ការរកស៊ីធ្លាក់ចុះ ម្ចាស់អាជីវកម្មត្រូវត្រៀមហានិភ័យ៥នេះ ទើបអាចចាប់ឱកាសចំណេញបានលឿន
ឡុង វឌ្ឍនៈMARCH 30 2023647 views

នៅក្នុងដំណើរផ្សងព្រេងក្នុងពិភពជំនួញគឺរមែងតែងមានពេលឡើង មានពេលចុះ មានរីកចម្រើន មានជួបបញ្ហាដោយជៀសមិនផុតនោះទេ។ ប៉ុន្តែប្រសិនបើអ្នកពិតជាចង់បន្តនូវភាពរីកចម្រើនទៅមុខ អ្នកត្រូវតែមានជំនឿជាក់លើខ្លួនឯង មានការតស៊ូឱ្យបានខ្លាំងពេលដែលជួបបញ្ហា ត្រូវមានភាពឆ្លាតវៃក្នុងការបត់បែនតាមស្ថានភាព និងមានយុទ្ធសាស្ត្រផ្សេងៗដើម្បីអាចយកឈ្នះបញ្ហា។

ជាក់ស្ដែងការរកស៊ីសុខៗការលក់ធ្លាក់ចុះ ការកើតចេញនូវវិបត្តិកូវីដ១៩ វិបត្តិសង្គ្រាមរុស្ស៊ី អ៊ុយក្រែន វិបត្តិសេដ្ឋកិច្ចជាដើម សុទ្ធសឹងតែជារនាំងឧបសគ្គ ដែលធ្វើឱ្យអ្នករកស៊ីមានការតានតឹងក្នុងការធ្វើអាជីវកម្ម។ ខាងក្រោមនេះគឺជារឿងធំៗដែលអ្នករកស៊ីគួរធ្វើ ក្នុងគ្រាដែលការលក់ធ្លាក់ចុះ ឬគ្រាមានវិបត្តិសេដ្ឋកិច្ចជាដើម ដើម្បីអាចបន្តដង្ហើមរស់ និងអាចមានឱកាសចាប់យកផលចំណេញលឿនមុនគេ ក្រោយវិបត្តិធូរស្រាល។

១. បង្ការហានិភ័យនៃចរន្តឈាមហិរញ្ញវត្ថុ

ចរន្តហិរញ្ញវត្ថុ វាប្រៀបបីដូចជាចរន្តឈាមនៅក្នុងរាងកាយមនុស្សដូចគ្នា។ ប្រសិនបើឈាមចេះតែហូរចេញពីរាងកាយកាន់តែច្រើនឡើងៗ នោះមនុស្សនឹងស្លាប់។ បើយើងក្រឡេកមកមើលអាជីវកម្មវិញក៏ដូចជា ការហូរឈាមនៅក្នុងន័យនេះគឺសម្ដៅទៅលើការចំណាយផ្សេងៗដែលមិនចំគោលដៅ ចំណាយខ្ជះខ្ជាយមិនបានលទ្ធផលរីកចម្រើនណាមួយត្រឡប់មកឱ្យវិញជាដើម។ ដូច្នេះនៅក្នុងសម័យមានវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យការលក់ធ្លាក់ចុះ ម្ចាស់អាជីវកម្មត្រូវគិតឱ្យបានហ្មត់ចត់ និងចំណាយឱ្យចំគោលដៅ ចំណាយឱ្យកើតជាចំណូលត្រឡប់មកវិញ ប្រសិនបើមិនចង់ឃើញអាជីវកម្មខ្លួន ខ្សោះឈាមរហូតឈានទៅដល់ការដួលរលំ ព្រោះខ្សោះធនធានលែងមានប្រាក់ខែផ្ដល់ឱ្យបុគ្គលិក។

២. ហានិភ័យនៃការមិនបានពង្រឹងស្មារតីក្រុមការងារ

នៅក្នុងស្ថានភាពបែបនេះ ក្រុមការងារ ឬបុគ្គលិករបស់អ្នកភាគច្រើនអាចនឹងបាក់ទឹកចិត្ត មិនសូវមានកម្លាំងចិត្តធ្វើការងារ ប្រសិទ្ធភាពការងារធ្លាក់ចុះ ចំណូលថយចុះ ហើយបើសិនជាក្រុមហ៊ុនមួយចំនួនដែលតម្រូវឱ្យកាត់ប្រាក់ខែមួយចំនួនទៀតនោះ គឺរឹតតែធ្វើឱ្យគាត់លែងមានអារម្មណ៍ខំប្រឹងប្រែងធ្វើការងារតទៅទៀតហើយ។

មួយវិញទៀត ប្រសិនបើជាក្រុមការងាររកស៊ីជាមួយគ្នា ពេលដែលឃើញប្រាក់ចំណេញធ្លាក់ចុះ ឬក្រុមហ៊ុនកំពុងតែខាតទៀតនោះ អត្រាមានជម្លោះឈ្លោះទាស់ទែងបែកបាក់គ្នាក៏កាន់តែខ្ពស់ផងដែរ។ ដូច្នេះនៅក្នុងសម័យមានវិបត្តិបែបនេះ អ្នកត្រូវពង្រឹងស្មារតីក្រុមការងារ ដៃគូអាជីវកម្ម បុគ្គលិកថ្នាក់ក្រោមឱ្យមានឆន្ទៈរួមតែមួយជាមួយគ្នា។

៣. ហានិភ័យនៃការមិនបានរកក្បួនលក់បែបថ្មី

ការលក់គឺជាលុយ ហើយលុយជាដង្ហើមអាជីវកម្ម បើការលក់កើនឡើងខ្លាំងអាជីវកម្មរីកចម្រើនទៅមុខ ផ្ទុយទៅវិញបើសិនការលក់ធ្លាក់ចុះជាគំហុកនោះ អាជីវកម្មអាចនឹងក្ស័យធន។ ដូច្នេះបើសិនជាការលក់របស់អ្នកនៅតែលក់បានមិនមានបញ្ហាអ្វីទេនោះគឺជារឿងល្អ។ ផ្ទុយទៅវិញបើសិនជាការលក់របស់អ្នកកំពុងតែធ្លាក់ចុះ ឬមានបញ្ហាផ្សេងៗអ្នកត្រូវតែហ៊ានសាកល្បងក្បួនលក់បែបថ្មី ព្រោះគឺអាចប្តូរពីការចុះលក់ដោយជួបមុខផ្ទាល់ មកជាការលក់តាមប្រព័ន្ធអនឡាញ ឬការវេចខ្ចប់ដឹកជញ្ជូនដល់កន្លែងតែម្ដង។

៤. បន្ថយប្រាក់ចំណេញ បង្កើនបរិមាណលក់

នៅក្នុងស្ថានភាពបែបនេះ មានបណ្ដាអាជីវកម្មជាច្រើនជាពិសេសនៅក្នុងវិស័យម្ហូបអាហារ Food & Beverage គឺពួកគាត់បានសម្រេចចិត្តកាត់បន្ថយនូវប្រាក់ចំណេញមួយផ្នែករបស់ខ្លួន តាមរយៈការរៀបចំជាពិសេសដល់អតិថិជនក្រោមរូបភាពមួយចំនួនដូចជា៖ លក់បញ្ចុះតម្លៃ ទិញមួយថែមមួយ ឬទិចនិកមួយចំនួនទៀត... ដើម្បីធ្វើយ៉ាងណាជួយឱ្យបរិមាណនៃការលក់មានការកើនឡើងច្រើន ដែលយើងអាចនិយាយឱ្យខ្លីងាយយល់គឺ លក់ចំណេញតិចជាងមុន ប៉ុន្តែលក់បានក្នុងបរិមាណច្រើនជាងមុន។ ការធ្វើបែបនេះវាក៏អាចជាផ្នែកដ៏សំខាន់មួយក្នុងការជួយធ្វើទីផ្សារឱ្យគេ បានស្គាល់ បានភ្លក្សរសជាតិផលិតរបស់អ្នក ឬធ្វើឱ្យអតិថិជនលង់ស្រលាញ់ពេញចិត្ត ចំពោះអាជីវកម្មអ្នកកាន់តែខ្លាំងជាងមុនផងដែរ។

៥.ហ៊ានចំណាយប្រាក់មួយផ្នែកធ្វើទីផ្សារ

នៅក្នុងស្ថានភាពមានវិបត្តិ ប្រាកដណាស់ដែលអាជីវកម្មភាគច្រើន មានការលក់ធ្លាក់ចុះដែលធ្វើឱ្យចំណូលមួយក៏ធ្លាក់ចុះ។ ប៉ុន្តែចំណាយជារៀងរាល់ខែគឺរក្សានៅដដែល ឬខ្លះទៀតមានការកើនឡើងថែមទៀតផង។ ប៉ុន្តែនៅក្នុងកាលៈទេសៈបែបនេះ អ្នកគួរតែហ៊ានចំណាយធនធានមួយផ្នែកដើម្បីការធ្វើទីផ្សារផ្សព្វផ្សាយផងដែរ ដើម្បីជួយជំរុញការលក់ ព្រោះបើអ្នកនៅតែអោបក្រសោបមិនហ៊ានចំណាយអ្វីសោះ អ្នកអាចនឹងខ្សោះឈាមរហូតឈានទៅដល់ការដួលរលំផងដែរ។

ផ្ទុយទៅវិញ ប្រសិនបើអ្នកអាចចំណាយធនធានមួយផ្នែកធ្វើទីផ្សារ វាអាចធ្វើឱ្យការលក់មានកំណើនខ្លះ ហើយអាចរកចំណូលមកទប់ប្រតិបត្តិការចំណាយប្រចាំខែ ឬអាចសល់ប្រាក់ចំណេញតិចតួចក៏ថាបាន។ ប៉ុន្តែនៅពេលដែលអ្នកចំណាយធ្វើទីផ្សារ ត្រូវគិតក្នុងការប្រើប្រាស់ឧបករណ៍នៃការផ្សព្វផ្សាយឱ្យចំគោលដៅ ចំណាយសមល្មម ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ ឬបើសិនជាអាចធ្វើទីផ្សារដោយមិនចំណាយប្រាក់ទៀតគឺរឹតតែល្អ។

ជារួមមកវិញ​ ក្នុងគ្រាដែលមានវិបត្តិ ការលក់ធ្លាក់ចុះ អ្នកមិនត្រូវបន្តធ្វើសកម្មភាពដដែលៗទៀតនោះទេ​អ្នកត្រូវធ្វើការសាកល្បងអ្វីដែលថ្មី រៀនអ្វីថ្មីៗ អភិវឌ្ឍន៍ខ្លួនជាប្រចាំ និងខំប្រឹងធ្វើការឱ្យខ្លាំងទ្វេដង ទើបអាចមានសង្ឃឹមរស់ក្នុងគ្រាមានវិបត្តិ និងអាចបង្កើនប្រាក់ចំណេញបាននាពេលក្រោយ។ ត្រូវចាំថាក្នុងគ្រាមានវិបត្តិ មានអាជីវកម្មខ្លះបិទទ្វារក្ស័យធន ប៉ុន្តែក៏មានអាជីវកម្មមួយចំនួនកាន់តែរីកចម្រើន សម្ងំកើបលុយទាល់តែធាត់ផងដែរ ព្រោះក្នុងបញ្ហារមែងតែងតែមានបង្កប់នូវឱកាសមាស៕ អភិវឌ្ឍន៍ខ្លួនជាមួយខ្ញុំទីនេះ ( https://t.me/LongVathanakOfficial

 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia