ពីមួយជំនាន់ទៅមួយជំនាន់ យើងតែងឮពាក្យថា “ក្មេងជាក្រដាសស” ក្មេងឆាប់ចាប់បាន ឆាប់ទទួលយកនូវអ្វីដែលមនុស្សចាស់ចម្លងឱ្យ។ យ៉ាងណាមិញតាមការសិក្សាពីអ្នកជំនាញនិងសាកលវិទ្យាល័យល្បីៗបានឱ្យដឹងថាឪពុកម្តាយដែលចិញ្ចឹមកូនតាមទម្លាប់៥យ៉ាងដូចខាងក្រោមនេះ នឹងអាចជួយឱ្យកូនក្លាយជាមនុស្សឆ្លាតនិងឧស្សាហ៍ព្យាយាមពេលពួកគេធំឡើង។
១. តែងបង្រៀនកូនពីជំនាញសង្គម៖ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Pennsylvania State និងសាកលវិទ្យាល័យ Duke បានឱ្យដឹងថា ផ្អែកលើការតាមដានកុមារជាង ៧០០នាក់មកពីទូទាំងសហរដ្ឋអាមេរិករវាងថ្នាក់មត្តេយ្យ និងមនុស្សពេញវ័យដល់អាយុ២៥ឆ្នាំ។
គេបានរកឃើញថាភាពជោគជ័យនៅក្នុងសង្គមរបស់មនុស្សជំទង់ បានកើតឡើងចេញឬសគល់នៃទំនាក់ទំនងជិតស្និតពីជំនាញសង្គម ដែលឪពុកម្តាយបានបង្រៀនពួកគេពីកុមារភាព ដែលជំនាញសង្គមទាំងនោះរួមការចេះជួយអ្នកដទៃ ចេះស្វែងយល់ពីអារម្មណ៍របស់ខ្លួនឯង និងអាចដោះស្រាយបញ្ហាដោយខ្លួនឯងជាដើម។
២. តែងបង្រៀនកូនឱ្យចេះធ្វើការផ្ទះ៖ Julie Lythcott-Haims អតីតព្រឹទ្ធបុរសនិស្សិតនៅសាកលវិទ្យាល័យ Stanford និងជាអ្នកនិពន្ធសៀវភៅ "How to Raise an Adult" បាននិយាយថាប្រសិនបើក្មេងៗមិនធ្វើចេះលានចានទេ មានន័យថាមានអ្នកផ្សេងទៀតកំពុងធ្វើវាសម្រាប់ពួកគេ ដូច្នេះពួកគេនឹងខ្ជិលហើយពួកគេនឹងមិនចេះធ្វើការងារនោះទេ។ចេធចេ។
ដូច្នេះហើយលោក Lythcott-Haims ជឿជាក់ថាក្មេងៗដែលចិញ្ចឹមបីបាច់ថែរក្សាដោយឪពុកម្តាយដែលមានទម្លាប់បង្រៀនកូនឱ្យស្គាល់និងជួយធ្វើកិច្ចការផ្ទះ និងធ្វើឱ្យពួកគេធំឡើងក្លាយជាបុគ្គលដែលមានភាពឧស្សាហ៍ព្យាយាម ចេះសហការគ្នាបានល្អជាមួយមិត្តរួមការងាររបស់ពួកគេនិងមានការយោគយល់អធ្យាស្រ័យខ្ពស់។
៣. តែងបង្រៀនកូនឱ្យចេះធ្វើការសម្រេចចិត្ត៖ យោងតាមអ្នកប្រឹក្សាសុខភាពផ្លូវចិត្ត Laura JJ Dessaer បានឱ្យដឹងថាការដែលមិនបង្រៀនកូនឱ្យអ្នកឱ្យចេះធ្វើការសម្រេចចិត្តដោយខ្លួនឯង ធ្វើឱ្យពួក្លាយទៅជាមនុស្សពេញវ័យដែលរស់នៅពឹងផ្អែកលើអ្នកដទៃខ្លាំង។
ដូច្នេះឪពុកម្តាយដែលតែងបង្រៀនកូនឱ្យចេះធ្វើការសម្រេចចិត្តគ្រប់សកម្មភាពបន្តិចបន្តួចនៅពេលកុមារភាព រួមទាំងសម្លៀកបំពាក់ដែលពួកគេត្រូវស្លៀកពាក់ អាហារដែលត្រូវសម្រេចចិត្តទទួលទានជាដើម។ ហេតុនេះនៅពេលដែលពួកគេពេញវ័យ គេប្រាកដជាចេះស្វែងរកទំនាក់ទំនងដែលចាស់ទុំនិងមានឯករាជ្យភាព។
៤. មិនបន្ទោសពេលកូនធ្វើខុស៖ កូនក្មេងតែងប្រព្រឹត្តិកំហុស មិនថាតិចតួចឬធំដុំនោះទេ ប៉ុន្តែកំហុសខ្លះឪពុកម្តាយបែរជាស្តីបន្ទោសកូនឬអាចឈានដល់ការប្រើអំពើហិង្សាជាដើម ដោយមិនបានប្រាប់អំពីកំហុសឬហេតុផលដែលកូនធ្វើខុសនោះឡើយ ដែលកត្តានេះអាចធ្វើឱ្យកុមារធំឡើងដោយស្ពាយជាប់នូវកំហុសពីកុមារភាពនិងភាពបាក់ស្បាត។
ដូច្នេះឪពុកម្តាយដែលមានទម្លាប់ មិនបន្ទោសឬដាក់បន្ទុកកូន នៅពេលធ្វើខុសហើយជំនួសដោយការណែនាំប្រាប់ពីខុសនិងត្រូវ និងរបៀបកែប្រែ គឺអាចធ្វើឱ្យកុមារធំឡើងក្លាយជាមនុស្សដឹងក្តី ស្គាល់ខុសត្រូវជាងក្មេងដែលទទួលរងការស្តីបន្ទោសពីឪពុកម្តាយ។
៥. តែងធ្វើជាមិត្តភក្តិរបស់កូន៖ ឪពុកម្តាយឬអាណាព្យាបាលតែងប្រើអំណាច ទៅកាន់កូនៗដើម្បីឲ្យពួកគេស្តាប់សម្តីនិងធ្វើតាមការង្គាប់របស់ខ្លួន។ ប៉ុន្តែអាកប្បកិរិយាបែបនេះបាននាំឱ្យកូនមិនហ៊ានស្និតស្នាលនិងប្រាប់ពីបញ្ហាប្រឈមរបស់ពួកគេទៅកាន់ឪពុកម្តាយនោះឡើយ ហើយកត្តាទាំងនេះនឹងធ្វើឱ្យទំនាក់ទំនងកូននិងឪពុកម្តាយឃ្លាតឆ្ងាយ ជាពិសេសនៅពេលពួកគេពេញវ័យគេនឹងអាចក្លាយជាមនុស្សដែលជឿទុកចិត្តអ្នកដទៃជាងគ្រួសារ។
ដូច្នេះឪពុកម្តាយដែលតែងធ្វើជាមិត្តជាមួយកូន នឹងជួយកូនឱ្យមានភាពក្លាហាន ជៀសផុតពីការសេពគប់មិត្តមិនល្អ និងទំនាក់ទំនងអវិជ្ជមានជាដើម។
ជាការពិតណាស់ឪពុកម្ដាយគួរតែដឹងអំពីឥទ្ធិពលរបស់ខ្លួនទៅលើកូនៗ ព្រោះពួកគេមើលមកអ្នកមុននរណាទាំងអស់ ទំនាក់ទំនងនេះមានភាពប៉ះពាល់ខ្លាំង ទាំងល្អនិងមិនល្អ ទៅលើការអភិវឌ្ឍន៍ផ្លូវចិត្ត ផ្លូវកាយ សង្គម និងផ្លូវចិត្តរបស់កុមារ ក៏ដូចជាសុភមង្គលរបស់ពួកគេផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង