ជាបុគ្គលិកមានន័យថាបុគ្គលធ្វើការទទួលបានប្រាក់កម្រៃឬប្រាក់ខែពីស្ថាប័នឬក្រុមហ៊ុនណាមួយ។ ដូច្នេះការលាឈប់ឬផ្លាស់ប្តូរកន្លែងការងារ ក៏ពុំមែនជារឿងមិនល្អទាំងស្រុងនោះឡើយ។
ទន្ទឹមនឹងនេះការបំពេញការងារជាបុគ្គលិករបស់បុគ្គលម្នាក់ៗពុំមានលក្ខណៈដូចគ្នាទាំងអស់នោះទេ បុគ្គលខ្លះធ្វើការដើម្បី ផ្សាភ្ជាប់ការងារជាមួយនឹងគោលដៅផ្ទាល់ខ្លួនជីវិត ខ្លះជាមួយជំនាញ ឬខ្លះទៀតជាមួយប្រាក់ខែខ្ពស់ និងតម្រូវការសំខាន់ផ្សេងៗជាដើម។
ក្នុងនោះបើតាមការលើកឡើងរបស់លោក Grant Cardone មហាសេដ្ឋីនិងជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យរបស់ក្រុមហ៊ុនមួយរូបបានឱ្យដឹងថា សញ្ញាទាំង៥នេះ បង្ហាញថាបុគ្គលិកដល់ពេលពិចារណាលាឈប់ពីការងារឬប្តូរការងារថ្មី ដើម្បីស្វែងរកបទពិសោធន៍ថ្មីៗហើយ។
១. បាត់បង់ចំណង់៖ សញ្ញានៃការបាត់ចំណង់លើការងារនិងបង្ហាញចេញនៅពេលដែលអ្នក ធ្លាប់តែមានអារម្មណ៍រីករាយលើការងារតួនាទីការងាររបស់ខ្លួន ភ្ញាក់ពីដំណេកជាមួយនឹងគោលដៅការងារថ្មីៗ ប៉ុន្តែក្រោយពីធ្វើការងារយូរឆ្នាំ ហើយក៏ប្រែជាបាត់បង់ក្តីរំភើបជាមួយនឹងទំនួលខុសត្រូវលើការងារនោះ បង្ហាញថាអ្នកដល់ពេលពិចារណាស្វែងរកបទពិសោធន៍ការងារនិងមុខតំណែងថ្មីៗហើយ។
២. គ្មានឱកាសអភិវឌ្ឍន៍ខ្លួន៖ ការបំពេញការងារ ជារួមមានន័យថាមនុស្សលក់ពេលវេលា ក្នុងជីវិតដើម្បីរីកចម្រើនក្នុងជីវិត ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថាការងារដែលកំពុងធ្វើជារៀងរាល់ថ្ងៃ មិនមានឱកាសក្នុងការអភិវឌ្ឍខ្លួនលើផ្នែកណាដ៏សំខាន់ណាមួយក្នុងជីវិតទេ បង្ហាញថាអ្នកដល់ពេលពិចារណា ស្វែងរកឱកាសការងារថ្មី ដែលអាចជួយឱ្យអ្នកអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត។
៣. ស្រ្តេស បាក់ទឹកចិត្ត៖ បញ្ហាស្រ្តេសឬបាក់ទឹកចិត្តនៅកន្លែងធ្វើការ អាចបណ្តាលមកពីបញ្ហាផ្ទាល់ខ្លួន បញ្ហាសមត្ថភាពការងារ ឬបញ្ហាមនុស្សនិងបរិយាកាសនៅកន្លែងធ្វើការ ខណៈកត្តាទាំងនេះអាចនឹងបង្កឱ្យសុមាលភាពរបស់អ្នកចុះខ្សោយ ដោយត្រូវការៗផ្លាស់ប្តូរចេញពីខាងក្នុងខ្លួន ដុសខាត់សមត្ថភាពបន្ថែម ដកឃ្លាពីបរិស្ថានជុំវិញមួយរយៈ ឬពិចារណាប្តូរការងារតែម្តង ដើម្បីស្រាយបញ្ហាទាំងនេះ។
៤. ការងារឆ្ងាយពីគោលដៅផ្ទាល់ខ្លួន៖ នៅពេលដែលការងារប្រចាំថ្ងៃរបស់អ្នកមិនអាច ជួយជំរុញអ្នកឱ្យកាន់តែខិតជិតគោលដៅឬជ្រោមជ្រែងគោលដៅផ្ទាល់ខ្លួន ដោយវាយតម្លៃទៅលើសមត្ថភាព ចំណេះជំនាញ ឬប្រាក់បៀរវត្សន៍នោះទេ ជាសញ្ញាបង្ហាញថាអ្នកគួរតែពិចារណា ស្វែងរកនិងចាប់ឱកាសការងារថ្មីៗ ដើម្បីជួយគោលដៅផ្ទាល់ខ្លួន ឬគោលដៅរយៈពេលវែងណាមួយបានសម្រេច។
៥.ការដឹកនាំ៖ ប្រសិនបើបុគ្គលិកមិនទទួលបាន ការឱ្យតម្លៃនិងគាំទ្រការងារ ខ្វះតម្លាភាពពីថ្នាក់ដឹកនាំ ធ្វើការដោយគ្មានគោលដៅរួម បង្កជម្លោះ ឬបង្កើតចេតនាមិនល្អណាមួយផ្ទុយពីច្បាប់ការងារ ជាសញ្ញាមួយបង្ហាញថាអ្នកគួរពិចារណាផ្លាស់ប្តូរឬរកកន្លែងការថ្មីហើយ ដើម្បីទទួលបានការអភិវឌ្ឍន៍និងបង្កើតបទពិសោធន៍នៃទំនាក់ទំនងសង្គមមួយកម្រិតទៀត។
យ៉ាងណាមិញការពិចារណាឬផ្លាស់ប្តូរពីការងារដើម្បីទទួលបានភាពបទពិសោធន៍ការងារបន្តបន្ទាប់មិនមានជារឿងមិនល្អឬជារឿងល្អទាំងអស់នោះទេ ពោលគឺមានទាំងគុណវិបត្តិនិងគុណសម្បត្តិ ខណៈអ្នកជំនាញក៏បានណែនាំថាបុគ្គលិកគួរធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងាររៀងរាល់៣ឆ្នាំម្តង។
ដោយឡែកចំពោះបុគ្គលដែលធ្វើការងារ ផ្លាស់ប្តូរកន្លែងថ្មីញឹកញាប់ពេក ក៏ធ្វើឱ្យគេពិបាករីកចម្រើនក្នុងអាជីពការងារដែរ៕
អត្ថបទដោយ៖ ពីង ជូអេង


