គេងមិនសូវឆ្អែត! សាកទម្លាប់ពេលយប់៥នេះ ល្អបំផុតជួយឱ្យ ការគេងលក់ស្កប់ ងើបចាប់ផ្តើមថ្ងៃថ្មីបានល្អ
Ping Chou EngMAY 24 20243.4 K views

ការគេងគឺជាផ្នែកដ៏សំខាន់មួយនៃភាពរាងកាយរបស់មនុស្ស ការគេងមិនបានគ្រប់គ្រាន់ លង់លក់ស្កប់ស្កល់ ជាច្រើនយូរខែឆ្នាំអាចធ្វើឱ្យរាងកាយមនុស្សចុះខ្សោយនឹងប្រែជាទ្រុតទ្រោមបានដោយមិនរើសវ័យ។ យ៉ាងណាមិញខាងក្រោមនេះគឺជាទម្លាប់នៃការគេង៥យ៉ាង ដែលល្អបំផុតគួរអនុវត្ត នៅពេលយប់ បន្ទាប់ពីធ្វើការងារមួយថ្ងៃពេញរួចមក ដើម្បីជាជំនួយជួយឱ្យការគេងមានសុខភាពល្អ។ 

១. ទម្លាប់អានសៀវភៅ និងស្ដាប់វីដេអូចំណេះដឹង៖ ការប្រើប្រាស់បណ្តេញសង្គមបន្ទាប់ពីចប់ពីការងារគឺជារឿងទូទៅនៅសម័យស្មាតហ្វូននេះ។ ជំនួសឱ្យការអានសារអេឡិចត្រូនិចនិងសៀវភៅឌីជីថលផ្សេងៗ ទម្លា​ប់នៃការអានសៀវភៅគឺជាពេលវេលាដែលអាចធ្វើឱ្យយើងនៅជាមួយខ្លួន​ឯងដោយគ្មានការរំខាន ព្រមទាំងស្ងប់អារម្មណ៍ផងដែរ។ បន្ថែមពីនោះការស្តាប់វីដេអូចំណេះដឹង មើលកម្មវិធីអប់រំ និងស្តាប់ Podcast ផងដែរដែលនាំឱ្យយើងមានគំនិតច្រើន មានការសម្រេចចិត្តបានល្អ។

២. រៀបចំគោលដៅត្រូវធ្វើថ្ងៃស្អែកឱ្យរួចរាល់៖ មានមនុស្សជាច្រើនយល់ថា ​ឱ្យតែគិតថ្ងៃនេះរួចរចាំស្អែកចាំគិតទៀតក៏បាន តែការពិតប្រសិនបើអ្នកមិនទម្លាប់គិតនិងរៀបចំផែនការការងារ បន្តបន្ទាប់សម្រាប់ថ្ងៃស្អែកនោះទេ ខួរក្បាលអ្នកនឹងមិនសម្រាកឡើយ ព្រោះខួរក្បាលយើងនឹងស្មុគស្មាញ នៅគិតច្រើនវិលវល់ មិនជ្រះស្រឡះរហូតធ្វើឱ្យកើតជាការគេងយល់សប្តិនិងគេងមិនស្កប់ជាដើម។ 

៣. រៀបចំគ្រែគេងនិងពិសារទឹកកន្លះកែវមុនចូលគេង៖ ការរៀបចំគ្រែគេងនៅមុនពេលចូលដំណេកឱ្យមានរបៀបរៀបរយ មានក្លិនល្អ ក៏ជាកត្តាសំខាន់ផងដែរ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ កាត់បន្ថយភាពនឿយហត់ គេងលក់បានស្កប់ស្កល់ និងមិនសូវមានបញ្ហាសុខភាព ដូចជាបញ្ហាស្បែក និងដំណកដង្ហើមផងដែរ។

ដោយឡែកពេលខ្លះបញ្ហាគេងមិនលក់ វាអាចបណ្ដាលមកពីបញ្ហាក្រពះពោះវៀនរបស់អ្នក។ ដូច្នេះអ្នកគួរញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ មិនគួរញុាំឱ្យឆ្អែតពេកមុនចូលគេង ព្រមទាំងពិសារទឹកឱ្យបានសមល្មមមុនចូលគេង ព្រោះបើអ្នកពិសារទឹកមិនគ្រប់គ្រាន់ ក្រពះពោះវៀនពិបាករំលាយអាហារ តែប្រសិនបើពិសារទឹកច្រើនពេកក៏វានឹងរំខានដល់ដំណេកផងដែរ។

៤. ស្កេនរាងកាយនិងបេះដូង៖ ចូរប្រើពេលវេលានៅម្នាក់ឯងឱ្យបាន២០នាទីក្នុងមួយថ្ងៃមុនពេលចូលគេង ដើម្បីស្កេនរាងកាយនិងបេះដូង ដើម្បីឆ្លុះបញ្ចាំងនូវអ្វីដែលខ្លួនឯងបានធ្វើ ជាការដាស់ស្មារតីថាខ្លួនឯង ដឹងអំពីចំណុចត្រូវល្អ និងចំណុចដែរគួរបំពេញបន្ថែម។ ទម្លាប់បែបនេះជួយឱ្យអ្នកយល់ពីខ្លួនឯង មានអារម្មណ៍ស្ងប់និង ចេះមើលឃើញពីហេតុនិងផល ព្រមទាំងអាច ពិចារណាបានល្អិតល្អន់ផងដែរ។

៥. ចៀសវាងការរំខានច្រើន៖ ការរំខានដែលកើតចេញភាពយន្តរន្ធត់ បណ្តាញសង្គម កម្មវិធីទូរទស្សន៍ ការលេងហ្គេម ដែលមានភាពរំជើបរំជួលខ្លាំង មុនពេលគេង នឹងធ្វើយើងឱ្យយល់សប្តិរញេរញៃច្រើន ជាហេតុបណ្តាលឱ្យគេងមិនស្កប់។ បន្ថែមពីនេះយើងគួរភ្ញាក់ពីគេងឱ្យទៀងពេលរាល់ថ្ងៃ ទោះបីថ្ងៃឈប់សម្រាកក្តី ដើម្បីជំរុញឱ្យដំណើរការនៃការគេងប្រព្រឹត្តទៅជាប្រក្រតី មានពេលវេលាទៀងទាត់ច្បាស់លាស់។

ជាការពិតណាស់ការគេងមានសារៈសំខាន់បំផុតសម្រាប់សុខភាព ដែលវាជាបញ្ហារបស់មនុស្សភាគច្រើនកំពុងជួបប្រទះមិនថាទាំងចាស់ទាំងក្មេង ហើយប្រសិនបើយើងគេងមិនគ្រប់គ្រាន់ ឬមិនស្កប់ស្កល់នោះវានឹងបណ្ដាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាព ផលិតភាពការងារធ្លាក់ចុះជាក់ជាពុំខាន៕

អត្ថបទដោយ៖ ពីង ជូអេង  

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia