ខ្ចីស្រួល ពិបាកសង! ៥ជំហានងាយៗ ដោះស្រាយបញ្ហាមិត្តខ្ចីមិនសង ទារលុយគេបានដោយមិនខូចមិត្តភាព
SOKLY SONOVEMBER 16 2022833 views

សព្វថ្ងៃនេះមានមិត្តភាពជាច្រើនដែលបានបែកបាក់ ដោយសារតែបញ្ហាលុយកាក់។ ជាទូទៅ ច្រើនតែកើនពីការខ្ចីមិនសង ឬពឹងពាក់មិនបាន មានទុក្ខខ្ចីមិត្តតែមិត្តមិនឱ្យខ្ចី។ ដើម្បីចូលរួមចំណែកដោះស្រាយនូវបញ្ហាមួយនេះ Business Cambodia សូមលើកយកនូវ គន្លឹះពិសេស ៥ជំហានងាយៗ អាចឱ្យមិត្តសងលុយវិញ និងរក្សាចំណងមិត្តភាពបានល្អ។ 

១. រំលឹកជារឿយៗ

ជួនកាលមិត្តរបស់អ្នកមិនមែនមិនចង់សងអ្នកឡើយ គ្រាន់តែគេភ្លេច ឬរវល់ខ្លាំងពេកមិនបានចាប់ភ្លឹក។ ហេតុនេះហើយអ្នកគួរតែចាប់ផ្ដើមពីការ រំលឹកប្រាប់គេសិន​ ដើម្បីប្រាកដចិត្តថា គេភ្លេចពិតមែន ឬមិនចង់សង។ លោកអ្នកអាចទាក់ទងទៅគេរួចនិយាយបង្ហើបសួរថា "អ្នកនៅចាំបានទេ កាលពី១ឆ្នាំមុន អ្នកបានខ្ចីលុយខ្ញុំ ១ពាន់ដុល្លារ? ឬក៏ តើអ្នកភ្លេចហើយមែនទេ ថាអ្នកធ្លាប់ជំពាក់លុយខ្ញុំ?"​ 

អ្នកអាចប្រើវិធីសាស្រ្តមួយនេះ តាមរយៈការរំលឹក​ដោយខល ផ្ញើសារ ឬឆាតទៅក៏បាន។ សូមកុំបារម្ភថាសំណួរនេះធ្ងន់ធ្ងរអី តាមពិតទៅវាជាសំណួរធម្មតាទេ នៅពេលដែលអ្នកព្យាយាមប្រើសម្ដីសមរម្យ និងមានចេតនា ក្រើនរំលឹកការចងចាំរបស់អ្នកជំពាក់។ សូមចៀសវាងការប្រើសម្ដីបែបខឹង ឬស្ដីបន្ទោស មិនថាអ្នកស្និទ្ធិស្នាលខ្លាំងប៉ុនណាក៏ដោយ សូមចាំថា គោលបំណងទារប្រាក់វិញគឺដើម្បីរក្សាមិត្តភាព។

២. ណាត់ជួបផ្ទាល់

ប្រសិនបើការក្រើនរំលឹកពីចម្ងាយហើយនៅតែមិនទទួលបានផល សូមឈានចូលជំហានទី២ ដោយការណាត់ជួបនិយាយគ្នាផ្ទាល់ៗតែម្ដង។ ប្រសិនបើអ្នកនិងមិត្តភក្តិ ឧស្សាហ៍បានជួបគ្នាស្រាប់ អាចឆ្លៀតនិយាយរឿងជំពាក់លុយនេះតែម្ដង តែបើមិនសូវបានជួបគ្នាទេ សាកល្បងណាត់ជួប ហើយនិយាយរំលឹករឿងជំពាក់ឱ្យគេបានដឹង និងរង់ចាំមើលថាគេនឹងឆ្លើយតបវិញបែបណា។ សូមចាំថា កុំទាន់គិតអវិជ្ជមានភ្លាមៗថាគេមិនចង់សង ជួនកាលមិត្តរបស់អ្នកពិតជាមានហេតុផលមែន គ្រាន់តែមិនហ៊ានលើកមកនិយាយប្រាប់អ្នក។ ដូច្នេះសូមយកឱកាសនេះធ្វើការពិភាក្សាជួយរកដំណោះស្រាយ ដ៏សមស្របមួយសម្រាប់អ្នកនិងគាត់។

៣. សុំឱ្យគេសងវិញខ្លះ

បើក្នុងករណីអ្នកពិតជាប្រញាប់លុយដែរ សូមលើកហេតុផលនិយាយប្រាប់ទៅមិត្តរបស់អ្នកត្រង់ៗ ដើម្បីឱ្យគេឆាប់សងលុយអ្នកវិញ ទោះមិនបានទាំងអស់ ត្រឹមមួយចំណែកសិនក៏បានដែរ។ ត្រង់ចំណុចនេះ បើមិត្តរបស់អ្នកឆ្លើយថាមិនមានលុយទេ សូមលើកជាដំណោះស្រាយឱ្យគេទៅរកពីអ្នកណាផ្សេងមកឱ្យអ្នកវិញសិន ព្រោះថាអ្នកក៏ចាំបាច់ត្រូវការលុយ ដូច្នេះគេមិនអាចមើលរំលងបញ្ហារបស់អ្នកបានឡើយ។ 

៤. បង្កើតកិច្ចសន្យាបញ្ជាក់ថ្ងៃផុតកំណត់ថ្មី

ក្រោយពេលចរចារ ៣ជំហានខាងលើរួចហើយ តែមិត្តរបស់អ្នកបញ្ជាក់ថា មិនទាន់មានលទ្ធភាពសង អ្នកគួរតែបង្កើតកិច្ចសន្យាថ្មី។ នៅក្នុងកិច្ចសន្យានេះ ធ្វើឡើងម្ដងទៀតដោយដាក់បញ្ចូលហេតុផលដែលមិត្តអ្នកខ្ចីលុយ និងមូលហេតុមិនអាចសងបាន រួមទាំងរយៈពេលកំណត់ថ្មី ដែលគេអាចធានាថានឹងសងវិញបាន។ ជំហាននេះ អ្នកមិនបាច់រឹតបន្តឹងពេលវេលាពេកទេ ដើម្បីកុំឱ្យមានបញ្ហានៅថ្ងៃក្រោយ​ គ្រាន់តែយល់ព្រមតាមពេលវេលាណាមួយ ដែលមិត្តអ្នកគាត់ពេញចិត្តនិងទទួលយកបាន។ កុំភ្លេចបញ្ជាក់ប្រាប់គេផង ថានេះជាកិច្ចសន្យាចុងក្រោយហើយ នឹងមិនមានការប្រែប្រួលទៀតទេណា បើអ្នកនៅតែមិនសងខ្ញុំធ្វើតាមលក្ខខណ្ឌដែលមានក្នុងកិច្ចសន្យាហើយ។

៥. ចាត់វិធានការតាមផ្លូវច្បាប់

ជំហានចុងក្រោយបំផុត គឺត្រូវធ្វើនៅពេលដែលដំណោះស្រាយសន្តិវិធីមិនដំណើរការ អ្នកអាចធ្វើតាមផ្លូវច្បាប់ ដោយមានឯកសារយោងសំខាន់ៗអមជាមួយ។ អ្នកប្រហែលជាយល់ថា ចំណុចចុងក្រោយនេះខុសពីចំណងជើងរបស់អត្ថបទដែលបានបញ្ជាក់ច្បាស់ៗថា ជាក្បួនទារលុយរក្សាមិត្តភាព ហើយមែនទេ? កុំគិតបែបនេះអី ចំណុចចុងក្រោយនេះ មិនមែនមានន័យថាអ្នកបំផ្លាញមិត្តភាពឡើយ អ្នកគ្រាន់តែធ្វើដើម្បីរក្សាភាពយុត្តិធម៌តែប៉ុណ្ណោះ។ 

សូមពិចារណាទៅមើល​ បើអ្នកមិនធ្វើតាមផ្លូវច្បាប់ មិត្តរបស់អ្នកមិនសង វាក៏មានន័យថាមិត្តភាពរបស់អ្នកបានខូចដដែលទេ។ តែសូមចាំថា ខូចពិតមែន តែមិនមែនខូចដោយសារស្នាដៃរបស់អ្នកឡើយ អ្នកបានខិតខំរក្សាអស់ពីលទ្ធភាពហើយ។ ដូច្នេះមធ្យោបាយចុងក្រោយ បើរក្សាមិត្តភាពមិនបានហើយ មានតែរក្សាយុត្តិធម៌ឱ្យខ្លួនឯង ធ្វើយ៉ាងណាគ្រាន់តែយកលុយដែលជាកម្លាំងញើសឈាមមកវិញប៉ុណ្ណោះ។

អត្ថបទដោយ៖ សូ សុខលី

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia