ធ្វើបានលុ.យកើន! មកស្គាល់ទម្លាប់សម្ងាត់៥ សហគ្រិនជោគជ័យ និងសេ.ដ្ឋីប្រាក់លា.ន$ ចូលចិត្តធ្វើបំផុត
SOKLY SONOVEMBER 19 2023116 views

សហគ្រិនគ្រប់រូបរមែងចង់ឃើញអាជីវកម្មរបស់ពួកគេមានភាពរីកចម្រើនធំធាត់ ដោយរំពឹងទុកថាការចាប់ផ្តើមដែលជោគជ័យគឺពឹងផ្អែកលើទីផ្សារដ៏អស្ចារ្យនិងការផ្តល់ផលិតផល ឬសេវាកម្ម។ ប៉ុន្តែជាក់ស្តែងវាមិនដូច្នោះទាំងស្រុងទេ ដើម្បីអាចកសាងភាពជោគជ័យ និងទ្រព្យសម្បត្តិស្តុកស្តម្ភគឺទាមទារឲ្យសហគ្រិនមានទម្លាប់ហិរញ្ញវត្ថុផ្ទាល់ខ្លួនឆ្លាតវៃ។ ដូច្នេះតែទម្លាប់ហិរញ្ញវត្ថុផ្ទាល់ខ្លួនទាំងនោះមានអ្វីខ្លះ?

 

ជាមួយគ្នានេះដែរ Business Cambodia សូមលើកបង្ហាញពីទម្លាប់ហិរញ្ញវត្ថុផ្ទាល់ខ្លួន៥យ៉ាង សហគ្រិនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភភាគច្រើនសុទ្ធតែអនុវត្តន៍៖

 

. បង្កើតបញ្ជីនៃគោលដៅប្រាក់លើកទឹកចិត្ត

ជំហានដំបូងអ្វីដែលសំខាន់នោះគឺការមានផែនការថវិកា ដែលសហគ្រិនមានទ្រព្យសម្បត្តិស្តុកស្តម្ភគ្រប់រូបសុទ្ធតែមាន។ ក្នុងនោះផងដែរ ការសរសេរបញ្ជីគោលដៅហិរញ្ញវត្ថុនិងការពិនិត្យឡើងវិញជារៀងរាល់ថ្ងៃនឹងផ្តល់ឱ្យអ្នកនូវទិសដៅច្បាស់លាស់ទាក់ទងនឹងសកម្មភាពដែលអ្នកត្រូវធ្វើដើម្បីកែប្រែនិងឲ្យមានលក្ខណៈកាន់តែល្អប្រសើរនៃទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងផលចំណេញនៃអាជីវកម្មរបស់អ្នក។

 

. បង្កើតផែនការសកម្មភាពសម្រាប់ចំណាយនិងសន្សំ

ការមិនមានផែនការសម្រាប់ទម្លាប់នៃការចំណាយនិងការសន្សំគឺជាឧបសគ្គដ៏ធំបំផុតមួយដែលធ្វើឱ្យសហគ្រិននិងអ្នកដទៃទៀតមិនអាចទទួលបាននូវការសម្រេចគោលដៅទ្រព្យសម្បត្តិរបស់ពួកគេ។ បញ្ហាកើតឡើងពីការពិតដែលថាពួកយើងភាគច្រើនមិនបានតាមដានថាតើលុយរបស់យើងទៅណាដែលជាហេតុអាចបំផ្លាញគោលដៅហិរញ្ញវត្ថុដែលយើងបានកំណត់។

 

ជាមួយគ្នានេះដែរ ការរៀបចំថវិកាគឺមានន័យថាការធ្វើផែនការជាមុនសម្រាប់របៀបដែលអ្នកនឹងចំណាយនិងការសន្សំប្រាក់ ហើយបន្ទាប់មកតាមដានរាល់ការចំណាយទាំងអស់របស់អ្នក។ នៅពេលអ្នកយល់ដឹងពីទម្លាប់ចំណាយរបស់អ្នកវានឹងកាន់តែមានភាពងាយស្រួលក្នុងការត្រួតពិនិត្យ ហើយអ្នកប្រាកដជាមានលទ្ធភាពកាន់តែច្រើនក្នុងការសម្រេចគោលដៅសន្សំរបស់អ្នក។

 

. កាត់បន្ថយហានិភ័យដោយបង្កើតចរន្តចំណូលថ្មី

យោងតាមសៀវភៅរបស់លោក Tom Corley បានបង្ហាញថា ទម្លាប់ល្អៗប្រចាំថ្ងៃរបស់មនុស្សជោគជ័យ ៦៥% នៃមហាសេដ្ឋីដែលកសាងភាពមានបានដោយខ្លួនឯងមានប្រភពចំណូលយ៉ាងតិច ៣ ហើយ ២៩% មានប្រភពចំណូល ៥ ឬច្រើនជាងនេះ។ សារៈសំខាន់នៃតួរលេខទាំងនេះមិនគ្រាន់តែជាការពិតដែលថាបុគ្គលទាំងនេះកំពុងរកប្រាក់តាមរយៈអាជីវកម្មជាច្រើនក៏ដូចជា ប្រាក់ចំណូល ការប្រាក់ ការជួល ឬការចំណេញដើមទុននោះទេ ពួកគេបានបង្កើតប្រភពចំណូលផ្សេងៗជាច្រើនទៀត។ តាមរយៈការបង្កើតប្រភពចំណូលជាច្រើនសហគ្រិនទាំងនេះពួកគេអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកាត់បន្ថយហានិភ័យហិរញ្ញវត្ថុផ្ទាល់ខ្លួន។

 

គំនិតនេះគឺស្រដៀងនឹងការបង្កើតលំហូរប្រាក់ចំណូលជាច្រើននៅក្នុងអាជីវកម្មរបស់អ្នកដែរ។ តាមរយៈការលក់ដោយបណ្តាញថ្មី ឬណែនាំផលិតផលថ្មី ដូច្នេះអ្នកមានលទ្ធភាពបង្កើតឱកាសបន្ថែមសម្រាប់កំណើនការលក់នៃផលិតផលរបស់អ្នក។ ទោះបីជាបណ្តាញមួយឬផលិតផលមួយចាប់ផ្តើមដំណើរការមិនល្អក៏ដោយអាជីវកម្មរបស់អ្នកនៅតែទទួលបានប្រាក់ចំណេញដោយសារតែស្ថេរភាពដែលផ្តល់ដោយលំហូរប្រាក់ចំណូលផ្សេងទៀត។

 

. វិនិយោគដើម្បីបង្កើតប្រាក់ចំណូលអកម្ម

តើប្រាក់បន្ថែមរបស់អ្នកទៅណាបន្ទាប់ពីអ្នកបានទូទាត់ចំណាយចាំបាច់ប្រចាំខែ? សម្រាប់ម្ចាស់អាជីវកម្មការរកវិធីវិនិយោគប្រាក់ចំណេញចូលក្រុមហ៊ុនវិញគឺជាគន្លឹះក្នុងការជំរុញកំណើនប្រាក់ដែលខ្លួនមានបន្ថែមទៀត។ អ្នកជំនាញវិនិយោគជាច្រើនណែនាំឱ្យអនុវត្តយុទ្ធសាស្ត្រ“ទិញនិងទុក” ជាមធ្យោបាយមួយដើម្បីបង្កើតប្រាក់ចំណូលអកម្ម។

 

ដោយយោងតាមគេហទំព័រ Investopedia ការសិក្សារយៈពេលវែងនៃយុទ្ធសាស្ត្រនេះដែលបានចាប់ផ្តើមធ្វើឡើងនៅឆ្នាំ ១៩២៦ ដល់ឆ្នាំ ២០១០ បានរកឃើញថាផលចំណេញត្រឡប់មកវិញប្រចាំឆ្នាំជាមធ្យម ១២,១%សម្រាប់ភាគហ៊ុនតូចៗ និង ៩,៩%សម្រាប់ភាគហ៊ុនធំៗ។ នេះក៏រាប់បញ្ចូលផងដែរចំពោះគ្រោះថ្នាក់ និងវិបត្តិទីផ្សារទាំងបីដែលបានកើតឡើងក្នុងកំឡុងពេលនោះ។

 

ការបន្ថែមប្រាក់ជាប្រចាំទៅក្នុងគណនីសន្សំឬគណនីវិនិយោគនឹងអនុញ្ញាតឱ្យការរីកចម្រើនរបស់អ្នកមានភាពល្អប្រសើរទៅតាមពេលវេលា។ ប្រាក់ចំណូលអកម្មនេះដើរតួយ៉ាងសំខាន់ និងមានភាពល្អប្រសើរចំពោះប្រាក់ដែលអ្នកទទួលបានពីកិច្ចខិតខំប្រឹងប្រែងនិងភាពលូតលាស់នៃសហគ្រាសរបស់អ្នក។

 

. យល់ដឹងអំពីទីផ្សារ

ការស្រាវជ្រាវពីក្រុមហ៊ុន CB Insights បានបង្ហាញថា ៤២%នៃការបរាជ័យនៃការចាប់ផ្តើមត្រូវបានគេសន្មតថាគឺបណ្តាលមកពីកង្វះតម្រូវការទីផ្សារសម្រាប់ផលិតផលឬសេវាកម្មរបស់ពួកគេ។ កង្វះការយល់ដឹងអំពីទីផ្សារអាចជះឥទ្ធិពលដោយផ្ទាល់ដល់ជោគជ័យនៃអាជីវកម្មនិងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក។ សហគ្រិនដែលមានទ្រព្យសម្បត្ដិព្យាយាមធ្វើឱ្យទាន់សម័យកាលតាមនិន្នាការទូលំទូលាយដែលអាចជះឥទ្ធិពលដល់អាជីវកម្មនិងហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ឧទាហរណ៍ការផ្លាស់ប្តូរអត្រាការប្រាក់អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយរយៈពេលវែងរបស់អ្នកក្នុងការយកប្រាក់កម្ចីសម្រាប់ការបណ្តាក់ទុនអាជីវកម្មថ្មី។ នេះក៏អាចប៉ះពាល់ដល់ទម្លាប់ចំណាយរបស់អ្នកទិញដែលជះឥទ្ធិពលដល់ទីផ្សារសម្រាប់ផលិតផលរបស់អ្នក។

 

ការយល់ដឹងឱ្យបានច្បាស់អំពីការផ្លាស់ប្តូរទីផ្សារនឹងប្រាប់អ្នកឱ្យតាមដាននិន្នាការឬព្រឹត្តិការណ៍ដែលអាចប៉ះពាល់ដល់អាជីវកម្មនិងការវិនិយោគផ្សេងទៀតដែលអនុញ្ញាតឱ្យអ្នកចាត់វិធានការទាន់ពេលវេលាដែលអាចការពារទ្រព្យសម្បត្តិរបស់អ្នកបាន។ សូម្បីតែរឿងដែលសាមញ្ញដូចជាការកែតម្រូវតម្លៃរបស់អ្នកក្នុងការគិតទុកជាមុនអំពីការផ្លាស់ប្តូរទីផ្សារក៏អាចជួយអ្នកឱ្យជៀសវាងពីការខាតបង់ធំផងដែរ៕

អត្ថបទដោយ៖ សូ សុខលី