ក្រុមហ៊ុនតែងចង់មានបុគ្គលិកល្អៗ បុគ្គលិកដែលពូកែធ្វើការដូចថៅកែ មានផ្នត់គំនិតចង់បានភាពរីកចម្រើនលើការងារនិងសម្រាប់ខ្លួនឯង។ យ៉ាងណាមិញសញ្ញាបុគ្គលិកទាំង៥នេះបង្ហាញថាអ្នកដឹកនាំក្រុមហ៊ុនកំពុងមានបុគ្គលិកជាទ្រព្យល្អ ជាគ្រាប់ពូជល្អសម្រាប់ក្រុមហ៊ុន។
១. ជាបុគ្គលិលមានទេពកោសល្យ និងជំនាញ៖ ប្រសិនបើបុគ្គលិកមានទេពកោសល្យនិងចំណង់ចំណូលចិត្តខ្ពស់លើការងារដែលកំពុងធ្វើនោះពួកគាត់នឹងងាយរីកចម្រើន ងាយបង្ហាត់បង្រៀន ងាយណែនាំ និងងាយក្លាយជាអ្នកជំនាញលើវិស័យនោះ។ លើសពីនេះប្រសិនបើបុគ្គលិកមានទាំងទេពកោសល្យ មានទាំងជំនាញលើវិស័យនោះស្រាប់ ជាសញ្ញាមួយបង្ហាញថាក្រុមហ៊ុនកំពុងមានគ្រាប់ពូជល្អ ជាបុគ្គលិកទ្រព្យ។
២. ជាបុគ្គលិកគ្រប់គ្រងពេលវេលាបានល្អ៖ ជាប្រភេទបុគ្គលិកដែលអាចគ្រប់គ្រងពេលវេលាបានល្អមានតុល្យភាព មានសមត្ថភាពធ្វើការបែបឆ្លាតវៃ អាចធ្វើការងារបានលឿន មានប្រសិទ្ធិភាព មានវិន័យខ្ពស់ ចេះរៀបចំផែនការទុកជាមុនតាមបន្ទុកការងាររបស់ពួកគេ។
៣. ជាបុគ្គលិកពូកែត្រិះរិះពិចារណា ៖ ក្រុមហ៊ុនមិនចង់ប្រើម៉ាស៊ីនធ្វើការប៉ុន្មានទេ ជាសញ្ញាមួយសម្រាប់ក្រុមហ៊ុនថាកំពុងមានបុគ្គលិកល្អ ប្រសិនបើមានបុគ្គលិកពូកែត្រិះរិះពិចារណា មានការសម្រេចចិត្តត្រឹមត្រូវ និងដោះស្រាយឱ្យក្រុមហ៊ុនបានលឿនរហ័ស ចេះសង្កេត វិភាគ និងបង្កើតការវិនិច្ឆ័យត្រឹមត្រូវលើស្ថានភាពណាមួយ។
៤. ជាបុគ្គលិកពូកែលេងក្នុងក្រុម៖ ក្រុមការងារប្រៀបដូចជាកីឡាករបាល់ទាត់ ប្រសិនបើមានអ្នកលេងម្នាក់ខ្លាំងនោះ គេនឹងអាចនាំក្រុមឱ្យខ្លាំងនិងលេចធ្លោជាមួយដែរ។ ដូច្នេះបើសិនបើក្រុមហ៊ុនកំពុងមានបុគ្គលិកដែលពូកែច្រើនផ្នែកនៅក្នុងក្រុមការងារមួយ មានទាមទារការអត់ធ្មត់ ការលះបង់ ការសម្របខ្លួន និងការអត់ឱននោះគឺជារឿងដ៏ល្អសម្រាប់ក្រុមហ៊ុន ហើយក្រុមហ៊ុនមិនគួរឱ្យបុគ្គលិកបែបនេះរបូតទៅឡើយ។
៥.ជាបុគ្គលិកពូកែស្តាប់និងធ្វើទំនាក់ទំនង៖ បុគ្គលិកដែលអាចប្រាស្រ័យទាក់ទងបានល្អជាមួយមនុស្សគ្រប់គ្នានៅកន្លែងធ្វើការ ចេះស្តាប់គំនិតអ្នកដទៃ រួមមានមិត្តរួមការងារ អតិថិជន និងអ្នកគ្រប់គ្រងគឺជាបុគ្គលិកទ្រព្យដែលក្រុមហ៊ុនគួរមាន។ ក្នុងនោះជំនាញទំនាក់ទំនងមានច្រើនប្រភេទដែលបុគ្គលិកល្អគួរតែត្រូវបានវាយតម្លៃថាជាបុគ្គលិកទ្រព្យរបស់ក្រុមហ៊ុន ដូចជាជំនាញទាក់ទងដោយផ្ទាល់មាត់ ទាក់ទងដោយប្រើសារ ទំនាក់ទំនងដោយការស្តាប់និងជំនាញធ្វើបទបង្ហាញជាដើម។
ជាការពិតណាស់ក្រុមហ៊ុនដែលមានបុគ្គលិកល្អៗច្រើនជាក្រុមហ៊ុនដែលងាយនឹងរីកចម្រើនលឿន ព្រោះថាបុគ្គលិកជាកម្លាំងទាញជួយឱ្យអាជីវកម្មមួយដំណើរការទៅមុខ។ ដូច្នេះដើម្បីរក្សាបាននូវបុគ្គលិកដែលមានសញ្ញាល្អៗ អ្នកដឹកនាំគួប្បីរកវិធីសាស្រ្តថ្មីៗ លើកទឹកចិត្តនិងសាកថ្មបុគ្គលិកឱ្យប្រឹងប្រែងធ្វើការ៕
អត្ថបទដោយ៖ ពីង ជូអេង