សុភាសិតខ្មែរពោលថា “សម្តីជាអាថ៌កន្លង បានសុខទុក្ខផង ព្រោះសម្តី” ក្នុងទំនាក់ទំនងស្នេហា តែងមានផ្អែមល្វីងជូរចត់ មានរឿងអាក់អន់ស្រពន់ចិត្ត ទាស់ទែងគ្នាជៀសមិនផុត។ ខាងក្រោមនេះគឺជា ពាក្យសម្តីទាំង៥ឃ្លា ដែលធ្វើឲ្យចំណងស្នេហាប្តីប្រពន្ធ ឬគូស្នេហ៍ឈ្លោះគ្នាខ្លាំង ហើយឈានដល់ការចែកផ្លូវគ្នាទៀតក៏មាន ដោយយោងតាមអ្នកជំនាញ៖
១/. តើអ្នកអាចធ្វើវាបានដោយរបៀបណា? ឬ ហេតុអ្វីបានជាអ្នកធ្វើរឿងឆ្គួតៗបែបនេះទៀតហើយ?៖ ទំនាក់ទំនងដ៏រឹងមាំ កើតចេញពីការសួរសំណួរដោយភាពចង់ដឹងចង់ឃើញ ពុំមែនដោយការវិនិច្ឆ័យ ឬបន្ទោសនោះទេ។ ជំនួសឲ្យឃ្លាមួយនេះ អ្នកអាចសួរថា តើមានអ្វីកើតឡើង? តើខ្ញុំអាចជួយអ្វីបានទេ? ជាដើម។ នេះយោងតាមអ្នកស្រី Clare Waismann ស្ថាបនិកនៃមជ្ឈមណ្ឌល Wasimann។
២/. ខ្ញុំមិនខ្វល់ទេ៖ ការប្រាស្រ័យទាក់ទងដោយពាក្យសម្តីមួយចំនួនក្នុងទំនាក់ទំនងស្នេហា អាចបង្ហាញពីការប្រងើយកន្តើយ ការមិនគោរពឲ្យតម្លៃ ការខកចិត្ត អន់ចិត្ត ឬការស្អប់ខ្ពើមជាដើម ហើយឃ្លាមួយដែលធ្វើឲ្យឈឺចាប់បំផុតគឺ “ខ្ញុំមិនខ្វល់ទេ”។ ប្រសិនបើឃ្លានេះ ត្រូវបាននិយាយដោយស្មោះត្រង់ វាអាចមានន័យថា ខ្ញុំមិនខ្វល់ពីអ្នក ឬអំពីទំនាក់ទំនងរបស់យើងទៀតទេ។ នេះបើយោងតាមលោក Wendy Lyon គ្រូបង្វឹកផ្នែកទំនាក់ទំនង។
៣/. នេះជាកំហុសរបស់អ្នក៖ ពាក្យមួយឃ្លានេះ អាចធ្វើឲ្យខូចខាតទំនាក់ទំនងខ្លាំង ហើយមិនបានរួចំណែកអ្វីក្នុងការស្វែងរកដំណោះស្រាយឡើយ។ វាបង្កើនការខ្វែងគំនិតគ្នា បង្កើតសង្រ្គាមពាក្យសម្តីក្នុងការព្យាយាមលុបបំបាត់កំហុសខ្លួនឯង ហើយទម្លាក់វាទៅដៃគូម្ខាងទៀតទាំងស្រុង។ នេះបើយោងតាមអ្នកចិត្តសាស្រ្តវិចារណញាណ និងអ្នកជំនាញទំនាក់ទំនង Carmen Harra។
៤/. តើអ្នកមានបញ្ហាអ្វីហ្នឹង?៖ នេះជាសំណួរមួយ ដែលអាចបំផ្លាញទំនាក់ទំនងរបស់អ្នក។ ការនិយាយដោយខកចិត្ត វាធ្វើឲ្យអ្នកដទៃមានអារម្មណ៍អាម៉ាស់ ហើយធ្វើឲ្យអ្នកក្លាយជាមនុស្សមិនគួរឲ្យទុកចិត្ត មិនកក់ក្តៅ ឬពុំមានអារម្មណ៍សុវត្ថិភាពពេលនៅក្បែរជាដើម។ នេះបើយោងតាមអ្នកស្រី Judith Pinto គ្រូបង្វឹកផ្នែកសហគ្រិនក្នុងភាពជាម្តាយ។
៥/. យើងបែកគ្នាទៅ៖ ទំនាក់ទំនងជាច្រើនឆ្នាំក្នុងនាមជាគូស្នេហ៍ ឃ្លាមួយដែលធ្វើឲ្យខូចចិត្តបំផុតគឺ ការគំរាមលែងលះ។ វាប្រៀបដូចជាគ្រាប់បែកនុយក្លេអ៊ែរនៃជីវិតអាពាហ៍ពិពាហ៍អ៊ីចឹង ទោះបីជាអ្នកនិយាយក្នុងន័យចង់បង្ហាញ អារម្មណ៍ឈឺចាប់ ខឹងខ្លាំង ឬអន់ចិត្តជាមួយដៃគូក៏ដោយ។ វាធ្វើឲ្យការប្រាស្រ័យទាក់ទងកាន់តែសោះកក្រោះ និងឈានទៅរកជម្លោះកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាម គ្រូបង្វឹកទំនាក់ទំនង និងភាពស្និទ្ធស្នាល Rene Schooler។
យ៉ាងណាមិញ ការឈ្លោះប្រកែកជាមួយដៃគូគឺជារឿងធម្មតាទៅហើយក្នុងសង្គមនេះ ប៉ុន្តែបើទោះជាវាធម្មតាក្តី អ្នកពុំគួរបណ្តោយតាមយថាកម្មឡើយ។ ប្រសិនបើអ្នកឬដៃគូបានបង្កើតអារម្មណ៍មិនស្រួលឡើងមក ត្រូវប្រញាប់ជជែកគ្នារកដំណោះស្រាយភ្លាមៗ កុំបណ្ដោយឲ្យភាពអាត្មានិយម និងភាពអំនួត កាន់តែមានអំណាចគ្រប់គ្រងលើចិត្ត ដោយមិនអើពើនឹងនៃទំនាក់ទំនងមួយនេះឲ្យសោះ កុំចាំរហូតដល់ហួសពេល ទើបនឹកស្តាយក្រោយ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook