ប្រយ័ត្នទឹកភ្នែក! រឿងទាំង៥នេះ ធ្វើឲ្យមនុស្សប្រុសភាគច្រើនស្តាយក្រោយបំផុតពេលចាស់ទៅ
Kan DaraJANUARY 9 20264.1 K views

«វ័យកាន់តែជ្រេ គ្មានសល់អ្វីក្រៅពីក្បាលពោះ ជំពាក់បំណុលគេជុំទិស ឯអនាគតងងឹតស្លុប» នេះគឺជាបញ្ហាដ៏រសើបមួយដែលមនុស្សប្រុសខ្លះកំពុងជួបប្រទះនាទសវត្សរ៍ទី២១។ ខាងក្រោមនេះ គឺជារឿងធំៗទាំង៥ ដែលធ្វើឲ្យបុរសភាគច្រើនស្តាយក្រោយបំផុតពេលចាស់ទៅ ដោយយោងតាមការសិក្សាផ្នែកចិត្តសាស្ត្រពី Hack Spirit៖

 

១/. មើលរំលងសុខភាពផ្លូវចិត្ត៖ “ចិត្តជាកូនប្រុស ស៊ូស្រក់ឈាម តែមិនស្រក់ទឹកភ្នែក” នេះជាប្រយោគដ៏ពេញនិយមបំផុតសម្រាប់បុរសសម័យថ្មី ដែលជាហេតុនាំឲ្យពួកគេសំងំបៀមទុក្ខតែម្នាក់ឯង មិនហ៊ានសូម្បីយំ ព្រោះខ្លាចអ្នកផ្សេងមើលមកថាអន់ ឬទន់ទ្រាយជាដើម។ ប៉ុន្តែចិត្តវិទ្យាបង្ហាញថា សុខុមាលភាពផ្លូវចិត្ត គឺសំខាន់ដូចគ្នានឹងសុខភាពផ្លូវកាយដែរ។ វាមិនអីទេក្នុងការមានអារម្មណ៍ ព្រោះភេទជាបុរសក៏ជាមនុស្សដែរ ហើយវាចាំបាច់ណាស់ក្នុងការថែរក្សាសុខុមាលភាពផ្លូវចិត្តរបស់អ្នក។

 

២/. គ្មានតុល្យភាពការងារ និងជីវិត៖ បុរសភាគច្រើន មានមហិច្ឆតាចង់សម្រេចកិច្ចការធំ ប្រឹងធ្វើការច្រើនម៉ោង គ្មានពេលសម្រាក មិនលើកលែងសូម្បីថ្ងៃចុងសប្តាហ៍។ ប៉ុន្តែតាមការសិក្សារបស់សាកលវិទ្យា Stanford បានរកឃើញថា ផលិតភាពធ្លាក់ចុះយ៉ាងខ្លាំងនៅពេលមនុស្សម្នាក់ធ្វើការលើសពី ៥០ម៉ោងក្នុងមួយសប្តាហ៍ ទោះប្រឹងបន្ថែមម៉ោងទៀតក៏គ្មានន័យដែរ។ ដូច្នេះការទទួលស្គាល់តម្លៃនៃតុល្យភាពការងារ និងជីវិត គឺជារឿងដ៏សំខាន់។ អ្នកមិនត្រឹមធ្វើការបានម៉ត់ចត់ និងឆ្លាតវៃប៉ុនណ្ណោះទេ អ្នកក៏មានពេលវេលាសម្រាប់អ្វីដែលពិតជាសំខាន់ក្នុងជីវិតផងដែរ។

៣/. ជួយគេ មុនជួយខ្លួនឯង៖ បុរសមួយចំនួនដាក់ការជួយជ្រោមជ្រែង ឬតម្រូវការអ្នកដទៃ ដំបូងគេក្នុងបញ្ជីអាទិភាពរបស់ខ្លួន។ យោងតាមចិត្តវិទ្យា ការធ្វេសប្រហែសលើការថែទាំខ្លួនឯង អាចនាំឱ្យមានបញ្ហាជាច្រើនរួមមាន ភាពតានតឹង ការអស់កម្លាំង ភាពអស់សង្ឃឹម និងបញ្ហាសុខភាពធំៗផ្សេងទៀត។ ម្ល៉ោះហើយចូរឆ្លៀតពេលសម្រាប់ខ្លួនឯង វាមិនមែនជារឿងអាត្មានិយមទេ តែវាជាការចាំបាច់។ មិនថាជាការហាត់ប្រាណ អានសៀវភៅ ឬសូម្បីតែអង្គុយស្ងៀមជាមួយកាហ្វេមួយពែង អាចមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងលើសុខភាពផ្លូវចិត្ត និងរាងកាយរបស់អ្នក។

 

/. ខ្លាចបាក់មុខ៖ ក្នុងសង្គមសព្វថ្ងៃ ភាពបរាជ័យត្រូវបានគេមើលឃើញថា ជារូបភាពដ៏គួរឲ្យអាម៉ាស់ ឬជាមនុស្សអសមត្ថភាព ហើយវាក៏ជាឃាតករលាក់មុខរារាំងបុរសមួយចំនួន មិនហ៊ានប្រថុយប្រថាន ឬបន្តក្តីសុបិនផងដែរ។ ប៉ុន្តែចិត្តវិទ្យាបានបង្ហាញថា ការបរាជ័យគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកភាពជោគជ័យ ព្រោះវាជាឱកាសដើម្បីរៀនសូត្រ រីកចម្រើន និងកាន់តែរឹងមាំ។

៥/. មិនហ៊ានសុំជំនួយ៖ ផ្នត់គំនិតបុរសមួយចំនួនយល់ឃើញថា ការស្នើសុំជំនួយគឺជាសញ្ញានៃភាពទន់ខ្សោយ ហើយរំពឹងថាអាចដោះស្រាយរឿងគ្រប់យ៉ាងដោយខ្លួនឯង។ ជំនឿនេះអាចនាំឲ្យពួកគេតស៊ូក្នុងសភាពស្ងៀមស្ងាត់ បដិសេធមិនស្វែងរកជំនួយ សូម្បីតែនៅពេលដែលពួកគេត្រូវការវាខ្លាំងក៏ដោយ។ ប៉ុន្តែតាមពិត ការសុំជំនួយមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ប៉ុន្តែជាសញ្ញានៃភាពរឹងមាំ។ វាបង្ហាញថាអ្នកយល់ពីដែនកំណត់ខ្លួនឯង ហើយមានភាពឈ្លាសវៃគ្រប់គ្រាន់ក្នុងការខ្ចីដៃអ្នកដទៃដោះស្រាយបញ្ហា។

 

យ៉ាងណាមិញ ប្រសិនបើអ្នកចង់ក្លាយជាបុរសដែលពោរពេញដោយមន្តស្នេហ៍ និងអាចផ្តល់ភាពកក់ក្តៅដល់គ្រួសារ ជាពិសេសមនុស្សដែលខ្លួនស្រលាញ់ ក្រៅពីមានគោលដៅជីវិតច្បាស់លាស់ អ្នកគួរចៀសវាងរឿងធំៗទាំង៥ខាងលើឲ្យបាន ដើម្បីកសាងអនាគតមួយដ៏ល្អប្រសើរ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia