IQ “Intelligence quotient” គឺជាភាពឆ្លាតវៃផ្នែកបញ្ញាខួរក្បាល ជាធម្មតា IQ មនុស្សតែងត្រូវបានគេធ្វើតេស្តនិងវាយតម្លៃលើ ហេតុផលអរូបី ភាសា ល្បឿន ការយល់ដឹងដែលមើលឃើញ ការចងចាំ និងការគណនាគណិតវិទ្យាជាដើម។ ទន្ទឹមនឹងនេះបើយោងតាមការសិក្សាចិត្តវិទ្យាពីអ្នកចិត្តសាស្រ្តបានឱ្យដឹងថា សញ្ញាធំៗ៥បង្ហាញថាអ្នកជាមនុស្សមាន កម្រិតបញ្ញា IQ ខ្ពស់ជាងធម្មតា។
១. ឆាប់ចេះឆាប់ចាំ៖ មនុស្សដែលមានកម្រិត IQ ខ្ពស់តែងតែជាអ្នករៀនរហ័ស ងាយចាប់បាន ចេះនិងចងចាំបានរហ័ស មិនថាជាការរៀនជាប្រព័ន្ធ ឬរៀនជាមួយសកម្មភាពក្នុងជីវិតប្រចាំថ្ងៃនោះទេ។ ក្នុងនោះលោក Ronald J. Swatzyna វេជ្ជបណ្ឌិតអាមេរិកផ្នែកប្រសាទនៅ Brain Code Centers បានឱ្យដឹងថា “អ្នកដែលមាន IQ ខ្ពស់មានសមត្ថភាពចាប់យកគំនិតថ្មីៗ បានឆាប់រហ័ស និងអាចរក្សាចំណេះដឹង ដែលបានរៀនយ៉ាងល្អ ធ្វើឱ្យគេពូកែទាំងក្នុងការសិក្សា និងវិជ្ជាជីវៈ” ។
២. ទំនោរអារម្មណ៍ខ្ពស់ (EQ)៖ មនុស្សដែលមាន IQ ខ្ពស់តែងមានទំនោរយល់ដឹងអំពីអារម្មណ៍របស់ពួកគេ ហើយកាន់តែស្ទាត់ជំនាញក្នុងការយល់ដឹងពីចិត្ត ពីអារម្មណ៍របស់អ្នកដទៃបានខ្លាំង។ ជាទូទៅមនុស្សដែលមាន IQ ហើយថែមទាំងមាន EQ ទៀត គឺរាប់ថាគេជាមនុស្សខ្លាំងម្នាក់។ ក្នុងនោះបើតាមអ្នកចិត្តវិទូអ្នកស្រី Leslie Dobson បានបន្ថែមថា “អ្នកដែលមាន IQ ខ្ពស់ទំនងជាអាចប្រើការគិតសមហេតុផល ដោយប្រើអារម្មណ៍យល់ដឹងពីខ្លួនឯង និងអ្នកដទៃក្នុងពេលដំណាលគ្នា” ។
៣. ពូកែដោះស្រាយបញ្ហា៖ មនុស្សដែលមាន IQ ខ្ពស់តែងមានស្ទីលនៃការគិតរហ័សនិងត្រឹមត្រូវ អាចស្វែងរកបញ្ហាប្រឈមដ៏ស្មុគស្មាញ និងបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ក្នុងនោះវេជ្ជបណ្ឌិត Swatzyna បានលើកឡើងថា “មនុស្សដែលមានភាពវៃឆ្លាតខ្ពស់ តែងមានសមត្ថភាពពីកំណើតក្នុងការប្រមើលមើលបញ្ហាដែលអាចកើតមាន និងបង្កើតយុទ្ធសាស្រ្តដើម្បីយកឈ្នះ នាំឱ្យការសម្រេចចិត្តដ៏ល្អ និងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព” ។
៤. អាចស្រមើស្រមៃខ្ពស់៖ ការស្រមើស្រមៃ បានផ្សារភ្ជាប់ជាមួយនឹងភាពវៃឆ្លាត និងការច្នៃប្រឌិត ដូច្នេះបើអ្នកតែងតែស្រមើស្រមៃខ្ពស់ អ្នកគឺជាមនុស្សមាន IQ ខ្ពស់។ ក្នុងនោះបើយោងតាមការលើកឡើងលោក James A. Barham បណ្ឌិតផ្នែកអប់រំបានឱ្យដឹងថា “អ្នកក៏អាចមាន IQ ខ្ពស់ផងដែរ ប្រសិនបើអ្នកជារឿយៗតែងសុបិនស្រមើស្រមៃទាំងថ្ងៃ ព្រោះខួរក្បាលដែលមានប្រសិទ្ធភាពខ្ពស់ក្នុងដំណើរការព័ត៌មាន តែងជាប់ទាក់ទងនិងការស្រមៃ” ។
៥. ពន្យល់រឿងស្មុគស្មាញ ឱ្យងាយយល់៖ ប្រសិនបើអ្នកជាមនុស្សដែលអាចពន្យល់រឿងដែលស្មុគស្មាញឱ្យងាយស្រួលយល់ ដល់ដៃគូសន្ទនាក្នុងរយៈពេលខ្លី ជាសញ្ញាបង្ហាញថាអ្នកជាមនុស្សមាន IQ ខ្ពស់។ ក្នុងនោះអ្នកស្រី Leslie Dobson ក៏បានបញ្ជាក់ផងដែរថា “មនុស្សមាន IQ ខ្ពស់តែងនិយាយអំពីគំនិតដ៏ធំរបស់ពួកគេក្នុងភាសាដ៏សាមញ្ញ ពូកែសង្ខេប បញ្ចុះបញូល ហើយថែមទាំងអាចពន្យល់ពីគំនិតដ៏ស្មុគស្មាញដល់សិស្សថ្នាក់ទី៣ផងដែរ” ។
យ៉ាងណាមិញបើតាមការសិក្សាបានបញ្ជាក់ថា មនុស្សដែលមានកម្រិត IQ បញ្ញាពូកែវាងវៃ មានទេពកោសល្យខ្ពស់លើជំនាញវិជ្ជាជីវៈហើយ ប្រសិនបើពួកគេមានទំនោរអារម្មណ៍ (EQ) បន្ថែមទៀតនោះគេគឺជាបុគ្គលដ៏ខ្លាំងមួយរូប៕
អត្ថបទដោយ៖ ពីង ជូអេង