«សប្បាយឲ្យហើយ ទាន់ខ្លួននៅក្មេង» នេះជាពាក្យពេញនិយមមួយឃ្លារបស់យុវជនសម័យថ្មី ខណៈវាជាឃាតករលាក់មុខបំផ្លាញអនាគតយ៉ាងសន្សឹមៗដោយពុំដឹងខ្លួន។ យោងតាមការស្រាវជ្រាវរបស់ Cornell University បានបង្ហាញកំហុសឆ្គងធំៗ៥ ធ្វើឲ្យយុវជនស្ត្រេសខ្លាំង ដាច់លុយ និងមានវិប្បដិស្សារីយ៍នាថ្ងៃខាងមុខ៖
១/. គ្មានគោលដៅច្បាស់លាស់ក្នុងជីវិត៖ មានយុវវ័យជាច្រើននាក់មិនដឹងថា ខ្លួនចង់បានអ្វីក្នុងរយៈពេល ១ខែ ៦ខែ ១ឆ្នាំ ៥ឆ្នាំ ឬទៅ១០ឆ្នាំទៀតនោះទេ ដែលកំហុសឆ្គងនេះបានធ្វើឱ្យពួកគេរស់នៅខ្ជះខ្ជាយពេលវេលាខ្លាំង និងមិនអាចទទួលបានសមិទ្ធផលធំដុំណាមួយក្នុងជីវិតដោយសារតែមិនដឹងពីខ្លួនឯងថាចង់បានអ្វីមួយច្បាស់នៅឡើយ។
២/. សប្បាយដាច់បង្ហៀ៖ ក្នុងន័យនេះគឺចង់សម្ដៅទៅលើការរស់នៅដោយគិតពីភាពសប្បាយតែមួយមុខ ប្រៀបបីដូចជាសេះដែលដាច់បង្ហៀអ៊ីចឹងដែរ។ ភាពជាយុវវ័យជាវ័យដែលមនុស្សត្រូវព្យាយាមខិតខំក្រេបយកចំណេះដឹងទាំងក្នុងសាលា និងក្នុងសង្គមជាក់ស្ដែងឱ្យបានច្រើនបំផុត។ សូមកុំមានភាពត្រេកត្រអាលជាមួយនឹងរឿងអបាយមុខដូចជា ស្រី ស្រា ល្បែង គ្រឿងញៀន និងអំពើផ្សេងៗដែលអាចអូសទាញអ្នកចូលទៅរណ្តៅភក់ក្នុងរយៈពេលដ៏ខ្លីនាថ្ងៃអនាគតឱ្យសោះ។
៣/. ចាយលុយតាមអារម្មណ៍៖ គ្រាអ្នកចាប់ផ្ដើមក្លាយជាមនុស្សពេញវ័យ វាជាពេលដែលអ្នកត្រូវចេះរៀបចំចាត់ចែងហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានល្អបំផុត។ អ្នកមិនត្រូវធ្វើការចំណាយខ្ជះខ្ជាយទៅលើអ្វីមួយដែលវាមិនបានធ្វើឱ្យអ្នកអាចកាន់តែមានភាពរីកចម្រើន ឬមិនត្រូវចំណាយលើអ្វីមួយដែលអ្នកចង់បានខ្លាំងពេកនោះទេ។ អ្នកត្រូវចំណាយឱ្យត្រូវក្បួនដោយចំណាយលើអ្វីដែលអ្នកពិតជាត្រូវការជាចាំបាច់ មិនមែនអ្វីដែលអ្នកគ្រាន់តែចង់បានឡើយ។
៤/. គ្មានជំនាញច្បាស់លាស់៖ ពេលអ្នកក្លាយជាមនុស្សពេញវ័យ អ្នកគួរតែក្លាយជាមនុស្សម្នាក់ដែលអាចមានជំនាញច្បាស់លាស់យ៉ាងហោចណាស់មួយ ដែលជំនាញនេះអ្នកអាចយកវាធ្វើជាឧបករណ៍សម្រាប់រកប្រាក់ចិញ្ចឹមជីវិតខ្លួនឯងយ៉ាងឯករាជ្យ ដោយមិនពឹងពាក់លើធនធានរបស់គ្រួសារនោះទេ។
៥/. ភ្លេចថែរក្សាសុខភាព៖ យុវវ័យភាគច្រើនច្រឡំថា ទាល់តែវ័យចំណាស់ ទើបគួរគិតគូរពីសុខភាព។ ប៉ុន្តែទស្សនៈនេះមិនត្រឹមត្រូវទាល់តែសោះ ព្រោះមិនថាអ្នកមានវ័យប៉ុន្មាននោះទេ សុខភាពគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប។ ប្រសិនបើសុខភាពមិនល្អ អ្នកមិនអាចធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សដែលទទួលបាននូវភាពជោគជ័យ ឬវានឹងបំផ្លាញនូវរាល់ភាពជោគជ័យទាំងអស់ដែលអ្នកធ្លាប់ទទួលបានផងដែរ។
យ៉ាងណាមិញ យុវភាពគឺជាពេលវេលាដ៏អស្ចារ្យ និងជាគ្រាដែលអ្នកត្រូវធ្វើសកម្មភាពឲ្យល្អបំផុត ដើម្បីកសាងអនាគតក្នុងក្តីស្រមៃដែលអ្នកចង់បានយ៉ាងពិតប្រាកដ។ ប៉ុន្តែបើអ្នកប្រើវាខុសផ្លូវ នោះថ្ងៃខាងមុខច្បាស់កាន់តែស្ត្រេស ចាប់នេះខុស ចាប់នោះខុយមិនខាន៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook