាឱ្យគេនៅក្នុងក្រុមហ៊ុនបានយូរណាស់ ព្រោះគេមានមហិច្ឆតាធំ ត្រូវការលុយធំដែលយើងមិនអាចផ្ដល់ឱ្យ តែយើងក៏អាចប្រើវិធីសាស្ត្រមួយចំនួនដូចជា ចែកជាភាគហ៊ុន ឬក៏អាចអនុញ្ញាតឱ្យគេឈប់បាន ប៉ុន្តែអាចទាញគេមកធ្វើជាដៃគូសហការក្នុងអាជីកម្មវិញក៏ល្អ។
៥. ចេះរបៀបបញ្ឈប់៖ ពេលខ្លះបើទោះបីជាយើងព្យាយាមជ្រើសរើសបុគ្គលិកដែលមានសក្ដានុពលយ៉ាងហ្មត់ចត់យ៉ាងណាក៏ដោយ ប៉ុន្តែមិនប្រាកដថាយើងអាចរើសមនុស្សបានត្រូវ ១០០%នោះទេ។ ដូច្នេះអ្នកក៏ត្រូវដឹងពីវិធីក្នុងការបញ្ឈប់បុគ្គលិកខ្លាញ់ចេញពីអាជីវកម្មផងដែរ។ ប្រសិនបើអ្នកមិនចេះពីរបៀបដកមនុស្សខុសចេញពីអាជីវកម្មទេ វាអាចនឹងធ្វើឱ្យមានបញ្ហាដល់អាជីវកម្មធ្ងន់ធ្ងរ។
ជាចុងក្រោយលោក លី ហាវ បានសង្កត់ធ្ងន់ថា ក្នុងនាមជាមេដឹកនាំល្អ ដែលអាចដឹកនាំអាជីវកម្មឱ្យទទួលបានជោគជ័យ គឺទាមទារឱ្យពួកគេជាមនុស្សពូកែមើលមនុស្ស និងពូកែបំពេញតម្រូវការផ្លូវចិត្តរបស់មនុស្សក្រោមបង្គាប់ទើបអាចទាញយកនូវសក្ដានុពលរបស់មនុស្សបានច្រើនបំផុត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)


