ពិបាករៀន តែចំណូ.លខ្ពស់! ចេះជំនាញទន់ទាំង៥នេះ អាចធ្វើឱ្យអ្នកមានប្រា.ក់ខែខ្ពស់ លេចធ្លោក្នុងការងារ
Ping Chou EngOCTOBER 23 2023918 views

មានចំណេះដឹង មានសមត្ថភាព មានការប្រឹងប្រែងតស៊ូព្យាយាមគឺជាគន្លឹះ​មួយដ៏ធំឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ។ ប៉ុន្តែនាសករាជថ្មីឥរិយាបថនិងការរស់នៅរបស់​មនុស្សតែងតែផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ដូច្នេះហើយដើម្បីតាមឱ្យទាន់នូវភាពជឿនលឿនរបស់សង្គម បងប្អូនគួររៀនជំនាញទាំង៥នេះ ទោះវាលំបាករៀនបន្តិចមែន តែអាចជួយយើងឱ្យមានភាពលេចធ្លោក្នុងការងារ អាចមានប្រាក់ខែខ្ពស់៖

. ជំនាញនិយាយជាសាធារណៈ

 

ការ​និយាយជាសាធារណៈគឺជាជំនាញរឹងមួយដែលបូកបញ្ចូលគ្នាជាមួយសិល្បៈនៃជំនាញទន់ ដែលមិនមែនចំណាយពេលមួយថ្ងៃរៀនចេះនោះទេ គឺត្រូវការពេលវេលានិងភាពជាប់លាប់។ ជំនាញនេះលំបាកប៉ុន្តែ​វានឹងហុចផលឱ្យពេលអ្នករៀនហើយវាប្រើប្រាស់ជារៀងរាល់ថ្ងៃ។​

 

ជំនាញនេះមានប្រយោជន៍ចំពោះជីវិតរស់នៅប្រចាំថ្ងៃជាខ្លាំង ដូចជាជំរុញលើការចរចារដំឡើងប្រាក់ខែ ការចរចារក្នុងការរកស៊ី ហើយសូម្បីតែការកសាងជីវិតគ្រួសារដ៏កក់ក្តៅមួយ​ក៏ត្រូវការជំនាញនេះដែរ។

 

. ជំនាញគ្រប់គ្រងពេលវេលា

 

មនុស្សរវល់ច្រើនណាស់ជារៀងរាល់ថ្ងៃនេះ ហើយពួកគេនឹងរវល់ដោយគ្មានពេលសម្រាក ប្រសិនបើរវល់មិនចំស្ថានភាពជីវិតរបស់ខ្លួន។ រវល់នឹងការងារជាងរវល់លើខ្លួនឯង ដូចជាភេ្លចថែទាំសុខភាពផ្លូវចិត្ត ផ្លូវកាយរបស់ខ្លួនឯង​និងមនុស្សជាទីស្រឡាញ់ជាដើម។

 

ដូច្នេះហើយការរៀនជំនាញគ្រប់គ្រងពេលវេលានេះគឺពិតជាសំខាន់ ដូចជាការគោរពម៉ោង កំណត់ពេលវេលា ដោយចេះប្រើពេលធ្វើការផង មើលថែខ្លួនឯងនិងគ្រួសារឱ្យបានល្អផងពោលគឺ ប្រើពេលវេលា២៤ម៉ោងឱ្យបានច្រើនជាងអ្នកដទៃ ប្រើពេលវេលាខ្លីៗដើម្បីរកចំណូលជាដើម។ ទាំងអស់នេះគឺជាលទ្ធផលនៃការចេះជំនាញគ្រប់គ្រងពេលវេលាផ្ទាល់ខ្លួន។

 

. ជំនាញផ្តោត

 

ប្រើពេលដែលកំពុងមានឱ្យបានល្អបំផុត ដោយផ្តោតលើពេលបច្ចុប្បន្ន ហើយធ្វើសកម្មភាពតូចតាចនៅចំពោះមុខឱ្យបានល្អបំផុត​ ផ្តោតលើអ្វីដែលអាចគ្រប់គ្រងបាន ហើយនេះគឺជាជំនាញមួយដ៏ខ្លាំងក្លាបំផុតដែលអាចដឹកនាំយើងឱ្យផលិតនូវការងារដ៏អស្ចារ្យសម្រាប់ខ្លួនឯង។ ផ្តោតគឺជារបៀបដែលយើងដាក់ចិត្តកាយ មួរដៃអាវធ្វើការងារនៅចំពោះមុខសំខាន់និងចាំបាច់ឱ្យបានល្អបំផុត។​

 

. ជំនាញវិន័យ​ 

 

ភាពជាប់លាប់ជាកូនសោអនាគត ល្អមិនល្អ ប្រសើរឡើងឬអត់ ចូរសង្កេតមើលជំនាញបង្កើតភាពជាប់លាប់របស់ខ្លួនឯង តើមានសេ្ថរភាពនៃទម្លាប់ល្អណាមួយ ឬទង្វើណាមួយទេ? តើអាចកំណត់គោលដៅដ៏រឹងមាំ និងជាប់លាប់ មួយបានទេ? តើអ្នកអាចមានចំណង់និងកម្តៅដ៏ខ្លាំងក្លា មិនងាយរលត់ លើទម្លាប់ដែលអាចផ្លាស់ប្តូរជីវិតរបស់ខ្លួនឯងបានទេ?

 

. ជំនាញស្មោះជាមួយខ្លួនឯង

 

គ្មាននរណាអាចនៅជាមួយយើងរហូតដូចជាដួងចិត្តរបស់យើងទេ គំនិតយើងគិតបែបណាអារម្មណ៍របស់យើងនឹងផលិតលទ្ធផលបែបនោះ។ ដូច្នេះចូរស្មោះត្រង់ជាមួយខ្លួនឯង បើថាធ្វើគឺធ្វើ កុំកុហកខ្លួនឯង កុំក្បត់ឆន្ទៈរបស់ខ្លួនឯង ព្រោះថាដំណើរនៃការរត់ប្រណាំងក្នុងជីវិតនេះ អ្នកមិនមែនរត់ប្រកួតប្រជែងជាមួយនរណាទេ អ្នករត់ដើម្បីឈ្នះចំណុចមិនល្អរបស់ខ្លួនឯង។

 

ជារួមមកវិញជំនាញទន់ទាំងនេះគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការរស់នៅរបស់យើងក្នុងសង្គមសម័យទំនើបនេះ ប្រសិនបើយើងមិនប្រើជំនាញទាំងនេះមកគ្រប់គ្រងជីវិត ផ្នត់គំនិត និងការងាររបស់យើងទេ បម្រែប្រមួលរបស់សង្គមនឹងតែងតែចូលមកផ្លាស់ប្តូរផ្នត់គំនិតរបស់យើងជានិច្ច ហើយយើងនឹងត្រូវរត់តាមស្តង់ដារមិនច្បាស់លាស់របស់សង្គមដោយនឿយណាយបំផុត៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia