នៅពេលដែលលោកអ្នកមានអារម្មណ៍ហត់នឹងការងារហើយចង់បន្ធូរអារម្មណ៍ និងចង់មើលទេសភាពទីក្រុងអមជាមួយនិងបទភ្លេងកំដរអារម្មណ៍នោះ Sky Bar គឺជាកន្លែងដ៏សាកសមបំផុតមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។ ហើយពេលនេះដែរ Business Cambodia សូមណែនាំ Sky Bar ចំនួន៥ កន្លែងដែលអាចមើលទេសភាពទីក្រុងភ្នំពេញបានពេលរាត្រីបាន ៣៦០ ដឺក្រេ ដែលក្នុងនោះរួមមាន៖
១. Sora Skybar
ប្រសិនបើអ្នកកំពុងស្វែងរក Sky bar ដែលមានទេសភាពទីក្រុងដ៏ល្អឥតខ្ចោះ និងភេសជ្ជៈពិសេសៗ លោកអ្នកមិនគួររំលង Sora Skybar នោះទេ។ Sky bar គឺស្ថិតនៅជាន់ទី ៣៧ នៃអគារ Vattanac Capital ដែលមានកម្ពស់រហូតដល់ ៣៩ ជាន់។ ចំពោះដំណើរការវិញ Sky Bar ដ៏ខ្ពស់មួយនេះមានបើកពីម៉ោង ៥ ល្ងាច ដល់ម៉ោង ១២ យប់។
២. Vehaa Restaurant & Bar
វេហា (VEHAA) ស្ថិតនៅលើប្លុកខុនដូបែបសហសម័យដែលមានកម្ពស់ ០៩ ជាន់ ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៅទូទាំងទីក្រុង និងទន្លេសាប និងទន្លេមេគង្គ។ វេហា Sky bar នេះមានទីតាំងស្ថិតនៅ ផ្លូវ 59b នៃមហាវិថីសុធារស រាជធានីភ្នំពេញ។ Sky Bar មួយនេះចាប់ផ្ដើមបើដំណើរការពីម៉ោង ចាប់ពីម៉ោង ៤ រសៀល ដល់ ម៉ោង ១២ យប់ដូចគ្នា។
៣. Eclipse Sky Bar
Eclipse Sky Bar ជាSky Bar ដ៏ស្រស់ស្អាតមួយផងដែរនៅភ្នំពេញ ដែលមានទីតាំងនៅជាន់ទី ២៣ នៃអគារ Phnom Penh Tower ។ ពេលវេលាដ៏ល្អបំផុតដើម្បីទស្សនា Eclipse Sky Bar គឺអំឡុងពេលថ្ងៃលិច នៅពេលដែលអ្នកអាចឃើញទីតាំងសំខាន់ៗនៅក្នុងទីក្រុងភ្នំពេញ ដូចជាវិមានឯករាជ្យ ទន្លេបាសាក់ និងទន្លេមេគង្គ ផ្សារធំថ្មី និងព្រះបរមរាជវាំង។ Sky Bar នេះមានទីតាំងស្ថិតនៅ មហាវិថីព្រះមនីវង្ស សង្គាត បឹងប្រលិត ខណ្ឌ ៧មករា ចាប់បើកពីម៉ោង ៥ ល្ងាច ដល់ ម៉ោង ២ យប់ឯណោះ។
៤. Juniper Gin Bar
Juniper Gin Bar គឺជា skybar ដ៏ស្រស់ស្អាតមួយដែរ ដែលមានទីតាំងនៅជាន់ទី ១២ នៃសណ្ឋាគារ Point Boutique Hotel ដែលនៅជិតមាត់ទន្លេដែលអ្នកអាចរីករាយនឹងទិដ្ឋភាព ៣៦០ ដឺក្រេ។ មានទីតាំងស្ថិតនៅផ្ទះលេខ 10 ផ្លូវ 130 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើចាប់ពីម៉ោង ៤ រសៀលដល់ម៉ោង ១១ យប់ ។
៥. Sky bar at lumiere
ទីនេះចែកចេញជាពីរគឺផ្នែកខាងក្នុងនឹងផ្នែកខាងក្រៅ ផ្នែកខាងក្នុងគឺជាភោគជនីយដ្ឋាន និងបា ដែលលោកអ្នកអាចទស្សនាទិដ្ឋភាពទីក្រុងពីក្នុងអគារហើយផ្នែកខាងក្រៅលោកអ្នកស្រូបយកខ្យលអាកាសបរិសុទ្ធ។ Sky bar នេះស្ថិតនៅលើអគារ Lumiere មានទីតាំងនៅលើបណ្ដោយផ្លូវ ៥៥ កែងផ្លូវ ២៨៨ សង្គាត ចតុមុខ ខណ្ឌ ដូនពេញ ។ ដែលបើកចាប់ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ១២ យប់៕
អត្ថបទ៖ ឌឿក ស្រីនុត រតនៈ