បណ្តុះកូនក្លាយជាមនុស្សល្អ! ពាក្យ៥នេះឃ្លា កូនៗចង់ឮចេញពីមាត់ឪពុកម្តាយបំផុត
Kan DaraJANUARY 16 2026514 views

ពត់ដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង ឪពុកម្តាយគឺជាគ្រូទី១ ជាជាងចម្លាក់ដ៏អស្ចារ្យក្នុងការកសាងអនាគតរបស់កូនគ្រប់រូប ជាពិសេសគឺពាក្យសម្តីដែលត្រូវនិយាយទៅកាន់កូនៗពេញវ័យ។ ខាងក្រោមនេះ គឺជាពាក្យ៥ឃ្លា ដែលកូនៗចង់ឮចេញពីមាត់ឪពុកម្តាយបំផុត ជួយឲ្យពួកគេកក់ក្តៅ និងរស់នៅមានសុភមង្គល យោងតាមចិត្តវិទ្យា៖

 

/. ឲ្យប៉ា/ម៉ាក់សុំទោស៖ អ្នកស្រី Arielle Dualan អ្នកប្រឹក្សាផ្នែកសុខភាពអាពាហ៍ពិពាហ៍ បានលើកឡើងថា វាពិតជាសំខាន់ៗណាស់ដែលឪពុកម្តាយត្រូវចេះ ឬហ៊ានពោលពាក្យសុំទោសទៅកាន់កូនៗ រាល់កំហុសដែលខ្លួនបានបង្កឡើង ហើយធ្វើឲ្យកូនៗរងភាពឈឺចាប់ មិនថាដោយចេតនា ឬអចេតនាក្តី។ អ្នកស្រីបាននិយាយថា៖ «ឪពុកម្តាយខ្លះពុំព្រមទទួលស្គាល់កំហុសរបស់ខ្លួនទេ យល់ថាខ្លួនត្រូវគ្រប់រឿង ដឹងគ្រប់យ៉ាង ខណៈយុវជនភាគច្រើនយល់ថា ឪពុកម្តាយរបស់ពួកគេមិនល្អឥតខ្ចោះឡើយ»

 

/.ប៉ា/ម៉ាក់ពិតជាមានមោទកភាពចំពោះកូនណាស់៖ មិនថាកូនៗមានអាយុប៉ុន្មាន ពួកគេតែងចង់ដឹងថា ឪពុកម្តាយមានមោទកភាពចំពោះបុគ្គលដែលខ្លួនក្លាយទៅជា និងអ្វីដែលពួកគេសម្រេចបានឬអត់។ អ្នកនិពន្ធ Jor-El Caraballo បានលើកឡើងថា៖ «ឪពុកម្តាយដែលមានវ័យចំណាស់ជាច្រើន ប្រាថ្នាចង់ឲ្យកូន មានការខិតខំប្រឹងប្រែង និងអាចកសាងសមិទ្ធផលច្រើនជាងអ្វីដែលខ្លួនផ្តល់ឲ្យកូនៗ»។ ពាក្យថា “ខ្ញុំមានមោទកភាពចំពោះអ្វីដែលអ្នកបានធ្វើ ឬអ្នកជានរណាក្នុងថ្ងៃនេះ” ជាថាមពលនៃពន្លឺ និងភាពជឿជាក់សម្រាប់កូនៗ។

/. ផ្លូវជីវិតរបស់កូនអាចខុសពីប៉ា/ម៉ាក់ តែប៉ា/ម៉ាក់នៅតែគាំទ្រកូនជានិច្ច៖ ឪពុកម្តាយខ្លះ ចង់ឲ្យកូនដើរតាមគន្លងផ្លូវជីវិតរបស់ខ្លួន ព្រោះយល់ថាវាជារឿងត្រឹមត្រូវបំផុត។ ប៉ុន្តែមនុស្សម្នាក់ៗមានគោលដៅជីវិតខុសៗគ្នា ចូរបើកចិត្តគោរព និងគាំទ្រចំពោះការសម្រេចចិត្តរបស់កូន ទោះពួកគេមិនចង់ធ្វើដូចអ្នកក៏ដោយ។ អ្នកស្រី Morales Daitter បាននិយាយថា៖ «អនុញ្ញាតឲ្យកូនៗមានស្វ័យភាពជ្រើសរើសជីវិតផ្ទាល់ខ្លួន វាបង្ហាញពីការទទួលយក និងជំរុញអារម្មណ៍នៃភាពរឹងមាំ រួមទាំងសុខុមាលភាពផ្លូវចិត្តផងដែរ»

 

/. តើកូនចង់បានដំបូន្មាន ឬចង់ឲ្យប៉ា/ម៉ាក់ស្តាប់កូន៖ អ្នកស្រី Glover Tawwab បានលើកឡើងថា ការសួរដោយផ្ទាល់ តើកូនកំពុងស្វែងរកការណែនាំ ឬគ្រាន់តែចង់មានអ្នកស្តាប់ បង្ហាញពីភាពជឿជាក់ដែលឪពុកម្តាយទុកចិត្តលើសមត្ថភាពកូន ថាពួកគេធំហើយ អាចដោះស្រាយបញ្ហានោះដោយខ្លួនឯងបាន។

/. ប៉ា/ម៉ាក់នឹងឈរនៅទីនេះសម្រាប់កូនជានិច្ចណា៖ គ្មានអ្វីដែលអាចផ្តល់ភាពកក់ក្តៅ និងក្តីសុខ ដូចនៅពេលដឹងថា បើទោះបីខ្លួនឈានចូលដល់វ័យឯករាជ្យក្តី តែនៅមានឪពុកម្តាយឈរពីក្រោយ ចាំលើកទឹកចិត្ត និងផ្តល់ស្មាឲ្យកូនផ្អែកពេលជួបទុក្ខលំបាកឡើយ។ នេះគឺជាចំណងដ៏រឹងមាំ ដែលធ្វើឲ្យកូនៗកាន់តែគោរព ស្រលាញ់ និងដឹងគុណ ឪពុកម្តាយទ្វេដង។

 

យ៉ាងណាមិញ មេរៀនសម្រាប់អ្នកដែលក្លាយទៅជា ឪពុកម្ដាយគួរតែដឹងអំពីឥទ្ធិពលរបស់ខ្លួនមកលើកូនៗ ព្រោះពួកគេមើលមកអ្នកមុននរណាទាំងអស់។ អ្នកអាចធ្វើឲ្យកូនៗរបស់ខ្លួនក្លាយទៅជាអ្វីមួយក៏បានតាមតែចិត្តចង់ ចង់ឲ្យពួកគេជោគជ័យ ឬក្លាយទៅជាជនឥតបានការក៏បាន វាអាស្រ័យទៅនឹងពាក្យសម្តី និងសកម្មភាពប្រចាំរបស់អ្នកនេះឯង៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia