សញ្ញាព្រមាន ៥ យ៉ាង បញ្ជាក់ថា អាជីវកម្មរបស់អ្នកកំពុងជិតដួលរលំ  ខណៈនេះជាមូលហេតុ និងដំណោះស្រាយ
Chan SophonAUGUST 15 2026137 views

នៅក្នុងពិភពជំនួញ ម្ចាស់អាជីវកម្មភាគច្រើនតែងតែសម្លឹងមើលតែប្រាក់ចំណេញ ប៉ុន្តែការពិតដ៏ជូរចត់គឺ អាជីវកម្មខាតបង់ បន្តបើកបានតែមួយរយៈក៏ត្រូវបិទទ្វារវិញ។ ដូច្នេះ ប្រសិនបើអាជីវកម្មរបស់អ្នកកំពុងជួបប្រទះ សញ្ញាព្រមាន ៥ យ៉ាងខាងក្រោមនេះ វាជាសញ្ញាអាសន្នបញ្ជាក់ថា លំហូរទុនរបស់អ្នកកំពុងកកស្ទះ និងប្រឈមមុខនឹងការជិតដួលរលំហើយ៖

 

១.លក់ដាច់ច្រើន ឃើញចំណេញតែតួលេខ ប៉ុន្តែមិនឃើញលុយចូលកុងធនាគារ៖ នេះជាអន្ទាក់ហិរញ្ញវត្ថុដ៏ធំបំផុតដែលសហគ្រិនថ្មីថ្មោងតែងតែធ្លាក់ចូល។ របាយការណ៍ចំណេញ-ខាត បង្ហាញថាតួលេខលក់ឡើងខ្ពស់ ប៉ុន្តែនៅពេលដល់ថ្ងៃត្រូវបង់ថ្លៃឈ្នួលផ្ទះ ថ្លៃទឹកភ្លើង ឬប្រាក់ខែបុគ្គលិក អ្នកបែរជាគ្មានសាច់ប្រាក់ទូទាត់ទៅវិញ។ មូលហេតុ មកពីការលក់ភាគច្រើន អ្នកលក់ឲ្យមនុស្សស្គាល់គ្នា ឬម៉ូយប្រចាំ ជំពាក់ច្រើនពេក។

 

២.អតិថិជនពន្យាពេលសងលុយយូរពេក៖ ប្រសិនបើកាលវិភាគប្រមូលប្រាក់របស់អ្នក មានភាពធូររលុង ឬអតិថិជនទិញ ជំពាក់ហើយយឺតយ៉ាវក្នុងការសង នោះវានឹងទាញអាជីវកម្មរបស់អ្នកឲ្យធ្លាក់ក្នុងវិបត្តិ។ ជាសញ្ញាព្រមាន ក្នុងរយៈពេលមធ្យមនៃការប្រមូលប្រាក់ កើនឡើងពី ១៥ ថ្ងៃ រហូតដល់ ៦០ ឬ ៩០ ថ្ងៃ។ អ្នកត្រូវចំណាយដើមទុនផ្ទាល់ខ្លួនទៅទិញទំនិញ ឬផលិតផលមុន ប៉ុន្តែត្រូវរង់ចាំរាប់ខែទើបប្រមូលលុយដើម និងចំណេញមកវិញបាន។

 

៣.ពឹងផ្អែកលើការខ្ចីបុល ដើម្បីទប់ចំណាយប្រចាំថ្ងៃ៖ បំណុល ឬកម្ចី គួរតែត្រូវបានប្រើប្រាស់សម្រាប់ ការពង្រីកអាជីវកម្មប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមប្រើប្រាស់កម្ចី​​ធនាគារ ឬខ្ចីលុយផ្ទាល់ខ្លួន មកបង្វិលបង់ប្រាក់ខែបុគ្គលិក ទូទាត់ថ្លៃដើមទំនិញ ឬថ្លៃប្រតិបត្តិការប្រចាំថ្ងៃ នេះជាសញ្ញាក្រហមដ៏គ្រោះថ្នាក់បំផុត។ ព្រោះបំណុល និងការបង់ការប្រាក់ នឹងកើនឡើងជាលំដាប់ ដែលកាន់តែធ្វើឲ្យលំហូរសាច់ប្រាក់ក្នុងដៃរបស់អ្នករួមតូចទៅៗ។

 

៤.ទំនិញសល់ក្នុងស្តុកច្រើន៖ ការទិញទំនិញមកស្តុកទុកច្រើនពេក ដោយសារតែឃើញគេបញ្ចុះតម្លៃ គឺជាវិធីសម្លាប់លំហូរទុនយ៉ាងលឿន។ ជាសញ្ញាព្រមាន លុយស្រស់ៗរបស់អ្នកត្រូវបានកប់ចោលនៅក្នុងឃ្លាំងទំនិញ។ ទំនិញក្នុងស្តុកមិនអាចយកទៅបង់ថ្លៃទឹកភ្លើង ឬប្រាក់ខែបុគ្គលិកបានទេ ដរាបណាវាមិនទាន់ត្រូវបានលក់ដាច់ចេញដូរជាសាច់ប្រាក់បាន។

 

៥.ចាប់ផ្តើមពន្យារពេលបង់ប្រាក់ទៅកាន់ Supplier ឬម្ចាស់ទីតាំង៖ នៅពេលដែលលំហូរសាច់ប្រាក់ក្នុងដៃអស់ អ្នកនឹងចាប់ផ្តើមជ្រើសរើសវិធី សុំពន្យាពេលបង់ប្រាក់ទៅកាន់អ្នកផ្គត់ផ្គង់ ឬម្ចាស់ផ្ទះជួល។ ការធ្វើបែបនេះមិនត្រឹមតែបំផ្លាញទំនុកចិត្ត និងទំនាក់ទំនងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែអ្នកផ្គត់ផ្គង់អាចនឹងឈប់ផ្គត់ផ្គង់ទំនិញឲ្យអ្នក ដែលធ្វើឲ្យអាជីវកម្មត្រូវគាំងប្រតិបត្តិការទាំងស្រុង។

 

ដូច្នេះ ប្រសិនបើអាជីវកម្មរបស់អ្នកកំពុងជួបប្រទះសញ្ញាព្រមានទាំងនេះ ត្រូវប្រញាប់អនុវត្តវិធានការ ៣ យ៉ាងភ្លាមៗ៖

-កាត់បន្ថយចំណាយមិនចាំបាច់៖ ត្រូវលុបចោលរាល់ចំណាយណា ដែលមិនបានបង្កើតចំណូលបានវិញ។

-រៀបចំយុទ្ធសាស្ត្រប្រមូលបំណុល៖ បង្កើតប្រូម៉ូសិនបញ្ចុះតម្លៃ ៣-៥% សម្រាប់អតិថិជនណាដែលទូទាត់ប្រាក់ភ្លាមៗ ឬឆាប់រហ័ស។

-រំដោះស្តុកទំនិញ៖ ធ្វើការឡៃឡុង ឬរៀបចំកញ្ចប់សេវាកម្មណាមួយ លក់ទំនិញស្ទះស្តុក ដើម្បីបង្វែរទំនិញទាំងនោះមកជា សាច់ប្រាក់ ចូលក្នុងអាជីវកម្មវិញ៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia