ប្រយ័ត្នវ័ណ្ឌកលើសដើម! កំហុសធ្ងន់ទាំង ៥នេះ ធ្វើឱ្យអ្នកកាន់តែវេទនា ព្រោះប្រញាប់ចង់អស់បំណុ.លពេក
Kan DaraOCTOBER 24 202531 views

ជាប់ជំពាក់បំណុលគេ គឺប្រៀបដូចជាការរស់ក្រោមពពកខ្មៅងងឹត អ្នកប្រាកដជាខំរិះរកគ្រប់វិធីដើម្បីបានឈានជើងចេញពីចំណងមួយនោះឱ្យបានឆាប់។  ប៉ុន្តែអ្នកជំនាញផ្នែកបំណុល របស់គេហទំព័រ Debt បានចែករំលែកអំពីកំហុសធំៗមួយចំនួន ដែលអ្នកជំពាក់លុយគេ តែងតែបង្កើតពេលដែលប្រញាប់ចង់អស់បំណុលពេក។ កំហុសទាំងនោះរួមមាន៖

១/. មិនផ្លាស់ប្ដូរទម្លាប់ចំណាយ៖ តើអ្នកកំពុងតែចាយវាយតាមតែអំពើចិត្តមិនមានការតាមដានទេមែនទេ? រាល់ល្ងាចមានដែរផ្ទៀងផ្ទាត់វិក្កយបត្រចំណាយដែរឬទេ?​ ដឹងទេថារាល់ថ្ងៃនេះអ្នកចាយវាយទៅលើអ្វីខ្លះ? របស់ណាខ្លះចាំបាច់ របស់ណាមិនចាំបាច់? អ្វីខ្លះដែលអាចកាត់បន្ថយបាន? សូមពិនិត្យមើលការចំណាយរបស់អ្នកឡើងវិញ​ កាត់របស់ណាដែលមិនចាំបាច់ចេញឱ្យអស់ ដើម្បីកុំឱ្យបន្តខាតលុយពីមួយពេលទៅមួយពេល។

 

២/. មិនរៀបចំកញ្ចប់ថវិកាឱ្យត្រឹមត្រូវ៖ យកឈ្នះបំណុល ប្រៀបដូចជាការប្រយុទ្ធនៅក្នុងសង្រ្គាម បើគ្មានយុទ្ធសាស្រ្តច្បាស់លាស់ អ្នកច្បាស់ជាត្រូវលើកទង់សនៅចុងបញ្ចប់មិនខាន។ ហេតុនេះហើយសូមងាកមករៀបផែនការជាក់ស្ដែង ទាំងលុយដែលត្រូវចំណាយទៅលើ ផ្ទះ ម្ហូបអាហារ សាំង របស់ប្រើប្រាស់ផ្សេងៗ សងបំណុលនីមួយៗ ចែកឱ្យច្បាស់ថា មួយផ្នែកៗត្រូវចាយលុយប៉ុន្មាន ទើបអ្នកអាចដឹងថា គួររកលុយមកច្រើនប៉ុនណាបានគ្រប់។

 

៣/. ព្យាយាមដោះបំណុលតែម្នាក់ឯង៖ អ្នកមិនគួរណាសម្រេចចិត្តពឹងផ្អែកតែលើប្រាក់ចំណូលមួយមុខ ហើយចាត់ចែងសងបំណុលគ្រប់ច្រក។ បំណុលខ្លះមានការប្រាក់ខ្ពស់ណាស់ ដូច្នេះអ្នកមិនអាចបណ្ដោយឱ្យវានៅយូរបានទេ តែបើពឹងតែចំណូលដែលរកមក អ្នកច្បាស់ជាដាច់ពោះនៅថ្ងៃណាមួយមិនខាន។

វិធីសាស្រ្តដែលអ្នកគួរធ្វើគឺ ស្វែងរកកម្ចីថ្មីណាដែលស្របច្បាប់ និងមានការប្រាក់ទាបជាង ដើម្បីយកមកបង់ផ្ដាច់បំណុលដែលមានការប្រាក់ខ្ពស់។ មួយវិញទៀតបើអ្នកមានឈ្មោះល្អ​អាចពឹងពាក់បងប្អូន មិត្តភក្តិ ដែលជាប្រភេតកម្ចីគ្មានការប្រាក់ យកលុយមកសងគេសិនមក​ហើយខំរកសងគ្នាឯងវិញ។

 

៤/. ព្យាយាមសងបំណុលច្រើនក្នុងពេលតែមួយ៖ ដឹងច្បាស់ហើយថាបំណុលច្រើនច្រក ចុះហេតុអីបានជាអ្នកបង្ខំសងគ្រប់ច្រកក្នុងពេលតែមួយបែបនេះ។ ការធ្វើបែបនេះ អាចនាំឱ្យអ្នកវង្វេង និងងាកទៅណាក៏ឃើញច្រើន អស់ទឹកចិត្តស៊ូ លែងចង់បន្តសងទៀតក៏ថាបាន។ អ្នកជំនាញច្រើនតែណែនាំឱ្យសងបំណុលណាដែលមានការប្រាក់ខ្ពស់ជាងគេជាមុន រួចហើយចាំដោះស្រាយបន្តបន្ទាប់តាមលំដាប់ ទើបធ្វើឱ្យឆាប់ស្រាលខ្លួន។

 

៥/. ជ្រើសរើសរបៀបសងខុស៖ ចេះគិតខ្ចីដៃគេសងបំណុលល្អហើយ ប៉ុន្តែខ្ចីមើលផងប្រយ័ត្នប៉ះអាធ្ងន់លើសដើម ត្រូវដឹងថាកម្ចីខ្លះមិនស្របច្បាស់ទេ។ វាអាចជាការបោកបញ្ឆោតដោយប្រើ លក្ខខណ្ឌងាយៗបានលុយមកប្រើស្រួលៗ ប៉ុន្តែពេលសងវិញវេទនា ព្រោះការប្រាក់ខ្ពស់លើសដើម។ ដូច្នេះសូមជ្រើសរើសវិធីសាស្រ្តណាដែលស្របច្បាប់ ពិចារណាឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តជឿគេ។

 

សូមចងចាំថា ធ្វើអ្វីក៏ដោយវាត្រូវការពេលវេលា​ កុំអន្ទះសារចង់ឱ្យលទ្ធផលចេញមុនពេលកំណត់ វាអាចនាំអ្នកឱ្យធ្លាក់ខ្លួនទៅក្នុងបញ្ហាកាន់តែជ្រៅ។​ សូមប្រកាន់ភ្ជាប់ភាពអត់ធ្មត់​ ដោះស្រាយបញ្ហាតាមដំណាក់កាល ផុតពីមួយចូលមួយ មិនយូរទេអ្នកច្បាស់ជាអាចសងបំណុលគេអស់មិនខាន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia