ការលាឈប់របស់បុគ្គលិកពីក្រុមហ៊ុនមាន២បែប ទីមួយឈប់ដោយលក្ខខណ្ឌល្អ ដោយសារមានឱកាសនិងគោលដៅផ្ទាល់ខ្លួន ទីពីរឈប់ដោយលក្ខខណ្ឌមិនល្អដូចជាការខឹងក្រុមហ៊ុន។ យ៉ាងណាមិញបើតាមការសិក្សាពី Business Insider បានឱ្យដឹងថាដើម្បីកុំឱ្យស្តាយក្រោយពីកំហុសឆ្គង មុនពេលដាក់ពាក្យលាឈប់ពីការងារ បុគ្គលិកពុំគួរធ្វើរឿងទាំង៥នេះឡើយ បើមិនចង់ឱ្យខ្លួនឯងខូចឈ្មោះ ខូចក្រេឌីត។
១. និយាយមិនល្អពីការងារ លើបណ្តាញសង្គម៖ បុគ្គលិកពុំគួរនិយាយរឿងអវិជ្ជមានអំពីការងារ ឬកន្លែងការងារ ច្រើនជ្រុលនៅលើបណ្តាញសង្គមនោះទេ សកម្មភាពនេះនឹងធ្វើឱ្យមិត្តរួមការងារចាស់ មេចាស់ ដែលធ្លាប់ធ្វើជាមួយគ្នាមានអាម្មរណ៍អវិជ្ជមាន ថែមទាំងធ្វើឱ្យក្រុមហ៊ុនថ្មីដែលអ្នកជាបេក្ខជន១រូបត្រៀមចូលធ្វើការនោះ អាចធ្វើការវាយតម្លៃលើអ្នក ដែលអាចប៉ះពាល់អនាគតការងាររបស់ខ្លួនអ្នកផងដែរ។
២. ប្រាប់ដំណឹងភ្លាមឈប់ភ្លាម៖ បុគ្គលិកខ្លះប្រាប់ភ្លាម ឈប់ភ្លាម ហើយឈប់ដោយមិនបានលាទៀត ខណៈទាំងនេះអាចជាសញ្ញាបង្ហាញថាបុគ្គលិកមុនសម្រេចចិត្តលាឈប់ ពួកគាត់មានការមិនពេញចិត្តជាមួយក្រុមហ៊ុនខ្លាំង។ ប៉ុន្តែចំពោះអាកប្បកិរិយាទាំងនេះ បុគ្គលិកគួរចៀសវាងកុំធ្វើ បើលាចង់ឈប់ភ្លាមៗ យ៉ាងហោចណាស់គួរតែលាក្រុមការងារនិងអ្នកគ្រប់គ្រង ឱ្យស័ក្តិសមនឹងវិជ្ជាជីវៈការងារ។
៣. អូសបុគ្គលិកផ្សេងៗឱ្យឈប់ដែរ៖ បុគ្គលិកបើម្នាក់ចាកចេញពីក្រុមហ៊ុន ហើយមានមិត្តរួមការងារល្អស្និតស្នាលនឹងគ្នានោះ ប្រហែលជាមានការអូសទាញគ្នាឱ្យចាកចេញដែរ តែបុគ្គលិកដែលសម្រេចចិត្តថាលាឈប់ហើយ គួរចៀសវាងកុំធ្វើសកម្មភាពនេះ ព្រោះវាអាចបណ្តាលឱ្យមិត្តរួមការងារដែលអ្នកជំរុញឱ្យឈប់ដែរ សម្រេចចិត្តមិនច្បាស់លាស់ពីគោលដៅអនាគតគាត់ ព្រមទាំងខុសច្បាប់ការងារទៀតផង។
៤. ឈប់ដើរ ដុតស្ពានចោល៖ បុគ្គលិកខ្លះនៅពេលដែលលាឈប់ពីការងារហើយបែរជារុះរើស្ពានចាស់ចោល ដូចជាផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយមនុស្សគ្រប់គ្នាក្នុងក្រុមហ៊ុន ជាពិសេសមិត្តរួមការងារនិងមេល្អៗដែលធ្លាប់បង្ហាត់បង្រៀននិងណែនាំការងារជាដើម។ សកម្មភាពនេះទេពុំគួរធ្វើទេព្រោះអ្នកពុំដឹងទេថាថ្ងៃអនាគត ទំនាក់ទំនងចាស់ៗទាំងនោះអាចក្លាយជាអតិថិជនល្អរបស់អាជីវកម្មអ្នកក៏ថាបាន។
៥. គ្មានផែនការទី២៖ បុគ្គលិកខ្លះខឹងមេភ្លាម ឈប់ភ្លាមហើយ ទាំងដែលមិនបានត្រៀមរកកន្លែងការងារថ្មីឱ្យហើយនោះទេ។ ចំពោះសកម្មភាពនេះបុគ្គលិកដែលចង់លាឈប់កុំទាន់សម្រេចចិត្តភ្លាមទាំងដែលមិនទាន់មានផែនការទី២ ព្រោះថានឹងធ្វើឱ្យអ្នកបាត់បង់ចំណូលភ្លាមៗ ហើយមានអារម្មណ៍ហ៊ែលហាលគ្មានកោះត្រើយ មិនដឹងធ្វើអ្វី ចាប់អ្វីនោះឡើយ។
ជាការពិតណាស់ការលាឈប់ពីការងារគឺជាស្ថានភាពមួយដ៏តានតឹង និងមិនស្រួលចិត្តបំផុតរបស់មនុស្សម្នាក់ៗក្នុងអាជីពរបស់ពួកគេ។ ទន្ទឹមនឹងនេះមិនថាអ្នកចាកចេញដោយសារតែលក្ខខណ្ឌអ្វីនោះទេ អ្នកជំនាញតែងលើកទឹកចិត្តឱ្យលោកអ្នក គួរតែលាឈប់ដោយលក្ខខណ្ឌល្អ ព្រោះវាអាចផ្តល់ប្រយោជន៍និងឱកាសរយៈពេលវែងដល់អនាគតអាជីព បានល្អជាងការចាកចេញដោយកំហឹង៕
អត្ថបទដោយ៖ ពីង ជូអេង


